Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនទេសចរណ៍ធំបំផុតរបស់ចិន ប្រកាសចំណាយថវិកាសរុប១ពាន់លានយ៉ន់ ដើម្បីលើកទឹកចិត្តឱ្យបុគ្គលិកយកកូន

Media LNN | Jun 30, 2023
ក្រុមហ៊ុនទេសចរណ៍ធំបំផុតរបស់ចិន ប្រកាសចំណាយថវិកាសរុប១ពាន់លានយ៉ន់ ដើម្បីលើកទឹកចិត្តឱ្យបុគ្គលិកយកកូន
Clinic narith

(ប៉េកាំង)៖ ក្រុមហ៊ុនទេសចរណ៍ចិន Trip.com Group នាថ្ងៃសុក្រនេះ បានប្រកាសថា ខ្លួននឹងផ្តល់ប្រាក់៥០,០០០យ៉ន់ (៦,៨៩៧ដុល្លារ) ដល់បុគ្គលិកសម្រាប់កូនម្នាក់ៗ ដែលពួកគេមាន គិតចាប់ថ្ងៃទី១ ខែកក្កដាតទៅ ខណៈវាគឺជាយុទ្ធនាការដំបូងបំផុត ធ្វើឡើងក្រុមហ៊ុនឯកជនធំមួយនៅប្រទេសចិន ស្របពេលដែលប្រទេសអាស៉ីមួយនេះ កំពុងប្រឈមនឹងចំនួនប្រជាជន ដែលមានវ័យចំណាស់ភាគច្រើន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣។

ក្រុមហ៊ុនខាងលើ ដែលជាភ្នាក់ងារទេសចរណ៍អនឡាញធំបំផុតមួយលើពិភពលោក និងធំបំផុតប្រចាំប្រទេសចិន ជាមួយអ្នកប្រើប្រាស់សរុប ៤០០លាននាក់ បាននិយាយថា ក្រុមហ៊ុននឹងឧបត្ថម្ភថវិកាសម្រាប់បុគ្គលិកដែលជាឪពុក-ម្តាយ ក្នុងចំនួន១០,០០០យ៉ន់ ជារៀងរាល់ឆ្នាំ សម្រាប់រយៈពេល៥ឆ្នាំ សម្រាប់កូនម្នាក់ៗរបស់បុគ្គលិកខ្លួន នៅជុំវិញពិភពលោក ដែលកើតក្រោយយុទ្ធនាការនេះចាប់ផ្តើម។ យោងតាម​ការវាយតម្លៃរបស់ក្រុមហ៊ុន Trip.com Group កម្មវិធីផ្តល់ថវិកាលើកទឹកចិត្តនេះ នឹងត្រូវចំណាយប្រាក់សរុប ១ពាន់លានយ៉ន់ ស្មើ​នឹងខ្ទង់១៣៨លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា កាលពីចន្លោះឆ្នាំ១៩៨០ ដល់ឆ្នាំ២០១៥ ប្រទេសចិនបានអនុវត្តគោលនយោបាយ ដែលអនុញ្ញាតឱ្យប្រជាជន អាចមានកូន​តែម្នាក់ប៉ុណ្ណោះក្នុងមួយគ្រួសារ។ កាលពីឆ្នាំ២០២១ អាជ្ញាធរចិនបាននិយាយថា ប្តីប្រពន្ធអាចមានកូនបានរហូតដល់៣នាក់ ក៏ប៉ុន្តែសូម្បី​អំលុងឆ្នាំនៃការបិទខ្ទប់ប្រទេសដោយសារកូវីដ១៩ ក៏ដោយ ប្រជាជនចិនភាគច្រើននៅតែស្ទាក់ស្ទើរក្នុងការយកកូន ដោយពួកគេបានលើក​ពីហេតុផលផ្សេងៗ ដូចជាការចំណាយខ្ពស់ទៅលើការថែទាំកូននិងការអប់រំ ជាដើម។ អត្រាកំណើតនៅក្នុងប្រទេសចិន កាលពីឆ្នាំ២០២២ បានបន្តធ្លាក់ចុះដល់កម្រិត៦.៧៧កំណើត ក្នុងចំណោមប្រជាជន១,០០០នាក់ ធៀបនឹងនឹងអត្រា៧.៥២កំណើត កាលពីឆ្នាំ២០២១ ដែលជាកម្រិតទាបបំផុតក្នុងកំណត់ត្រា៕