Alynana Media Cambodia
Icon Collap
clinic narit

រាជ​រដ្ឋាភិបា​លកំ​ពុង​បន្តសិក្សាបន្ថែមផ្លូវរ​ថ​ភ្លើងក្រាមដីនិ​ង​រថភ្លើងធុ​នស្រាល

Media LNN | Jul 03, 2023
រាជ​រដ្ឋាភិបា​លកំ​ពុង​បន្តសិក្សាបន្ថែមផ្លូវរ​ថ​ភ្លើងក្រាមដីនិ​ង​រថភ្លើងធុ​នស្រាល
Clinic narith

លោកស៊ុនចាន់ថុលទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថារាជរដ្ឋាភិបាលកំពុងបន្តសិក្សាបន្ថែមផ្លូវរថភ្លើងក្រាមដីនិងរថភ្លើងធុនស្រាលភ្ជាប់ពីរាជធានីភ្នំពេញទៅអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅនិងផ្សារទំនើបអ៊ីអនមានជ័យខណៈដែលគម្រោងផ្លូវ រថភ្លើងលើអាកាសនិងក្រោមដីក្នុងរាជធានីភ្នំពេញត្រូវបានសិក្សាចប់សព្វគ្រប់ហើយ។ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈផ្សារទំនើបអ៊ីអនម៉ល មានជ័យ កាលពីពេលថ្មីកន្លងទៅលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ថា គម្រោងផ្លូវរថភ្លើងលើអាកាសនិង ក្រោមដីត្រូវបានសិក្សាចប់សព្វគ្រប់ហើយ នៅឡើយតែការរង់ចាំក្រុមហ៊ុនមកបណ្តាក់ទុន ក្នុងការអភិវឌ្ឍ តែប៉ុណ្ណោះ ដើម្បីរួមចំណែកជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ ក៏ដូចជាជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។លោកស៊ុន ចាន់ថុល បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងសិក្សាគម្រោងផ្លូវរថភ្លើង ធុនស្រាលភ្ជាប់ពីរាជធានីភ្នំពេញ​ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ តេជោក្រុងតាខ្មៅមួយខ្សែទៀត និង ផ្សារទំនើប ដោយរំពឹងបញ្ចប់ការសិក្សានៅដំណាច់ឆ្នាំនេះ។  « ផ្លូវរទេះភ្លើងក្រាមដី យើងបានសិក្សាចប់សព្វគ្រប់ហើយនៅក្នុងរាជធានីភ្នំពេញ ហើយពីដើម គេហៅថាAGT របស់ជប៉ុន គឺធ្វើទៅព្រលានយន្តហោះចាស់របស់យើង ប៉ុន្តែដោយសារយើងប្តូរទៅ ព្រលានយន្តហោះថ្មី ក៏យើងត្រូវកែផងដែរ។ ដូច្នេះយើងកំពុងសិក្សាបន្ថែមក្រៅពីរាជធានីភ្នំពេញ តើមាន ផ្លូវរទេះភ្លើងធុនស្រាលដែលតភ្ជាប់ពីរាជធានីភ្នំពេញមកព្រលានយន្តហោះថ្មីរបស់យើងនេះ ហើយពេលមកពីព្រលានយន្តហោះតើអាចឈប់នៅកន្លែងណាខ្លះបានទៀត បើសិនយើងអាចឈប់នៅផ្សារទំនើប អ៊ីអនមានជ័យបានយើងឈប់។ អ៊ីចឹងយើងកំពុងសិក្សាបន្ថែម ព្រោះក្នុងក្រុងភ្នំពេញមានហើយ ។ប៉ុន្តែដល់ ឥឡូវមានផ្សារទំនើប មានព្រលានយន្តហោះថ្មីយើងត្រូវគិតគូរកន្លែងឈប់ ស្ថានីយថ្មីរបស់យើង ផងដែរ។ អ៊ីចឹងកំពុងសិក្សាជាមួយអ្នកវិនិយោគដែលលោកកំពុងគិតពិចារណាអំពីការដាក់ទុនលើការរៀបចំផ្លូវរទេះភ្លើងក្រាមដីនិងរទេះភ្លើងធុនស្រាលតភ្ជាប់ទៅព្រលានយន្តហោះថ្មីរបស់យើង ហើយឈប់នៅ ទីតាំង មួយចំនួន »។ គួរកត់សម្គាល់ថាប្រសិនបើគម្រោងទាំងនេះមានការចូលរួមវិនិយោគពីក្រុមហ៊ុនឯកជនពិតប្រាកដ មែននោះ វានឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់មុខមាត់ទីក្រុងភ្នំពេញ បានមួយ កម្រិតធំ និងឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ៕វិទ្យុជាតិ/AKP