Alynana Media Cambodia
Icon Collap
clinic narit

អ្នកជំនាញថៃព្រមានថា ភាពចលាចលខាងនយោបាយអាចបំផ្លាញការស្តារវិស័យទេសចរណ៍ឡើងវិញ

Media LNN | Jul 03, 2023
អ្នកជំនាញថៃព្រមានថា ភាពចលាចលខាងនយោបាយអាចបំផ្លាញការស្តារវិស័យទេសចរណ៍ឡើងវិញ
Clinic narith

ក្រុមប្រឹក្សាទេសចរណ៍ថៃបាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលថ្មីគួរតែត្រូវបានបង្កើតឡើងយ៉ាងឆាប់រហ័ស ដើម្បីការពារការតវ៉ាដែលបង្កឡើងដោយជម្លោះនយោបាយ ដែលអាចធ្វើឱ្យខូចខាតដល់ការងើបឡើងវិញដ៏ផុយស្រួយនៃឧស្សាហកម្មទេសចរណ៍។ នាឆ្នាំ២០២៣ ប្រទេសរាជាណាចក្រនេះ រំពឹងថាអាចទទួលបានភ្ញៀវទេសចរបរទេស ៣០ លាននាក់ ប៉ុន្តែពេលនេះភ្ញៀវដែលបានមកដល់គឺត្រឹមតែជាង ១២,៨ លាននាក់ប៉ុណ្ណោះ។លោក ចំណាន ស្រ៊ីសាវាត (Chamnan Srisawat) ប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃ បាននិយាយថា ឧស្សាហកម្មទេសចរណ៍ទើបតែបានស្ដារឡើងវិញពីជំងឺរាតត្បាតនាពេលថ្មីៗនេះ ហើយមិនទាន់មានភាពរឹងមាំនៅឡើយ ដូចនេះភាពចលាចលនយោបាយ និងការតវ៉ាណាមួយដែលអាចកើតមានឡើងនឹងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មទេសចរណ៍ ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេស។

លោកបានធ្វើសេចក្តីថ្លែងការណ៍នេះ មុនពេលជួបជាមួយលោក ភីថា លីមចារឿនរ៉ាត់ ( Pita Limjaroenrat) មេដឹកនាំគណបក្សឆ្ពោះទៅមុខ ដែលជាបេក្ខជននាយករដ្ឋមន្ត្រីនៃសម្ព័ន្ធភាពប្រាំបីគណបក្ស។

ពាក់ព័ន្ធនឹងបញ្ហានេះអ្នកស្រាវជ្រាវមួយចំនួនបានព្រមានថា បាតុកម្មដ៏ធំអាចនឹងកើតឡើង ប្រសិនបើលោក ភីថា បរាជ័យក្នុងការក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ។

គណបក្សរបស់លោក ភីថា ពិតជាបានឈ្នះអាសនៈច្រើនជាងគេនៅក្នុងសភាតំណាងរាស្ត្រនៅក្នុងការបោះឆ្នោតថ្ងៃទី ១៤ ខែឧសភា ប៉ុន្តែលោកកំពុងតែប្រឈមមុខនឹងកង្វះការគាំទ្រពីសមាជិកព្រឹទ្ធសភាដែលតែងតាំងដោយរបបយោធាក្រោយរដ្ឋប្រហារ។លោក ចំណាន បាននិយាយថា ក្រុមប្រឹក្សារបស់លោកត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយរដ្ឋាភិបាលថ្មី ហើយបានជំរុញឱ្យរដ្ឋាភិបាលថ្មី អនុវត្តគោលនយោបាយទេសចរណ៍ដើម្បីជួយម្ចាស់អាជីវកម្មខ្នាតតូច។

លោកក៏បានអំពាវនាវឱ្យអាជ្ញាធររៀបចំនូវប្រព័ន្ធទិដ្ឋាការដ៏សាមញ្ញ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ភ្ញៀវទេសចរបរទេសចូលមកក្នុងប្រទេសថៃ ជាពិសេសសម្រាប់ជនជាតិចិន ដោយនិយាយថា ពួកគេអាចបង្កើនប្រាក់ចំណូលបានច្រើនពីទេសចរណ៍នៅក្នុងត្រីមាសទីបី។

លោកបានបន្តថា ភ្ញៀវទេសចរបរទេសជាង ២ លាននាក់បានមកដល់ប្រទេសថៃក្នុងមួយខែចាប់តាំងពីខែធ្នូឆ្នាំមុនមក ហើយមកទល់ពេលនេះ ភ្ញៀវទេសចរបរទេសចំនួន ១២,៨ លាននាក់ បានមកដល់ ពោលគឺតិចជាងគោលដៅចំនួន ១៣ លាននាក់។

ពេញមួយឆ្នាំ២០២៣ នេះ ថៃរំពឹងថា នឹងអាចមានលទ្ធភាពទាក់ទាញភ្ញៀវទេសចរបរទេសសរុបចំនួន ៣០ លាននាក់។

លោកស្រី ផាកាគ្រុង ថេផារ៉ាក (Pakakrong Theparak) សាស្ត្រាចារ្យនៅសាកលវិទ្យាល័យបច្ចេកវិទ្យា ស្រ៊ីវីចាយ៉ា រ៉ាចាម៉ានហ្គាឡា (Rajamangala University of Technology Srivijaya) បាននិយាយថា ទំនុកចិត្តបានធ្លាក់ចុះក្នុងចំណោមប្រតិបត្តិករនៃអាជីវកម្មទេសចរណ៍អំឡុងត្រីមាសទីពីរ ប៉ុន្តែត្រូវបានគេរំពឹងថានឹងងើបឡើងវិញនៅក្នុងត្រីមាសទីបី។

លោកស្រីបាននិយាយថា ឧស្សាហកម្មទេសចរណ៍ថៃបានងើបឡើងវិញប្រហែល ៦០% បើធៀបនឹងកម្រិតមុនការរាតត្បាតជំងឺកូវីដ-១៩។

លោកស្រីបានព្យាករណ៍ថា ចំនួនភ្ញៀវទេសចរបរទេសដែលមកទស្សនាប្រទេសថៃនៅឆ្នាំនេះនឹងមានចំនួនត្រឹមប្រហែល ២៩ លាននាក់ ទាបជាងគោលដៅ ៣០ លាននាក់បន្តិច ដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះនៅអឺរ៉ុប និងនៅអាមេរិកខាងជើង ហើយប្រាក់យ៉េនជប៉ុនធ្លាក់ចុះ៕