នៅទីបំផុត ឡានហោះប្រើថាមពលអគ្គិសនីរបស់ក្រុមហ៊ុន Alef Aeronautics តម្លៃប្រហែល ៣០ ម៉ឺនដុល្លារ ត្រូវបានអនុញ្ញាតឲ្យសាកល្បងជាផ្លូវការហើយ ខណៈគោលបំណងរបស់ក្រុមហ៊ុន គឺដើម្បីសម្រួលការធ្វើដំណើររបស់មនុស្ស ។
ទន្ទឹមនោះ ឡាននេះអាចហោះឡើងបានទាំងបញ្ឈរ និងផ្ដេក ហើយវាមានសមត្ថភាពអាចផ្ទុកបានមនុស្សតែ ២ នាក់ប៉ុណ្ណោះ ហើយឡាននេះអាចធ្វើដំណើរលើផ្លូវថ្នល់បាន ៣២១ គីឡូម៉ែត្រ និងលើអាកាសបាន ១១៧ គីឡូម៉ែត្រ បន្ទាប់ពីសាកថ្មពេញ ។ដោយឡែកសម្រាប់អ្នកចង់ទិញឡានហោះរបស់ក្រុមហ៊ុន Alef មានជម្រើស ២ គឺទី១ កក់ប្រាក់ចំនួន ១៥០ ដុល្លារដើម្បីធ្វើការរង់ចាំ និងកក់ប្រាក់ ១,៥០០ ដុល្លារដើម្បីទទួលបានសិទ្ធិអាទិភាពជាងគេក្នុងការទទួលបានរថយន្តមុន ។
យ៉ាងណាអតិថិជនត្រូវរង់ចាំដល់ឆ្នាំ ២០២៥ សិន ទើបពួកគេអាចទទួលឡានហោះនោះបាន ខណៈមនុស្សប្រហែល ៤៤០ នាក់បានបង់ប្រាក់បញ្ញើមួយចំនួនរួចហើយក្នុងរយៈពេល ៣ ខែចុងក្រោយកាលពីឆ្នាំ ២០២២ ដើម្បីទិញឡានហោះមួយនេះ ៕