ភ្ញៀវទេសចរក្នុងស្រុក បានចេញដំណើរកម្សាន្តនៅទូទាំងប្រទេសសរុប ១១.១លាននាក់ រយៈពេល ៦ខែ ឆ្នាំ ២០២៣ កើនឡើងប្រមាណ ៧៥% បើធៀបនឹងឆ្នាំ ២០២២។ នេះបើតាមក្រសួងទេសចរណ៍។ដោយឡែក គិតត្រឹមសប្ដាហ៍ចុងខែមិថុនា និងដើមខែកក្កដា ភ្ញៀវទេសចរចេញដើរលេងជាង៣០ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិ ២៧៣,០៥៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៣,៤៦៩នាក់។
បើតាមក្រសួងទេសចរណ៍ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៦៥,៨៧២នាក់, ខេត្តបាត់ដំបង ៤២,៤៧៣នាក់, ខេត្តសៀមរាប ៣១,៦៣៤នាក់, រាជធានីភ្នំពេញ ៣១,៤២៤នាក់, ខេត្តកំពត ២៨,៨៥១នាក់, ខេត្តកំពង់ស្ពឺ ១៥,០៤៩នាក់ និងខេត្តកែប ១២,៣២៦នាក់។
ទន្ទឹមនឹងនេះ ទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជា មានប្រមាណ ២.៥៧លាននាក់ កើនឡើង ៤០៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ ក្នុងនោះ ផ្លូវអាកាសមានចំនួន ៩១ម៉ឺននាក់ កើនឡើង ២៧៩% ផ្លូវគោកមានចំនួន ១.៦៣លាននាក់ កើនឡើង ៥២៦% និងផ្លូវទឹកមានចំនួន ៣ម៉ឺននាក់ កើនឡើង ៥៨៦%។ នេះបើតាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍៕