ជន្លេន ជាល្មូនមួយប្រភេទ រស់នៅក្នុងដី រវើកៗគួរឱ្យញញើត និងខ្ពើមរអើមសម្រាប់មនុស្សមួយចំនួន តែសត្វជន្លេន គឺជាសត្វមួយប្រភេទដែលមានប្រយោជន៍ជាច្រើន ចំពោះការចិញ្ចឹមសត្វ ហើយគេអាចចិញ្ចឹមវាសម្រាប់យកធ្វើជាជីដាំដំណាំផ្សេងៗផងដែរ។
លោក គីម នីដូ ជាស្ថាបនិកក្រុមហ៊ុន Twin Agri Tech ដែលកែច្នៃជន្លេនទៅជាជីធម្មជាតិ បានឱ្យដឹងថា មុខរបរចិញ្ចឹមជន្លនរបស់ខ្លួន មិនត្រឹមតែអាចជួយផ្គត់ផ្គង់ជីធម្មជាតិដល់វិស័យកសិកម្មប៉ុណ្ណោះទេ តែវាក៏ជាផ្នែកមួយជួយកាត់បន្ថយសំណល់ផ្ទះបាយតាមផ្សារមួយចំនួនក្នុងក្រុងភ្នំពេញ។
លោក គីម នីដូ បានរៀបរាប់ឱ្យដឹងថា ការចាប់ផ្តើមចិញ្ចឹមជន្លេននេះ គឺដោយសារតែលោកចង់ធ្វើរួមចំណែកកាត់បន្ថយសំណល់ចេញពីទីក្រុងឱ្យអស់ និងកាត់បន្ថយភាពស្អុយតាមដងផ្លូវ ដោយការប្រមួលសំណល់ ពីជម្ពូវ័ន្ដ ប្រមូលជារៀងរាល់ថ្ងៃ បន្ទាប់មកផ្សារផ្សេងៗ យកមកធ្វើជាជីកំប៉ុសផង និងធ្វើជាចំណីជន្លេនផង។