ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០២៤ ត្រូវបានព្យាករថា នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦% ដោយសារការរំពឹងទុកការត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញនៃតម្រូវការខាងក្រៅ និងការងើបឡើងវិញនៃទំនុកចិត្តវិនិយោគ និងពាណិជ្ជកម្ម ស្របពេលដែលសកម្មភាពធុរកិច្ចក្នុងស្រុក នៅបន្តរក្សាបាននូវនិន្នាការកំណើនល្អជាវិជ្ជមាន ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុ និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤, ជុំវិញវិស័យសេដ្ឋកិច្ច ក្នុងឆ្នាំ ២០២៣ នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានឡើងវិញថា នឹងសម្រេចបានកំណើនក្នុងអត្រា ៥,៦%, ដោយអនុវិស័យគាំទ្រកំណើនមានការប្រែប្រួល បើធៀបនឹងការរំពឹងទុកកាលពីដើមឆ្នាំ ។ ចំណែកសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ វិញ ត្រូវបានព្យាករថា នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦% ស្របពេលការអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ ។
ទន្ទឹមនេះ, ការបន្តអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២១-២០៣០ និងការដាក់ពង្រាយអ្នកជំនាញកសិកម្ម នៅគ្រប់ឃុំទូទាំងប្រទេស ដើម្បីជួយប្រជាកសិករ នឹងជួយជំរុញកំណើន ជារួម តាមរយៈការធ្វើទំនើបកម្មកសិកម្មកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង, បរិយាបន្ន និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។
ចំណែកវិស័យឧស្សាហកម្ម ក្នុងឆ្នាំ ២០២៣ នេះ រាជរដ្ឋាភិបាលរំពឹងថា នឹងសម្រេចបានកំណើន ៥,០% ដោយសារការថមថយកំណើនអនុវិស័យកាត់ដេរ និងការបន្តកំណើនទាបនៃអនុវិស័យសំណង់ ខណៈដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនល្អប្រសើរ ។ សម្រាប់ឆ្នាំ ២០២៤ វិញ, វិស័យឧស្សាហកម្មនេះ ត្រូវបានព្យាករថា សម្រេចបានកំណើនក្នុងអត្រា ៨,៥% ទ្រទ្រង់ដោយកំណើនល្អប្រសើរនៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈដែលអនុវិស័យសំណង់បន្តសម្រេចបានកំណើនទាបជាងនិន្នាការមុនវិបត្តិជំងឺកូវីដ-១៩ ។
ដោយឡែកវិស័យសេវាកម្មវិញ ត្រូវបានព្យាករថា នឹងបន្តនិន្នាការកើនឡើង ក្នុងអត្រា ៨,១% ក្នុងឆ្នាំ ២០២៣ និង ៦,៩% ក្នុងឆ្នាំ ២០២៤ ដោយការបន្តកើនឡើងនូវសកម្មភាពក្នុងអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងសេវាកម្មគាំទ្រផ្សេងទៀតដូចជា អនុវិស័យលក់ដុំ-រាយ និងអនុវិស័យដឹកជញ្ចូន និងគមនាគមន៍ ខណៈដែលអនុវិស័យអចលនទ្រព្យរំពឹងថា នៅបន្តសម្រេចបានកំណើនទាបជាងនិន្នាការធម្មតា៕