ក្រុមហ៊ុនផលិត រថ យន្ត ចិន ហ្គ្រិត វ៉ល ម៉ូទ័រ (Great Wall Motor) បាននិយាយកាលពី សប្តាហ៍ មុន ថា ក្រុម ហ៊ុន នេះ នឹង ហក់ ចូល ក្នុង ទីផ្សារ ប្រទេស វៀតណាម នាខែសីហា ខាង មុខ ដោយនាំ រថ យន្តប្រភេទ កូនកាត់ថ្មី ទំនើប ម៉ាក ហាវ៉ល អេក ៦ (Haval H6) ទៅលក់នៅទីនោះ។ ទន្ទឹមនឹងនេះ ផែនការ ការសាងសង់រោងចក្រដំឡើងរថយន្តប្រើថាមពលថ្មីនៅក្នុងប្រទេសវៀតណាម ក៏នឹង ត្រូវ ចាប់ ផ្ដើម នៅ ឆ្នាំ ២០២៥ ផង ដែរ ។ នេះ បើតាម ការ ចេញ ផ្សាយ របស់ សារ ព័ត៌ មាន នីកេអេស៊ា ។ក្រុមហ៊ុនផលិតរថយន្ត ហ្គ្រិត វ៉ល មានមូលដ្ឋាននៅខេត្តហេប៉ី (Hebei) ប្រទេស ចិន បាន និយាយ កាលពីមុន ថា រថ យន្តម៉ាក Haval H6s នឹងត្រូវ នាំចេញ ពី រោងចក្រផលិតរបស់ ខ្លួន នៅ ខេត្ត រ៉ាយ៉ង (Rayong) ប្រទេសថៃ ទៅកាន់ ប្រទេសវៀតណាម នៅ ខែ ក្រោយ នេះ ។ វៀតណាម គឺជាទីផ្សាររថយន្តធំជាងគេទីបួននៅក្នុងតំបន់អាស៊ាន បន្ទាប់ពី ប្រទេស ឥណ្ឌូនេស៊ី ថៃ និង ម៉ាឡេស៊ី ។ នេះបើ តាមស្ថិតិ លក់រថយន្ត ដឹកអ្នកដំណើរក្នុង ឆ្នាំ ២០២២ ដែល ចេញ ផ្សាយដោយ សហព័ន្ធ យាន យន្ត អាស៊ាន ។
រោងចក្រនៅ តំបន់ រ៉ាយ៉ង របស់ ក្រុមហ៊ុនផលិតរថយន្តចិន នេះ បានចាប់ផ្តើមប្រតិបត្តិការ នៅ ក្នុង ខែ មិថុនា ឆ្នាំ២០២១ និង ផលិតរថយន្ត ប្រភេទ កូន កាត់ Haval H6 និង ហាវ៉ល ចូលៀន (Haval Jolion) ។ ក្រុមហ៊ុន ហ្គ្រិត វ៉ល បាននិយាយនៅពេលនោះថា រថយន្ត ដែល ដំឡើង នៅក្នុងរោងចក្រ នេះប្រហែល ៦០ % បាន លក់នៅក្នុងប្រទេសថៃ ចំណែក ៤០ % ទៀត នាំចេញទៅក្រៅប្រទេស ។អ្នកតំណាង ក្រុមហ៊ុន ហ្គ្រិត វ៉ល ម្នាក់ បាន ប្រាប់ ប្រព័ន្ធផ្សព្វផ្សាយ ខៃ ស៊ីន (Caixin) របស់ចិនថា ក្រុមហ៊ុន ខ្លួន កំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលថៃ និងអ្នកផ្គត់ផ្គង់សំខាន់ៗ អំ ពីផែន ការ របស់ខ្លួន ក្នុងការចាប់ផ្តើមផលិតរថយន្តអគ្គិសនីទាំងស្រុង (EVs) នៅក្នុងប្រទេស ថៃ នៅ ឆ្នាំ ២០២៥ ។ ក្រុមហ៊ុន នេះ សង្ឃឹមថា នឹង អាច ប្រែក្លាយប្រទេសថៃ ឱ្យ ទៅជាមជ្ឈ មណ្ឌល ផលិត អគ្គិសនីរបស់ខ្លួន ប្រចាំ តំបន់ អាស៊ីអាគ្នេយ៍។
កាលពីមុន ក្រុមហ៊ុនផលិតអាគុយលីចូម-អ៊ីយ៉ុង SVOLT Energy Technology ដែលបំបែក ចេញ ពីក្រុមហ៊ុន Great Wall Motor ក្នុងឆ្នាំ២០១៨ បាន ប្រាប់ អង្គភាព Caixin ថា ខ្លួន មាន គម្រោង សាងសង់រោងចក្រនៅប្រទេសថៃ ដើម្បីផលិតប្រអប់ អាគុយ ។
ការឆ្ពោះទៅទី ផ្សារ នៅ វៀតណាម គឺជាកិច្ចប្រឹងប្រែងចុងក្រោយបង្អស់របស់ក្រុមហ៊ុន Great Wall Motor ដើម្បីលូ ក ចូល ឱ្យ កាន់តែជ្រៅនៅ ក្នុងតំបន់ អាស៊ីអាគ្នេយ៍។ បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្ត ហ្គ្រិត វ៉ល មានវត្តមាន នៅក្នុងប្រទេសថៃ ម៉ាឡេស៊ី ឡាវ កម្ពុជា ហ្វីលីពីន និង ប្រ៊ុយណេ ហើយមានគម្រោងពង្រីកទៅកាន់តំបន់អាស៊ាននៅសិង្ហបុរី និងឥណ្ឌូនេស៊ីថែមទៀត។
ក្រុមហ៊ុន Great Wall Motor បានពង្រីកខ្លួនយ៉ាងឆាប់រហ័សក្នុងទីផ្សារនៅ ប្រទេសថៃ បន្ទាប់ ពីបាន ដំណើរការជាផ្លូវការ នៅឆ្នាំ ២០២១ ហើយ ក្រុម ហ៊ុន នេះ បានលក់រថយន្ត ចំនួន ជាង ១ ម៉ឺន ១ ពាន់ គ្រឿង ក្នុងប្រទេសថៃនៅ ឆ្នាំ ២០២២ ពោលគឺកើនឡើង ២១៤ % បើ ធៀប នឹង ឆ្នាំ ២០២១ ។ នេះបើតាមតួលេខដែលបានចេញផ្សាយនៅក្នុងខែមករា៕