ចិន៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសជប៉ុន លោកវូចាងហោវ (Wu Jianghao) បានជំរុញដល់រដ្ឋធានីតូក្យូ ឱ្យផ្អាកការធ្វើប្រព្រឹត្តិកម្មបញ្ចេញទឹកកខ្វក់ចេញពីរោងចក្រហ៊្វូគូស៊ីម៉ាចូលក្នុងមហាសាគរ (មហាសមុទ្រ) នេះបើយោងតាមការចេញផ្សាយដោយទូរទស្សន៍រដ្ឋចិន (CCTV) កាលពីថ្ងៃអង្គារម្សិលមិញ ភ្លាមៗមុនពេលទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ឬហៅកាត់ថា (IAEA) ចេញការវិនិច្ឆ័យចំពោះគម្រោងរបស់ប្រទេសជប៉ុន ។
នៅថ្ងៃអង្គារដដែលនេះ បន្ទាប់ពីការពិនិត្យឡើងវិញរយៈពេលពីរឆ្នាំ ទីភ្នាក់ងារ (IAEA) បានបង្ហាញការឯកភាពចំពោះគម្រោងធ្វើប្រព្រឹត្តិកម្មបញ្ចេញទឹកកខ្វក់របស់ប្រទេសជប៉ុន ដោយភ្នាក់ងារនៃអ្នកឃ្លាំមើលបរិមាណូរបស់អង្គការសហប្រជាជាតិ បានលើកឡើងថា ទឹកកខ្វក់លាយសារធាតុវិទ្យុសកម្មចេញពីរោងចក្រហ៊្វូគូស៊ីម៉ារបស់ប្រទេសជប៉ុន គឺស្របទៅតាមបទដ្ឋានសុវត្ថិភាពសកល ។
គួរបញ្ជាក់ថា បរិមាណទឹកកខ្វក់របស់រោងចក្រហ្វ៊ូគូស៊ីម៉ា អាចចាក់បំពេញក្នុងអាងទឹកខ្នាតអូឡាំពិករហូតដល់ ៥០០អាងឯណោះ ខណៈរដ្ឋាភិបាលជប៉ុនបានបន្តរក្សាដំណើរការនេះឱ្យមានសុវត្ថិភាព បន្ទាប់ពីរោងចក្រទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារតែគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិក្នុងឆ្នាំ២០១១ ។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការឯកភាពរវាងទីភ្នាក់ងារ (IAEA) ជាមួយប្រទេសជប៉ុន រដ្ឋធានីប៉េកាំងឯណេះវិញ បានបង្ហាញការជំទាស់ជាខ្លាំងផងដែរ ហើយទីក្រុងប៉េកាំង តាមរយៈស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសជប៉ុន បានលើកឡើងបន្ថែមទៀតថា របាយការណ៍របស់ភ្នាក់ងារ (IAEA) មិនគួរ “ឯកភាព” ទៅលើគម្រោងធ្វើប្រព្រឹត្តិកម្មបញ្ចេញទឹកកខ្វក់ចូលទៅក្នុងមហាសមុទ្រឡើយ ៕