Alynana Media Cambodia
Icon Collap
clinic narit

ធនាគារជាតិ ថៃ រៀបចំផែនការចំនួន ៣ ដើម្បីសម្រួលបន្ទុកបំណុលជូន​ប្រជាពលរដ្ឋ

Media LNN | Jul 05, 2023
ធនាគារជាតិ ថៃ រៀបចំផែនការចំនួន ៣ ដើម្បីសម្រួលបន្ទុកបំណុលជូន​ប្រជាពលរដ្ឋ
Clinic narith

ធនាគារជាតិថៃបានបញ្ចេញគោលការណ៍ចំនួន ៣ ​ក្នុងគោលបំណងកាត់បន្ថយបំណុល ក៏ដូចជាជួយសម្រួលបន្ទុកដល់ក្រុមគ្រួសារ និងអថិតិជនឲ្យចេញពីវដ្តបំណុលលឿនជាងមុន ។គោលការណ៍ទាំង ៣ ដែលធនាគារជាតិថៃដាក់ចេញនោះរួមមាន ការផ្តល់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវ ប្រាប់ពីហានិភ័យនៃប្រាក់កម្ចី និងគោលនយោបាយប្រុងប្រយ័ត្នលើប្រាក់កម្ចីខ្ពស់ជាដើម ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកស្រី​ Suwannee Jatsadasak ជំនួយការទេសាភិបាលធនាគារជាតិបាននិយាយថា និយតករនឹងបើកកិច្ចប្រជុំជាសាធារណៈលើគោលការណ៍ណែនាំទាំង ៣ នេះ ហើយក្រោមគោលការណ៍នេះ ធនាគារជាតិនឹងលើកទឹកចិត្តដល់ស្ថាប័នហិរញ្ញវត្ថុដើម្បីកាត់បន្ថយបំណុលជាប់លាប់ក្នុងគ្រួសារថៃ ជាពិសេសកម្ចីបង្វិល ដោយ​មិនចង់ឃើញគ្រួសារថៃ​ស្ថិតក្នុងរង្វង់បំណុលរយៈពេលយូរ ព្រោះតែវដ្តបំណុលវែងនោះទេ ដោយវានឹងធ្វើឲ្យអ្នក​ប្រើ​ប្រាស់​អាច​​ទទួល​បន្ទុក​ការ​ប្រាក់​កាន់តែច្រើន ​​បើ​ធៀប​នឹង​កម្ចី​គោល ។បច្ចុប្បន្ន បំណុលនៃគ្រួសារសរុបរបស់ថៃមានស្ទើរតែ ១០០ ភាគរយ​ទៅហើយ គឺស្ថិតនៅក្រោមការគ្រប់គ្រង ឬត្រួតពិនិត្យរបស់ធនាគារជាតិ បន្ទាប់ពីនិយតករកំណត់បំណុលឡើងវិញ ។

បន្ទាប់ពីការកំណត់ឡើងវិញនេះហើយ បរិមាណបំណុលគ្រួសារថៃនៅក្នុងត្រីមាសទី ១ នៃឆ្នាំនេះ បានកើនឡើងដល់ប្រហែលជាង​ ៤៥៧ ពាន់លានដុល្លារ ឬស្មើនឹង ៩០.៦ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) បើធៀបនឹង ៨៦.៣ ភាគរយនៅក្នុងត្រីមាសទី ៤ នៃឆ្នាំមុន ។ទោះជាយ៉ាងណាក៏ដោយ និន្នាការកើនឡើងនៃអត្រាការប្រាក់នេះ នឹងមិនជះឥទ្ធិពលខ្លាំងក្លាដល់អ្នកខ្ចីលក់រាយនោះទេ ដោយសារការកើនឡើងនៃអត្រាប្រាក់កម្ចី មានកម្រិតទាបជាងការដំឡើងអត្រាការប្រាក់ ហើយប្រសិនបើអត្រាគោលនយោបាយកើនឡើង ១ ភាគរយ នោះអត្រាលក់រាយអប្បបរមារបស់ធនាគារជាតិ នឹងកើនឡើងជាមធ្យម ០.៥ ភាគរយ ។

ជាចុងក្រោយលោកស្រី Suwannee បានបញ្ជាក់ថា ធនាគារជាតិថៃបានត្រៀមខ្លួនរួចជាស្រេចក្នុងការពិភាក្សាជាមួយក្រុមអ្នកសេដ្ឋកិច្ចនៃរដ្ឋាភិបាលថ្មីរួចហើយ ប្រសិនបើធនាគារចង់ស្វែងរកដំណោះស្រាយចំពោះបន្ទុកការប្រាក់ខ្ពស់ដែលអ្នកខ្ចីកំពុងប្រឈមមុខ ៕​