លោក តេង វ៉ាន់ធឿន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបានឲ្យដឹងថា នៅក្នុងឆ្នាំនេះអាជីវករអាចប្រមូលទិន្នផលទុរេនសរុបបានប្រមាណជា ១៨ ៤៩៨ តោនប្រហាក់ប្រហែលទៅឆ្នាំមុន។
តាមរយៈប្រព័ន្ធតេឡេក្រាម លោក តេង វ៉ាន់ធឿន បានឱ្ យ«កម្ពុជាថ្មី» ដឹងនារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ នេះថា ចំនួនទិន្នផលក្នុងឆ្នាំនេះ មានលក្ខណៈប្រហាក់ប្រហែលគ្នា ទៅនឹងទិន្នផលទុរេនសរុប ដែលប្រជាពលរដ្ឋប្រមូលបានកាលពីឆ្នាំកន្លងទៅ។ ក្នុងឆ្នាំនេះ ពលរដ្ឋអាចប្រមូលទិន្នផលធុរេនបានប្រមាណជា ១៨ ៤៩៨តោន ដោយក្នុងមួយហិកតា អាចប្រមូលផលបាន ១៥ តោន។
លោក តេង វ៉ាន់ធឿន បានញ្ជាក់ថា «មកដល់បច្ចុប្បន្ននេះទុរេនកំពតអាចប្រមូលផលបាន ៩៩%ហើយ គឺនៅសល់ប្រមាណ ១% ប៉ុណ្ណោះ ដែលមិនទាន់បានប្រមូលផលអស់។ នេះជាចំនួនដែលតិចតួចបំផុត»។ដោយឡែក ចំពោះតម្លៃទុរេនកំពតឆ្នាំនេះ ប្រធានការិយាល័យរូបនេះបានលើកឡើងថា ហាក់មានលក្ខណៈធូរថ្លៃជាងឆ្នាំមុនៗ ដោយទុរេនពូជម៉ន-ថង អាចលក់បានក្នុងតម្លៃត្រឹមតែ ២២ ០០០រៀល តែប៉ុណ្ណោះក្នុងមួយគីឡូក្រាម និងពូជឪខាក់ អាចលក់បានក្នុងតម្លៃតែ ២ ម៉ឺនរៀលក្នុងមួយគីឡូ។ កាលពីឆ្នាំមុនទុរេនពូជ ម៉ន-ថង អាចលក់បានក្នុងតម្លៃ ២៣ ០០០រៀល ក្នុងមួយគីឡូក្រាម និងពូជឪខាក់ អាចលក់បានក្នុងតម្លៃ ២១ ០០០រៀល។
លោក តេង វ៉ាន់ធឿន បានគូសបញ្ជាក់ដែរថា នាពេលកន្លងមកទុរេនកំពតបាននាំចេញទៅកាន់ទីផ្សារមួយចំនួនដូចជា ក្នុងរាជធានីភ្នំពេញ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងមួយផ្នែកតូចទៀតនាំចេញទៅកាន់ទីផ្សារខេត្តព្រះសីហនុ។ ប៉ុន្តែបើទោះជាបែបនេះក្តី ទិន្នផលទុរេនអាចប្រមូលបានមានលក្ខណៈល្អប្រសើរក៏ពិតមែន ប៉ុន្តែទុរេនកំពតនៅមិនទាន់អាចផ្គត់ផ្គង់តម្រូវការអតិថិជនបាននៅឡើយទេ។លោក តេង វ៉ាន់ធឿន បានអះអាងដែរថា បច្ចុប្បន្ន ការនាំចេញ ទុរេនកំពត នៅមិនទាន់មានការវាយស្លាក់សញ្ញាសម្គាល់នោះទេ ប៉ុន្តែគ្រាន់តែបានចងក្រងជាសហគមន៍ដែលមានឈ្មោះថា «សហគមន៍កសិកម្មដំណាំទុរេន» ដែលស្ថិតនៅឃុំម៉ាក ប្រាំង ស្រុកទឹកឈូ ខេត្តកំពត មានសមាជិកចូលរួមប្រមាណជា ៦៧ គ្រួសារ។
អ្វីដែលជាការកត់សម្គាល់នោះគឺ បន្ទាប់ពីការចងក្រងជាសហគមន៍នេះហើយ នាពេលអនាគតក៏មានគម្រោងបន្ថែមទៀត គឺនឹងរៀបចំឱ្យមានការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រក៏ដូចជា QR Code ដើម្បីសម្គាល់ថាជាទុរេនរបស់ខេត្តកំពតផងដែរ៕