រដ្ឋាភិបាលប្រទេសហូឡង់បានប្រកាសថា ទូរស័ព្ទ និងឧបករណ៍ចល័ត រួមទាំងថេប្លេត និងនាឡិកាឆ្លាតវៃ នឹងត្រូវហាមឃាត់ពីថ្នាក់រៀន ដើម្បីកុំឱ្យមានការរំខានដល់ការសិក្សារបស់សិស្ស។គំនិតផ្តួចផ្តើមនេះកំពុងត្រូវបានណែនាំ ដោយមានការសហការជាមួយសាលារៀន ហើយនឹងចូលជាធរមាននៅដើមឆ្នាំក្រោយ។
យ៉ាងណាក៏ដោយ វានឹងមានករណីលើកលែងមួយចំនួន បូករួមទាំងសិស្សដែលមានតម្រូវការផ្នែកវេជ្ជសាស្រ្ត ឬពិការភាព និងសម្រាប់ថ្នាក់ដែលផ្តោតលើជំនាញឌីជីថល។ បម្រាមនេះមិនទាន់អាចអនុវត្តបានតាមផ្លូវច្បាប់ទេ ប៉ុន្តែអាចនឹងក្លាយច្បាប់អនុវត្តនៅពេលអនាគត។
រដ្ឋមន្ត្រីក្រសួងអប់រំលោក Robbert Dijkgraaf បាននិយាយថា៖«ទោះបីជាទូរស័ព្ទចល័តតែងនៅជាប់ជាមួយយើងក៏ដោយ ប៉ុន្តែវាមិនមែនជារបស់នៅក្នុងថ្នាក់រៀននោះទេ។ សិស្សត្រូវតែផ្តោតអារម្មណ៍ចំពោះការរៀន ហើយត្រូវទទួលឱកាសរៀនសូត្រឱ្យបានល្អបំផុត។ ការស្រាវជ្រាវវិទ្យាសាស្ត្រក៏បានបញ្ជាក់ថា ទូរស័ព្ទដៃរំខានដល់ការរៀនសូត្ររបស់សិស្ស»។
ការសិក្សាជាច្រើនបានរកឃើញថា ការកំណត់ម៉ោងលេងឧបករណ៍ចល័ត ឬទូរស័ព្ទរបស់កុមារ ត្រូវបានផ្សារភ្ជាប់ទៅនឹងការយល់ដឹង និងការផ្តោតអារម្មណ៍កាន់តែប្រសើរឡើង។ រដ្ឋាភិបាលបាននិយាយថា វាអាស្រ័យលើសាលានីមួយៗក្នុងការយល់ព្រមលើច្បាប់ជាមួយគ្រូ ឪពុកម្តាយ និងសិស្ស ថាតើពួកគេចង់ហាមឃាត់ឧបករណ៍ទាំងអស់ចេញពីសាលារៀនដែរ ឬទេ។ គម្រោងនេះ គឺជាលទ្ធផលនៃកិច្ចព្រមព្រៀងរវាងក្រសួង សាលារៀន និងស្ថាប័នពាក់ព័ន្ធ។
វានឹងត្រូវបានពិនិត្យឡើងវិញនៅចុងឆ្នាំសិក្សា ២០២៤/២០២៥ ដើម្បីមើលថា តើវាដំណើរការបានល្អប៉ុណ្ណា និងថា តើត្រូវការការហាមឃាត់ផ្លូវច្បាប់ដែរ ឬទេ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តស្រដៀងគ្នានេះ ដោយហ្វាំងឡង់កាលពីសប្តាហ៍មុន នៅពេលដែលរដ្ឋាភិបាលបានប្រកាសថា ខ្លួននឹងផ្លាស់ប្តូរច្បាប់ដើម្បីធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការរឹតបន្តឹងការប្រើប្រាស់ទូរស័ព្ទនៅតាមសាលារៀន។ ប្រទេសផ្សេងទៀត រួមទាំងប្រទេសអង់គ្លេស និងបារាំង ក៏បានស្នើផងដែរនូវការហាមប្រាមទូរស័ព្ទចល័តដើម្បីបង្កើនការរៀនសូត្ររបស់សិស្ស៕