កម្ពុជាឈរនៅលេខរៀងទី៣ដែលមានប្រជាជនផឹកស្រាច្រើនជាងគេនៅក្នុងតំបន់អាស៊ាននិងឈរនៅលេខរៀងទី៣៦នៅលើពិភពលោក ពោលគឺប្រជាជនកម្ពុជាម្នាក់អាចផឹកស្រាបាន២១.៧លីត្រ។ នេះបើយោងតាមរបាយការណ៍របស់ Wisevoter។
របាយការណ៍នេះ អ្នកធ្វើកិច្ចការងារសង្គមលើកឡើងថាអាចឆ្លុះបញ្ចាំងការពិតដែរ ដោយសារតែកម្ពុជាគ្មានច្បាប់កំណត់អាយុនៃការផឹកស្រា។នៅក្នុងតំបន់អាស៊ានបើមើលតាមរបាយការណ៍របស់Wisevoterឃើញថាកម្ពុជាឈរនៅលេខរៀងទី៣ដែលមានប្រជាជនផឹកស្រាច្រើនជាងគេនិងលេខរៀងទី៣៦នៅក្នុងចំណោមប្រទេសនៅលើពិភពលោកខណៈឡាវវិញឈរនៅលេខរៀងទី១ក្នុងតំបន់អាស៊ាន និងលេខរៀងទី១៨នៅលើពិភពលោក បន្ទាប់មកប្រទេសវៀតណាមឈរនៅលេខទី២ក្នុងតំបន់អាស៊ាន និងលេខរៀងទី២៨នៅលើពិភពលោក។ចំណែកប្រទេសអាស៊ានដែលមានប្រជាជនផឹកស្រាទាបជាងគេ គឺប្រទេសព្រុយណេ បន្ទាប់មកមានសាំងហ្គាពួរ ម៉ាឡេស៊ី និងប្រទេឥណ្ឌូនេស៊ី។ចំពោះរបាយការណ៍នេះ លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លើកឡើងថា របាយការណ៍នេះ វាអាចឆ្លុះបញ្ចាំងការពិតពីកម្ពុជាដែរ។ ឆ្លុះបញ្ចាំងការពិត ដោយលោកបញ្ជាក់ថា ដោយសារកម្ពុជាពុំមានច្បាប់កំណត់អាយុប្រជាជន ដែលមានអាយុប៉ុន្មានទើបអាចទិញស្រានិងផឹកស្រាបាន។ មិនតែប៉ុណ្ណោះលោក យ៉ង់ គឹមអេង ក៏បានលើកឡើងដែរថា ប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀ និងកន្លែងលក់ស្រាដោយពុំមានច្បាប់កំណត់ ក៏ជាបញ្ហាមួយជំរុញឲ្យមានការផឹកស្រាកាន់តែច្រើនផងដែរ។យ៉ាងណាមិញ ការបរិភោគជាតិអាល់កុលញឹកញាប់ និងច្រើនហួសប្រមាណ អាចបង្កជាជំងឺ ព្រមទាំងគ្រោះថ្នាក់ផ្សេងៗ។
បញ្ហាប្រឈមទាំងនេះ អាចធ្វើឲ្យអ្នកបរិភោគវាត្រូវខាតអាយុចំនួន១ឆ្នាំជាមធ្យម។ នេះគឺជាការសន្និដ្ឋានក្នុងរបាយការណ៍នៃអង្គការOCDE ដែលបានធ្វើការអង្កេតជាមួយប្រជាជននៅតាមប្រទេសសមាជិកទាំង៥២ កាលពីឆ្នាំ២០២១។ យោងតាមអ្នកជំនាញ គឺពុំមានតួលេខវិទ្យាសាស្រ្ត បញ្ជាក់ថា កម្រិតបរិភោគជាតិអាល់កុលត្រឹមប៉ុណ្ណា ទើបមិនបង្កគ្រោះថ្នាក់ដល់ជីវិតនោះទេ។ប៉ុន្តែរបាយការណ៍ OCDE បានកំណត់ថា ការបរិភោគជាតិអាល់កុល ដែលមានលក្ខណៈសាមញ្ញ មិនបង្កគ្រោះថ្នាក់ គឺសម្រាប់មនុស្សស្រី ១កែវជារៀងរាល់ថ្ងៃ សម្រាប់មនុស្សប្រុស១.៥កែវជាប្រចាំថ្ងៃ។ជុំវិញការផឹកស្រានៅកម្ពុជា សង្គមស៊ីវិលធ្លាប់លើកឡើងថារដ្ឋាភិបាលគួរតែមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនៅកម្ពុជាទើបល្អ ជាពិសេសកំណត់អាយុផឹកស្រា ពីព្រោះការផឹកស្រាក៏ជាចំណែកមួយធ្វើឲ្យមានអំពើហិង្សា និងគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាផងដែរ៕