Alynana Media Cambodia
Icon Collap
clinic narit

តុលាការអាម៉េរិកចេញដីការឹតបន្តឹងដើម្បីបង្គាប់ស្ថាប័នរដ្ឋាភិបាលមិនឱ្យទាក់ទាងជាមួយក្រុមហ៊ុនបណ្តាញសង្គម

Media LNN | Jul 06, 2023
តុលាការអាម៉េរិកចេញដីការឹតបន្តឹងដើម្បីបង្គាប់ស្ថាប័នរដ្ឋាភិបាលមិនឱ្យទាក់ទាងជាមួយក្រុមហ៊ុនបណ្តាញសង្គម
Clinic narith

សហរដ្ឋអាម៉េរិក៖ តុលាការសហព័ន្ធរបស់សហរដ្ឋអាម៉េរិកបានចេញដីកាមួយកាលពីថ្ងៃអង្គារកន្លងទៅ ដោយបង្គាប់ឱ្យមានការរឹតត្បិតការជួបប្រជុំគ្នា និងការសន្ទនាទាក់ទងគ្នារវាងក្រុមមន្រ្តីស្ថាប័នសំខាន់ៗមួយចំនួនរបស់រដ្ឋាភិបាលលោកបៃដិន ជាមួយបណ្តាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលជាទូទៅគេធើ្វឡើងក្នុងគោលបំណងដើម្បីបង្គាប់បញ្ជាទៅលើបណ្តាក្រុមហ៊ុនបណ្តាញសង្គមទាំងនោះ ឱ្យធើ្វការគ្រប់គ្រងទៅលើមាតិការបស់អ្នកប្រើប្រាស់ ហើយក៏ជារឿងមួយប្រាស់ច្រាកទៅនឹងគោលការណ៍សិទ្ធិក្នុងការបញ្ចេញមតិស្របច្បាប់របស់ពលរដ្ឋ។

ដីកាសម្រេចរបស់តុលាការអាម៉េរិក បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងពាក្យបណ្តឹងរបស់ក្រុមអគ្គមេធាវីមកពីគណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋលូអ៊ីស៊ីអេណា (Louisiana) និងរដ្ឋមីសស៊ូរី (Missouri) ដោយចោទប្រកាន់ទៅលើក្រុមមន្ត្រីរដ្ឋាភិបាលរបស់លោកប្រធានាធិបតីបៃដិន ថាបានប្រើប្រាស់សិទ្ធិអំណាចច្រើនហួសហេតុក្នុងការបង្គាប់បញ្ជាទៅលើបណ្តាក្រុមហ៊ុនបណ្តាញសង្គម ឱ្យធើ្វការគ្រប់គ្រងទៅលើមាតិកាបង្ហោះផ្សាយរបស់អ្នកប្រើប្រាស់ណាដែលគេគិតថាមានលក្ខណៈរសើប និងអាចប៉ះពាល់ដល់ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ក៏ដូចជាពាក់ព័ន្ធនឹងការបោះឆ្នោត រួមទាំងរឿងនយោបាយផ្សេងៗជាដើម។

សេចក្តីសម្រេចរបស់តុលាការ ក៏បានបង្គាប់មិនឱ្យមន្រ្តីភ្នាក់ងាររដ្ឋាភិបាលសំខាន់ៗមួយចំនួន ដូចជាស្ថាប័នសុខាភិបាល និងស្ថាប័ន (FBI) អាចជួបសន្ទនាទាក់ទងជាមួយបណ្តាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមបានទៀតទេ ប្រសិនបើការជួបប្រាស្រ័យទាក់ទងគ្នា ធើ្វឡើងក្នុងគោលបំណងបង្គាប់បញ្ជាទៅដល់ពួកគេ (ក្រុមហ៊ុន) ឱ្យធើ្វការជំរុញ (Boost) បំបិទ (restrict) ឬក៏លុបចោលនូវមាតិកាបញ្ចេញមតិណាមួយរបស់អ្នកប្រើប្រាស់ដែលមានលក្ខណៈមិនស្របច្បាប់ទៅតាមគោលការណ៍រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាម៉េរិក។

ដីកាបង្គាប់របស់តុលាការអាម៉េរិក ក៏បានដាក់បញ្ចូលឈ្មោះរបស់មន្រ្តីសំខាន់ៗមួយចំនួន និងត្រូវជាប្រធានស្ថាប័នសន្ដិសុខជាតិ ក៏ដូចជាស្ថាប័នសុវត្ថិភាពប្រព័ន្ធអ៊ីនធឺណេត (Cybersecurity) របស់រដ្ឋាភិបាល ដោយមិនឱ្យបន្ដប្រាស្រ័យទាក់ទងជាមួយបណ្តាក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គមទៀតឡើយ។
គេចាត់ទុកថា ការចេញដីកាបង្គាប់បញ្ជារបស់តុលាការអាម៉េរិកពេលនេះ គឺជាជោគជ័យមួយសម្រាប់គណបក្សសាធារណរដ្ឋដែលបានចោទប្រកាន់រដ្ឋបាលរបស់លោកប្រធានាធិបតីបៃដិន ថាបានប្រើប្រាស់បញ្ហាជំងឺកូវីដ ១៩ និងបញ្ហាសន្ដិសុខជាតិដើម្បីធើ្វជាលេសក្នុងការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋនៅលើបណ្តាញអ៊ីនធឺណិត ៕