ការដំឡើងអត្រាការប្រាក់អាមេរិក ដើម្បីទាញទម្លាក់អតិផរណាក្នុងប្រទេស រួមជាមួយបញ្ហាបំណុល នាំឲ្យស្ថានភាពសេដ្ឋកិច្ចមហាអំណាចមួយនេះមានភាពធីងធោងមួយរយៈ ហើយបង្កក្តីបារម្ភដល់ពិភពលោកទាំងមូល ។
ពាក់ព័ន្ធនឹងក្តីបារម្ភនេះដែរ នាំឲ្យប្រាក់យ័នចិនត្រូវបានគេយកមកពិភាក្សា ហើយរំពឹងថា រូបិយប័ណ្ណរបស់យក្សសេដ្ឋកិច្ចលំដាប់លេខ ២ របស់ពិភពលោកមួយនេះអាចជំនួសដុល្លារអាមេរិកបាន ប៉ុន្តែទោះជាយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ចជាច្រើនយល់ឃើញថា ប្រាក់យ័ននៅតែមិនទាន់អាចក្លាយជារូបិយប័ណ្ណបម្រុងដ៏សំខាន់របស់អន្តរជាតិនៅឡើយទេ ។បច្ចុប្បន្ន រូបិយប័ណ្ណចិន នៅតែមិនទាន់អាចប្រើប្រាស់យ៉ាងទូលំទូលាយដូចជាប្រាក់ដុល្លារអាមេរិកនៅឡើយទេ ដោយសារតែប្រាក់ដុល្លារអាមេរិកនៅតែមានភាពលេចធ្លោនៅក្នុងទីផ្សារពិភពលោក ដែលមានដល់ទៅ ៨៨ ភាគរយឯណោះនៃការជួញដូរសកល គិតត្រឹមខែមេសា ឆ្នាំ២០២២ ខណៈរូបិយប័ណ្ណយ័នរបស់ចិនមានត្រឹមតែ ៧ ភាគរយប៉ុណ្ណោះនៃប្រតិបត្តិការទាំងអស់ ។
ចំណែកក្នុងទុនបម្រុងរូបិយប័ណ្ណបរទេសពិភពលោកវិញ, ប្រាក់យ័នមានតិចជាង ៣ ភាគរយនៅចុងឆ្នាំ ២០២២ ខណៈពេលដែលប្រាក់ដុល្លារមានចំនួន ៥៨ ភាគរយ ហើយប្រាក់អឺរ៉ូមាន ២០ ភាគរយ ។ទន្ទឹមនោះ ភាគហ៊ុនសកលនៃរួបិយប័ណ្ណរបស់ចិនក្នុងប្រព័ន្ធ SWIFT គឺមាន ២.៥ ភាគរយនៅក្នុងខែឧសភា ដែលវាជាចំនួនឆ្ងាយមែនទែន បើប្រៀបធៀបនឹង ៤៣ ភាគរយពីប្រាក់ដុល្លារ ឬ ៣២ ភាគរយសម្រាប់ប្រាក់អឺរ៉ូ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកជំនាញលោកខាងលិចអះអាងថា បញ្ហាមួយទៀតដែលប្រាក់យ័នមិនទាន់អាចក្លាយជារូបិយប័ណ្ណសកលដ៏សំខាន់ គឺដោយសារតែការគ្រប់គ្រងមូលធន និងតម្លាភាពនៃទីផ្សារហិរញ្ញវត្ថុរបស់ចិន នៅមានកម្រិតនៅឡើយ ៕