Alynana Media Cambodia
Icon Collap
clinic narit

វៀតណាមក្លាយជាតំបន់ទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍ថ្មីរបស់តំបន់អាស៊ីអាគ្នេយ៍

Media LNN | Jul 07, 2023
វៀតណាមក្លាយជាតំបន់ទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍ថ្មីរបស់តំបន់អាស៊ីអាគ្នេយ៍
Clinic narith

គេហទំព័រ dw.com របស់ប្រទេសអាល្លឺម៉ង់បានចុះផ្សាយអត្ថបទមួយដែលពិពណ៌នាអំពីប្រទេសវៀតណាមជាគោលដៅដ៏ពេញនិយម​បំផុតថ្មីមួយនៅតំបន់អាស៊ីអាគ្នេយ៍សម្រាប់ទេសភាពចម្រុះ ឆ្នេរសមុទ្រ វាលស្រែ ភ្នំ និងទីក្រុងដែលមានភាពអ៊ូអរ។

អត្ថបទនោះបានដកស្រង់របាយការណ៍ដោយគេហទំព័រ Google Destination Insights ដែលបានវាយតម្លៃថា ប្រទេសវៀតណាម គឺជាគោលដៅទេសចរណ៍ដែលមានការចាប់អារម្មណ៍បំផុតលំដាប់ទី៧ ចាប់ពីខែមីនាដល់ខែមិថុនាឆ្នាំនេះ និងជាប្រទេសតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍ដែលជាប់ចំណាត់ថ្នាក់កំពូលទាំង២០។

លោក បប់ប៊ី ង្វៀន (Bobby Nguyen) ប្រធានក្រុមហ៊ុន Rustic Hospitality Group ដែលជាទីភ្នាក់ងារទេសចរណ៍មួយបាននិយាយថា ការជំរុញនេះគឺបានមកពីភ្ញៀវទេសចរណ៍ចិន ឥណ្ឌា និងកូរ៉េខាងត្បូង។ លោកត្រូវបានដកស្រង់សម្តីដោយអត្ថបទនោះថា «ប្រទេសចិនបានបើកទីផ្សារក្រៅប្រទេសឡើងវិញទៅកាន់ប្រទេសវៀតណាម ហើយទីផ្សារឥណ្ឌាបានរីកចម្រើនតាំងពីឆ្នាំ២០២២ មក»។

លោក ង្វៀន បាននិយាយបន្ថែមថា ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងឥទ្ធិពលនៃក្រុមទេសចរណ៍ធំៗក៏បានជួយលើកស្ទួយប្រជាប្រិយភាពអន្តរជាតិរបស់ប្រទេសវៀតណាមដែរ។

អ្នកនិពន្ធអត្ថបទនោះក៏បានចង្អុលបង្ហាញទៅលើគោលនយោបាយទិដ្ឋាការថ្មីរបស់រដ្ឋាភិបាលវៀតណាមសម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលចូលទៅក្នុងប្រទេសនោះផងដែរ ដោយបង្កើនការលើកលែងទិដ្ឋាការបីដងពី ១៥ថ្ងៃ ទៅដល់ ៤៥ថ្ងៃសម្រាប់ប្រទេសដែលបានជ្រើសរើស។ ការអនុវត្តនេះនឹងចូលជាធរមាននៅថ្ងៃទី១៥ ខែសីហាខាងមុខ។

លោក ហ្ការី បូវើមែន (Gary Bowerman) អ្នកវិភាគទេសចរណ៍មួយរូបដែលមានមូលដ្ឋាននៅទីក្រុងកូឡាឡាំពួរបាននិយាយថា ការអនុវត្តគោលនយោបាយទិដ្ឋាការនេះនឹងជួយជំរុញវិស័យទេសចរណ៍។ លោកបាននិយាយថា «វិស័យទេសចរណ៍មានការកើនឡើង ហើយក្នុងរយៈពេលប្រាំមួយខែខាងមុខនេះ អ្នកនឹងឃើញអ្នកធ្វើដំណើរទៅកាន់ប្រទេសវៀតណាមកាន់តែច្រើន។ ខ្ញុំគិតថាវានឹងមានការកើនឡើងខ្លាំង ហើយអ្នកនឹងឃើញកំណើនជាពិសេសដែលទីផ្សារប្រទេសចិនបានត្រលប់មកវិញនាពេលបច្ចុប្បន្ននេះ»៕