ភ្នំពេញៈ កម្ពុជាទទួលបានគម្រោងវិនិយោគនៅក្នុងវិស័យទេសចរណ៍ចំនួន ២ ក្រោមទុនវិនិយោគជិត ៤០ លានដុល្លារ នៅក្នុងឆមាសទី ១ ឆ្នាំ ២០២៣ ខណៈឆ្នាំ ២០២២ មានចំនួន ៦ គម្រោង។ នេះបើតាមថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍។
របាយការណ៍បូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ ១៩ ឆមាសទី ២ ឆ្នាំ ២០២២ និងលើកទិសដៅអនុវត្តន៍បន្តឆ្នាំ ២០២៣-២០២៤ របស់ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ កាលពីខែមិថុនា ឱ្យដឹងថា នារយៈពេល ៦ ខែដើមឆ្នាំ ២០២៣ កម្ពុជាទទួលបានការវិនិយោគទេសចរណ៍ចំនួន ២ គឺគម្រោង «កោះមួយ» ស្ថិតក្នុងខេត្តព្រះសីហនុ និងគម្រោង «កោះទទឹង» នៅខេត្តកោះកុង ដែលគម្រោងទាំង ២ មានទុនវិនិយោគសរុប ៣៧,៧ លានដុល្លារ។ ចំណែកនៅឆ្នាំ ២០២២ គម្រោងវិនិយោគលើវិស័យទេសចរណ៍ មានចំនួន ៦ ដែលមានទុនវិនិយោគ ៣ ៧៧០ លានដុល្លារ កើន ១ ០០០ ភាគរយធៀបនឹងឆ្នាំ ២០២១។
លោក ទិត ចន្ថា បានលើកឡើងថា វិស័យទេសចរណ៍នៅកម្ពុជា «ទេសចរណ៍វប្បធម៌ និងធម្មជាតិ» គឺជាវិស័យអាទិភាពមួយដែលអាចប្រៀបបាននឹង«មាសបៃតង» របស់កម្ពុជា និងបានចូលរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការផ្តល់ឱកាសការងារ ប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ និងជាវិស័យនាំចេញនៅនឹងកន្លែង ព្រមទាំងរកទីផ្សារលក់ផលិតផលជូនប្រជាពលរដ្ឋផងដែរ។
លោកបន្តថា ក្នុងគោលបំណងជំរុញការងើបឡើងវិញក្នុងវិស័យទេសចរណ៍ក្នុងដំណាក់កាលវិបត្តិកូវីដ ១៩ រដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នូវច្បាប់ បទប្បញ្ញត្តិ និងវិធានការសេដ្ឋកិច្ចសង្គមនានាសំដៅធានាស្រោចស្រង់ជីវិត និងទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ពិសេស «ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ ១៩ (២០២០-២០២៥)។
លោកបន្តថា៖ «ក្រោយការបើកប្រទេសទាំងស្រុងឡើងវិញ (ចុងឆ្នាំ ២០២១) កម្ពុជាបានទទួលទេសចរអន្តរជាតិរហូតដល់ជាង ២,៣ លាននាក់ និងទេសចរក្នុងស្រុក ១៣,៩ លាននាក់ក្នុងឆ្នាំ ២០២២ ខណៈរយៈពេល ៥ ខែ ឆ្នាំ ២០២៣ ទេសចរអន្តរជាតិ មានចំនួន ២,១ លាននាក់ កើនឡើង ៥៣០ភាគរយ និងទេសចរក្នុងស្រុក ១០ លាននាក់ កើន ៧៦,៤ ភាគរយ»។
លោកឱ្យដឹងទៀតថា សម្រាប់ចក្ខុវិស័យទេសចរណ៍កម្ពុជាឆ្នាំ ២០២៣ នេះ គឺកម្ពុជានឹងអាចទទួលបានទេសចរអន្តរជាតិ ៤,៤ លាននាក់ និងទេសចរផ្ទៃក្នុងជាង ១៦ លាននាក់។ ឆ្នាំ ២០២៦ ភ្ញៀវទេសចរអន្តរជាតិ នឹងមានចំនួន ៧ លាននាក់។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន បានសម្តែងការស្វាគមន៍ចំពោះគម្រោងថ្មីៗក្នុងវិស័យទេសចរណ៍ ពិសេសការវិនិយោគតាមបណ្តាកោះ ដោយលោកអះអាងថា គម្រោងអភិវឌ្ឍន៍នៅតាមបណ្តាកោះ នឹងផ្តល់ផលវិជ្ជមានជាច្រើនទាំងសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចប្រទេស។ លោកបន្តថា កម្ពុជាមានធនធានធម្មជាតិច្រើន ប៉ុន្តែការកែច្នៃដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរ គឺនៅអន់ថយនៅឡើយ។
លោក ស៊ីណាន បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៦ ខែកក្កដា ថា៖ «ក្នុងនាមប្រតិបត្តិករទេសចរណ៍ ខ្ញុំពិតជារីករាយ និងគាំទ្រឱ្យមានការវិនិយោគនៅក្នុងវិស័យទេសចរណ៍ឱ្យបានច្រើន ខណៈបច្ចុប្បន្នរដ្ឋាភិបាលកំពុងខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាច្រើនដើម្បីជំរុញកំណើនសេដ្ឋកិច្ចលើគ្រប់វិស័យ»។
ទាក់ទងនឹងគម្រោងអភិវឌ្ឍន៍តាមបណ្តាកោះក្នុងដែនសមុទ្រកម្ពុជា លោកលើកឡើងថា ការអភិវឌ្ឍតំបន់ទេសចរណ៍តាមកោះ គឺជាគម្រោងដ៏ល្អប្រសើរបំផុត បើការអភិវឌ្ឍនោះមិនប៉ះពាល់ដល់ធនធានធម្មជាតិ ព្រោះគម្រោងទាំងនោះគឺមិនត្រឹមតែជួយភាពទាក់ទាញអ្នកទេសចរ និងវិនិយោគិនឱ្យចូលមកកម្ពុជាកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយការពារទឹកដីខ្មែរពីការទន្ទ្រានពីសំណាក់ជនបរទេស និងជនខិលខូចមួយចំនួនដែលមានបំណងបំផ្លាញធនធានធម្មជាតិផងដែរ៕