របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញកាលពីថ្ងៃចន្ទថា ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានចំនួន ២៣,៦៩ ពាន់លានដុល្លារក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ ធ្លាក់ចុះ ១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចាប់ពីខែមករាដល់ខែមិថុនា កម្ពុជាបាននាំចេញទំនិញសរុបមានចំនួនប្រមាណ ១១,៤៦ ពាន់លានដុល្លារ កើនឡើង ០,៨%។
របាយការណ៍បានបន្តថា ការនាំចូលរបស់កម្ពុជាបានធ្លាក់ចុះ ២២,៩ ភាគរយមកនៅត្រឹម ១២,២២ ពាន់លានដុល្លារ។
សហរដ្ឋអាមេរិកនៅតែជាទីផ្សារដ៏ធំបំផុតសម្រាប់កម្ពុជា ដោយបាននាំចូលទំនិញប្រមាណ ៤.២៣ ពាន់លានដុល្លារ ធ្លាក់ចុះ ៨.៩% បើធៀបនឹងឆ្នាំមុន នាំមុខវៀតណាមដែលនាំចូលទំនិញពីកម្ពុជាមានទំហំទឹកប្រាក់ ១.៤២ ពាន់លានដុល្លារ កើនឡើង ២១.៧%។
ដៃគូពាណិជ្ជកម្មសំខាន់ៗផ្សេងទៀតរបស់កម្ពុជា គឺប្រទេសថៃ ជប៉ុន សហភាពអឺរ៉ុប និងចិន។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបាននិយាយថា ទោះបីជាការនាំចេញធ្លាក់ចុះក៏ដោយ ក៏កំណើនពាណិជ្ជកម្មរបស់កម្ពុជារំពឹងថានឹងកើនឡើងខ្ពស់នៅឆ្នាំនេះ ដោយសារកម្ពុជាទទួលបានការបញ្ជាទិញពីអ្នកទិញនៅក្នុងប្រទេសដៃគូធំៗរបស់ខ្លួន។
លោកបានបន្តថា “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងកូរ៉េបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ផលិតផលដែលផលិតនៅកម្ពុជា និងធ្វើឱ្យផលិតផលកម្ពុជាមានភាពទាក់ទាញក្នុងរយៈពេលវែង។
ទំនិញសម្រាប់នាំចេញសំខាន់ៗរបស់កម្ពុជាមានដូចជា សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង គ្រឿងចក្រ និងឧបករណ៍អគ្គិសនី កង់ ទំនិញស្បែក គ្រាប់ធញ្ញជាតិ គ្រឿងសង្ហារឹម កៅស៊ូ ផ្លែឈើ បន្លែ គុជ និងប្រដាប់ក្មេងលេង។
ឧស្សាហកម្មកាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរគឺជាវិស័យរកប្រាក់ចំណូលពីបរទេសធំជាងគេសម្រាប់កម្ពុជា។ វិស័យនេះមានរោងចក្រ និងសាខាប្រហែល ១,៣០០ទីតាំង ដែលផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ ៨៤០,០០០ នាក់ ដែលភាគច្រើនជាស្ត្រី៕