ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ១១៣ ដែលមានទុនវិនិយោគប្រមាណ ១,១ ពាន់លានដុល្លារ និងអាចបង្កើតការងារបាន ១២២ ពាន់កន្លែង កាលពីឆមាសទី១ ដែលគម្រោងវិនិយោគភាគច្រើននៅក្នុងវិស័យឧស្សាហកម្ម, កសិកម្ម និងកសិឧស្សាហកម្ម, ទេសចរណ៍ និងវិស័យហេដ្ឋារចនាសម្ព័ន្ធ។
បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃទី ១១ ខែ កក្កដានេះ គឺក្នុងឆមាសទី១ ឆ្នាំ ២០២៣ CDC បានអនុម័តឱ្យគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១១៣ ដែលមានទុនវិនិយោគសរុប ១,១ ពាន់លានដុល្លារ និងបង្កើតការងារបាន ១២២ ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំង ១១៣ នេះ គម្រោងចំនួន ១០២ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម គម្រោងចំនួន ៧ ស្ថិតក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម គម្រោងចំនួន ៣ ស្ថិតនៅក្នុងវិស័យទេសចរណ៍ និងគម្រោងចំនួន ១ ស្ថិតនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ។
CDC បញ្ជាក់ថា បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ចំនួនគម្រោងវិនិយោគមានការកើនឡើងចំនួន ១៥ គម្រោង ខណៈទុនវិនិយោគថយចុះប្រមាណ ១,៩ ពាន់លានដុល្លារ។
CDC ឱ្យដឹងថា៖ «មូលហេតុចម្បងនៃការថយចុះបរិមាណទុនវិនិយោគដ៏គួរឱ្យកត់សម្គាល់នេះ គឺដោយសារវត្តមានរបស់គម្រោងធំៗមួយចំនួននៅឆមាសទី១ ឆ្នាំ ២០២២ ក្នុងនោះមានគម្រោងវិនិយោគមណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ស្ថិតនៅក្រុងបូកគោ ខេត្តកំពត ក្រោមទុនវិនិយោគ ១,៣ ពាន់លានដុល្លាររបស់ក្រុមហ៊ុន Kampot Logistics and Port Company limited, គម្រោងវិនិយោគវារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០ MW ស្ថិតនៅខេត្តកោះកុង មានទុនវិនិយោគ ៣៨៩ លានដុល្លាររបស់ក្រុមហ៊ុន Cambodia Upper Tatay Hydropower Co.,Ltd និងគម្រោងបង្កើតរោងចក្រផលិតសម្បកកង់យានយន្តគ្រប់ប្រភេទ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទុនវិនិយោគ ២៩៧ លានដុល្លារ របស់ក្រុមហ៊ុន General Intellicence (Cambodia) Co.,Ltd»។
លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១១ ខែកក្កដាថា កម្ពុជានៅតែជាទិសដៅការវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក ដោយសារតែកម្ពុជាកំពុងអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងទ្វេភាគី និងក្នុងតំបន់ ពិសេសជាមួយនឹងការដាក់ចេញច្បាប់វិនិយោគថ្មីដែលផ្តល់ការលើកទឹកចិត្តកាន់តែច្រើនដល់វិនិយោគិនក្នុងវិស័យនានា។
លោកថ្លែងថា៖ «សម្រាប់គម្រោងវិនិយោគទាំងអស់នេះគឺឆ្លុះបញ្ចាំងឱ្យយើងឃើញថា ប្រទេសកម្ពុជានៅតែជាទិសដៅវិនិយោគសម្រាប់វិនិយោគិនទាំងក្នុង និងក្រៅស្រុក។ លើសពីនេះទៀត យើងក៏ទាក់ទាញវិនិយោគខ្នាតមធ្យមៗមកកាន់តែច្រើនដែលទាមទារឱ្យរដ្ឋាភិបាលធ្វើគោលនយោបាយគាំទ្រដល់ SMEs ដើម្បីជំរុញឱ្យការវិនិយោគទាំងនេះអាចក្លាយទៅជាឧស្សាហកម្មសម្រាប់នាំចេញបាន។
យើងសង្កេតឃើញថា ចិននៅតែឈានមុខគេសម្រាប់ការវិនិយោគនៅប្រទេសកម្ពុជាយើង ដោយភាគច្រើនគឺនៅក្នុងឧស្សាហកម្មកែច្នៃ។ មួយវិញទៀតគម្រោងវិនិយោគនៅលើវិស័យឧស្សាហកម្មដែលមានច្រើននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលវិនិយោគិនចិនតែងតែចាប់អារម្មណ៍ ដោយសារប្រាក់ឈ្នួលនៅប្រទេសចិន កាន់តែឡើងខ្ពស់ ហើយលំហូរវិនិយោគពីប្រទេសចិននឹងអាចមកកាន់ប្រទេសកម្ពុជាដោយសារតែយើងមានតម្លៃពលកម្មថោក»។
CDC បង្ហាញទៀតថា ក្នុងឆមាសទី១ ឆ្នាំ ២០២៣ តួលេខវិនិយោគមកពីប្រទេសចិនបានឈរនៅលំដាប់លេខរៀងទី១ ដោយបានចូលរួមចំណែកស្ទើរ ២/៣ នៃទុនវិនិយោគសរុប ខណៈការវិនិយោគក្នុងស្រុកបានឈរនៅលំដាប់លេខរៀងទី២ ដោយចូលរួមប្រមាណ ២០ ភាគរយនៃទុនសរុប។
ការវិនិយោគមកពីប្រទេសចិន មានចំណែកប្រមាណ ៦៥,៣៨ ភាគរយ, កម្ពុជាមានចំណែក ១៩,៨៦ ភាគរយ, វៀតណាម ៦,៦៤ ភាគរយ, សីស្ហែល ៣,៣១ ភាគរយ, ថៃ ១,៧៧ ភាគរយ, កូរ៉េ ១,៧ ភាគរយ, សាម័រ ០,៦០ ភាគរយ, អាមេរិក ០,៤៩ ភាគរយ, សិង្ហបុរី ០,១៨ ភាគរយ; និង ស៊ុយអែត មាន ចំនួន ០,០៧ ភាគរយ៕