ក្រសួងហិរញ្ញវត្ថុវៀតណាមបានសម្រេចបញ្ចុះពន្ធនាំចូលប្រេងឥន្ធនៈនានា ដើម្បីសម្រាលការចំណាយរបស់ពលរដ្ឋវៀតណាម និងដើម្បីកាត់បន្ថយហានិភ័យអតិផរណាផងដែរ ។ យោងតាមការសម្រេចនោះ ពន្ធនាំចូលប្រេងនឹងបញ្ចុះពី ១០ ភាគរយ ទៅ ៥,៦ ភាគរយវិញ ហើយការសម្រេចនេះ គឺចាប់ផ្តើមអនុវត្តចាប់ពីខែកក្កដានេះតែម្តង ។នេះបើតាមសារព័ត៌មាន Vietnam News។សារព័ត៌មាន Vietnam News បានចុះផ្សាយកាលពីថ្ងៃទី១១ ខែ កក្កដា ឆ្នាំ២០២៣ ថា ក្រសួងហិរញ្ញវត្ថុវៀតណាម បានប្រកាសកាត់បន្ថយពន្ធនាំចូលប្រេងឥន្ធនៈពី ១០ ភាគរយមកនៅត្រឹម ៥,៦ ភាគរយ ចាប់ពីខែនេះតទៅ ។
តាមការសម្រេចនេះពន្ធលើការនាំចូលប្រេងសាំងនឹងបញ្ចុះដល់កម្រិតទាបបំផុតគឺ ៥,៦២ភាគរយ ខណៈដែលពន្ធលើការនាំចូលប្រេងម៉ាហ៊្សូត បញ្ចុះ ០,៥៨ ភាគរយ ហើយប្រេងខ្មៅគឺ ១,៣៨ ភាគរយ នៅក្នុងមួយលីត្រ ហើយការកាត់បន្ថយពន្ធនេះគឺផ្អែកលើសមាមាត្រនៃការនាំចូលប្រេងសាំង ប្រេងម៉ាស៊ូត ប្រេងកាត និងប្រេងខ្មៅ ដែលនាំចូលកាលពីក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៣។កន្លងមក ពន្ធនាំចូលប្រេងសាំងគឺ១០ភាគរយ។ ការកាត់បន្ថយនេះនឹងជួយបញ្ចុះតម្លៃសាំងលក់រាយនៅពេលខាងមុខ។
ក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា ចាប់ពីត្រីមាសទី ៤ ឆ្នាំ ២០២២ ដល់ចុងត្រីមាសទី ២ នៃឆ្នាំ២០២៣នេះ សហគ្រាសមិនបាននាំចូលផលិតផលប្រេងកាតទេ។ ដោយសារការលក់ប្រេងកាតមានកម្រិតទាប ក្រសួងហិរញ្ញវត្ថុបានស្នើឱ្យ ក្រសួងឧស្សហកម្មនិងពាណិជ្ជកម្ម ពិនិត្យ និងគណនាតម្លៃប្រេងកាតនៅលើទីផ្សារ និងប្រកាសតម្លៃមូលដ្ឋានស្របតាមបទប្បញ្ញត្តិ៕