គិតត្រឹម៦ខែ ឆ្នាំ២០២៣ ពោលបើរាប់ចាប់ពីខែមករា-ខែមិថុនា ឆ្នាំ ២០២៣ ទឹកប្រាក់ដែលកម្ពុជាបញ្ចេញថវិការលើការនាំចូលដែក និងដែកថែប មានចំនួន ១៩២,២៨ លានដុល្លារ។ នេះបើយោងតាមស្ថិតិពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីពេលថ្មីៗនេះ។ស្ថិតិពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញបន្តថា ចាប់ពីខែមករា-ខែមិថុនា ឆ្នាំ ២០២៣ ទឹកប្រាក់ដែលកម្ពុជាបញ្ចេញលើការនាំចូលដែក និងដែកថែប មានចំនួន ១៩២,២៨ លានដុល្លារ កើនឡើង ៣,៥ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមាន ១៨៥,៧៦លានដុល្លារ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បញ្ជាក់ថា៖« ចំនួននេះគឺស្មើ ១,៥៧ ភាគរយនៃការនាំទំនិញចូលសរុបរបស់កម្ពុជាក្នុងឆមាសទី១ ឆ្នាំ ២០២៣ ដែលមាន ១២ ២២៩,១៨ លានដុល្លារ។ ការចំណាយលើការនាំចូលដែក និងដែកថែបពីក្រៅប្រទេស គឺដើម្បីមកបំពេញតម្រូវការក្នុងស្រុក ស្របពេលវិស័យសំណង់កំពុងរីកលូតលាស់។ ចំនួននេះ គឺមានការកើនឡើងតិចតួច ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ខណៈទឹកប្រាក់ខាងលើស្មើនឹងជិត ១,៦ ភាគរយនៃចំនួនទឹកប្រាក់ដែលកម្ពុជាបានបញ្ចេញទៅលើការនាំចូលផលិតផលទាំងអស់ពីទីផ្សារអន្តរជាតិ»។ក្នុងឆ្នាំ ២០២២ កម្ពុជាបាននាំចូលដែក និងដែកថែប ក្នុងទឹកប្រាក់សរុប ៣៥៩,៨១៩ លានដុល្លារ កើនឡើង ២៣,១ ភាគរយពីចំនួន ២៩២,៣៣៩ លានដុល្លារក្នុងឆ្នាំ ២០២១។ ចំនួនប្រាក់កម្ពុជាចំណាយលើការនាំចូលដែក និងដែកថែប គឺប្រមាណ ១,២ ភាគរយធៀបនឹងចំនួនប្រាក់នៃការនាំចូលទំនិញនៅក្នុងឆ្នាំ ២០២២ ដែលមានចំនួនសរុប ២៩ ៩៤១,៦ លានដុល្លារ។ នេះបើតាមការបញ្ជាក់បន្ថែមពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
សូមបញ្ជាក់ដែរថា បើតាមឧបនាយករដ្ឋមន្ត្រី លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី បានបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ២០២២ ទិន្នន័យសំណង់ទូទាំងប្រទេសមានចំនួនប្រមាណ ៣,៨២៧គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ៦,៥៩៦,៩៣៦ម៉ែត្រក្រឡា តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ២,៦៣៤,៩៩២,១០០ដុល្លារ៕