Alynana Media Cambodia
Icon Collap
clinic narit

អគារនៅចិនឈរគាំងពេញដី ខណៈការវិនិយោគវិស័យអចលនទ្រព្យកំពុងជួបបញ្ហា

Media LNN | Jul 18, 2023
អគារនៅចិនឈរគាំងពេញដី ខណៈការវិនិយោគវិស័យអចលនទ្រព្យកំពុងជួបបញ្ហា
Clinic narith

ស្ថានភាពនៃសេដ្ឋកិច្ចសកលប៉ុន្មានឆ្នាំចុងក្រោយនេះ​ បានបន្សល់ទុកនូវសំណង់អគារ ព្រមទាំងសំណង់លំនៅដ្ឋានជាច្រើ​នបញ្ឈរចោលទាំងមិនទាន់បញ្ចប់ការសាងសង់រាយប៉ាយពេញប្រទេសចិន ស្របពេលដែលការវិនិយោគលើវិស័យអចលនទ្រព្យដែលមានទំហំដល់ទៅមួយភាគបួននៃសេដ្ឋកិច្ចចិនសរុបកំពុងធ្លាក់ចុះជាបន្តបន្ទាប់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ CNBC។ប្រភពដដែលបានឱ្យដឹងថា ការវិនិយោគលើវិស័យអចលនទ្រព្យរបស់ចិនបានធ្លាក់ចុះ ៧.៩% បើគិតត្រឹមរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៣។ តួលេខនេះពិតជាបានបញ្ជាក់ពីការធ្លាក់ចុះយ៉ាងខ្លាំងសម្រាប់វិស័យអចលនទ្រព្យនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទីពីររបស់ពិភពលោក។

 

ទន្ទឹមនឹងនោះ លោក Dan Wang ប្រធានសេដ្ឋវិទូនៅធនាគារ Hang Seng របស់ចិន បានលើកឡើងថា «ដោយសារតែទីផ្សារលំនៅដ្ឋាន និងតម្រូវការប្រើប្រាស់ កំពុងធ្លាក់ចុះខ្លាំង ទើបធ្វើឱ្យសេដ្ឋកិច្ចចិនទាំងមូល មិនសូវមានកំណើនស្ទុះឡើងវិញឡើយនៅឆ្នាំ២០២៣ នេះ»។ទន្ទឹមនឹងនោះ របាយការណ៍ពី South China Morning Post ក៏បានបង្ហាញឱ្យដឹងដែរថា ផ្ទះល្វែងដែលមានកម្មសិទ្ធិ (Pre-Owned Flats) ប្រហែលជាង ២០ម៉ឺនខ្នង នៅទីក្រុងសៀងហៃ ត្រូវបានម្ចាស់បង្ខំចិត្តប្រកាសដាក់លក់ឡៃឡុង និងបញ្ចុះតម្លៃដើម្បីទាក់ទាញអតិថិជន ស្របពេលដែលទីផ្សារអចលនទ្រព្យមិនសូវអំណោយផល។

ក្នុងនោះ លោក Song Yulin អ្នកគ្រប់គ្រងជាន់ខ្ពស់ នៅភ្នាក់ងារអចលនទ្រព្យ Lianjia បានលើកឡើងថា «ម្ចាស់ផ្ទះកាន់តែច្រើនបានសម្រេចចិត្តដកប្រាក់ចេញ ពីព្រោះពួកគេកំពុងភ្នាល់ថា តម្លៃផ្ទះនឹងបន្តធ្លាក់ចុះ ដោយម្ចាស់ផ្ទះមួយចំនួនបានរៀបចំផែនការ ធ្វើចំណាកស្រុកទៅបរទេស ហើយពួកគេសប្បាយចិត្តនឹងតម្លៃបច្ចុប្បន្ន ទោះបីជាត្រូវលក់បញ្ចុះតម្លៃយ៉ាងណាក្តី»។

ការរីកដុះដាលនៃការលក់ផ្ទះ នៅទីក្រុងសៀងហៃហួសប្រមា​ណ អាចធ្វើឱ្យតម្លៃផ្ទះធ្លាក់ចុះបន្ថែមទៀត គឺជាសញ្ញាចុងក្រោយបង្អស់ដែលបង្ហាញថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន កំពុងជាប់គាំង ហើយករណីបែបនេះត្រូវបានអ្នកជំនាញឱ្យឈ្មោះថា “Death Spiral”។

គួរជម្រាបផងដែរថា វិស័យអចលនទ្រព្យរបស់ចិនទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយវិបត្តិឥណទានដែលអូសបន្លាយក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ជាមួយនឹងការកើនឡើងនៃគម្រោងលំនៅដ្ឋានមិនពេញលេញ។ ជាលទ្ធផលគឺបន្សល់នូវ អ្នកអភិវឌ្ឍន៍គម្រោងជាប់គាំងសាច់ប្រាក់ ដែលជម្រុញឱ្យអ្នកទិញមួយចំនួនបញ្ឈប់ការបង់រំលោះរបស់ខ្លួន ហើយសំណស់អគារក៏ត្រូវបញ្ឈរចោលពេញទឹកពេញដី៕