កិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ដោយសុវត្ថិភាពតាមច្រករបៀងសមុទ្រខ្មៅ ដែលសម្រេចចេញជារូបរាងឡើងកាលពីឆ្នាំមុននោះ បានផុតកំណត់ហើយកាលពីថ្ងៃចន្ទទី១៧ ខែកក្កដា និងហាក់គ្មានសង្ឃឹមថា នឹងបន្តទៀតបាននោះទេ បន្ទាប់ពីរុស្ស៊ីបានសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះរួចទៅហើយ។
ទន្ទឹមនឹងការដកខ្លួននេះ ទីក្រុងម៉ូស្គូបានព្រមានទុកជាមុនថា ខ្លួនមិនអាចធានាសុវត្ថិភាពនៃកប៉ាល់ ដែលដឹកស្បៀងតាមច្រកសមុទ្រនេះតទៅទៀតនោះដែរ។ អង្គការសហប្រជាជាតិឯណោះវិញ បានអះអាងថា បញ្ហានេះ អាចនឹងធ្វើឲ្យប៉ះពាល់ដល់មនុស្សជាច្រើនដែលកំពុងមានតម្រូវការស្បៀងអាហារ។
នៅចំពោះមុខសម្រែកទាមទារពីសហគមន៍អន្តរជាតិ ទីក្រុងម៉ូស្គូបានស្នើថា «ប្រសិនបើការទាមទារក្នុងការកែលម្អការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់ខ្លួនត្រូវបានបំពេញ នោះខ្លួននឹងពិចារណាឡើងវិញនូវការបន្ដកិច្ចព្រមព្រៀងសមុទ្រខ្មៅ»។ ទោះបីជាយ៉ាងណាក៏ដោយ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអាន់តូនីញូ ហ្គូតឺរេស (Antonio Guterres) បាននិយាយថា កិច្ចព្រមព្រៀងរបស់អង្គការសហប្រជាជាតិដែលមានគោលបំណងជួយសម្រួលដល់ការនាំចេញរបស់រុស្ស៊ីកាលពីឆ្នាំមុនក៏ត្រូវបានបញ្ចប់ផងដែរ បើរុស្ស៊ីដកខ្លួនចេញពីកិច្ចព្រមព្រៀងសមុទ្រខ្មៅ។
ភាគីរុស្ស៊ីបានប្រាប់ទីភ្នាក់ងារដឹកជញ្ជូនអង្គការសហប្រជាជាតិ (IMO) ថា «ទន្ទឹមនឹងការដកខ្លួននេះ រុស្ស៊ីក៏លែងធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍កប៉ាល់ដឹកគ្រាប់ធញ្ញជាតិទាំងនោះដែរ ហើយបើសិនជាមានការគំរាមកំហែងបង្កឡើងដោយរបបក្រុងកៀវនៅពេលណាមួយនោះ រុស្ស៊ីក៏នឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការឆ្លើយតបវិញនោះទេ»។
ត្រូវបានចេញជារូបរាងឡើងដំបូងកាលពីខែកក្កដាឆ្នាំមុន ដែលមានការជួយសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងប្រទេសតួកគី កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅត្រូវបានបើកឱ្យដំណើរការឱ្យមានការដឹកជញ្ជូនគ្រាប់ធញ្ញជាតិអ៊ុយក្រែនចេញពីច្រករបៀងនៃសមុទ្រខ្មៅ ដោយមានការធានាពីប្រទេសរុស្ស៊ី ដើម្បីបញ្ជៀសហានិភ័យនៃវិបត្តិស្បៀងអាហារពិភពលោកបង្កឡើង ដោយសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។
ទោះយ៉ាងណា រុស្ស៊ីបានត្អូញត្អែរថា ក្រោមកិច្ចព្រមព្រៀងនេះ គ្រាប់ធញ្ញជាតិភាគច្រើនមិនបានដឹកទៅដល់ប្រទេសក្រីក្រឡើយ។ ប៉ុន្តែ អង្គការសហប្រជាជាតិបានអះអាងថា កិច្ចព្រមព្រៀងបានផ្តល់ផលប្រយោជន៍ដល់រដ្ឋទាំងនោះ តាមរយៈការជួយកាត់បន្ថយតម្លៃស្បៀងអាហារជាង ២០%នៅទូទាំងពិភពលោក។ ស្របពេលជាមួយគ្នា លោក ហ្គូតឺរេស បាននិយាយអំពីការសម្រេចចិត្តរបស់រុស្ស៊ីថា «នឹងធ្វើឱ្យមនុស្សរាប់រយលាននាក់ប្រឈមនឹងភាពអត់ឃ្លាន ហើយអ្នកប្រើប្រាស់កំពុងប្រឈមមុខនឹងវិបត្តិតម្លៃនៃការរស់នៅជាសកល»។
ម្យ៉ាងវិញទៀត ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា លោកបាននិយាយជាមួយលោក ហ្គូតឺរេស កាលពីថ្ងៃចន្ទ អំពីការព្យាយាមបន្តការនាំចេញគ្រាប់ធញ្ញជាតិសមុទ្រខ្មៅដោយគ្មានរុស្ស៊ីចូលរួម។ ហើយប្រធានាធិបតីទួរគី លោក Tayyip Erdogan បានឱ្យដឹងដែរថា លោកជឿជាក់ថា លោក ពូទីន ពិតជាចង់ឱ្យកិច្ចព្រមព្រៀងនេះ បន្តទៅមុខទៀត ហើយលោកនឹងពិភាក្សាជាមួយលោក ពូទីន នៅពេលជួបគ្នានៅខែសីហាខាងមុខ៕