(ភ្នំពេញ)៖ ការនាំចូលទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជាង១២ពាន់លានដុល្លារថយចុះ២៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចកត់សម្គាល់ឃើញថា កត្តាដែលធ្វើឲ្យការនាំចូលរបស់កម្ពុជាមានការធ្លាក់ចុះ គឺបណ្ដាលមកពីការថយចុះនៃតម្រូវការក្នុងស្រុក គួបផ្សំកំណើននៃការផ្គត់ផ្គង់តម្រូវការក្នុងស្រុករបស់កម្ពុជា នៅមួយរយៈចុងក្រោយនេះ ហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់។
ដោយឡែកសម្រាប់ទីផ្សារធំៗ ដែលកម្ពុជា បាននាំចូលទំនិញច្រើននៅឆមាសទី១ ឆ្នាំនេះ មានដូចជា ប្រទេសចិន វៀតណាម ថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីជាដើម។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅឆមាសទី១ឆ្នាំ២០២៣។
វិបត្តិសេដ្ឋកិច្ចសាកលលោក នៅតែជាបញ្ហាប្រឈមសម្រាប់ការធ្វើពាណិជ្ជកម្មរបស់បណ្ដាប្រទេសជាច្រើនលើពិភពលោក ដោយសារវិបត្តិនេះបានធ្វើឲ្យតម្រូវការនៅតាមបណ្ដាប្រទេសជាច្រើនរួមទាំងកម្ពុជាមានការថយចុះ។ ជាក់ស្ដែង នៅឆមាសទី១ ឆ្នាំ២០២៣ ការនាំចូលរបស់កម្ពុជាមានការថយចុះ២៣% បើធៀបនឹងឆមាសទី១ឆ្នាំ២០២២ ដែលមានទំហំទឹកប្រាក់សរុបជាង១២ពាន់លានដុល្លារ។ ក្នុងនោះ ប្រទេសចិន គឺជាទីផ្សារធំជាងគេដែលកម្ពុជា បាននាំចូលទំនិញច្រើនជាងគេក្នុងទំហំទឹកប្រាក់ជាង៥ពាន់លានដុល្លារមានការកើនឡើងជាង១% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បន្ទាប់មក ប្រទេសវៀតណាម ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ដែលបាននាំទំនិញចូលមកកម្ពុជាច្រើនជាងគេ ដែលគិតជាទឹកប្រាក់មានចំនួន១,៨ពាន់លានដុល្លារ ខណៈការនាំចូលថយចុះ១០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ រីឯទីផ្សារធំទី៣ ដែលមានការនាំចូលច្រើនជាងគេមកកាន់កម្ពុជា គឺប្រទេសថៃ ដោយមានទំហំទឹកប្រាក់ជាង១,៤ពាន់លានដុល្លារ បានថយចុះជិត ២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែក ឥណ្ឌូនេស៊ី ជាទីផ្សារធំទី៤ ដោយបាននាំចូលទំនិញមកកម្ពុជា ក្នុងទំហំទឹកប្រាក់ជាង៥៧៣លានដុល្លារ កើនឡើងជាង២៦% បើធៀបនឹងរយពេលដូចគ្នាកាលពីឆ្នាំ២០២២ និងប្រទេសម៉ាឡេស៊ី ជាទីផ្សារធំទី៥ ដោយបាននាំចូលក្នុងទំហំទឹកប្រាក់ជាង២៦៨លានដុល្លារ ថយចុះ ២% បើធៀបនឹងរយពេលដូចគ្នានៅឆ្នាំ២០២២។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានស្រាវជ្រាវទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាកត់សម្គាល់ឃើញថា ស្ថិតក្នុងបរិបទនេះ មានបណ្ដាប្រទេសជាច្រើនលើពិភពលោកសុទ្ធតែមានការធ្លាក់ចុះនូវតម្រូវការ ជាពិសេសតម្រូវការមួយចំនួនដែលមិនមានភាពចាំបាច់ រួមទាំងនៅប្រទេសកម្ពុជាផងដែរ។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានគូសបញ្ជាក់ថា ការកាត់បន្ថយនូវការនាំចូលទំនិញមួយចំនួនដែលមិនចាំបាច់ និងជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ទើបជាកត្តាល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា។ ម្យ៉ាងវិញទៀត ស្ថិតក្នុងបរិការណ៍នេះ បើទោះជា កម្ពុជា មានការនាំចូលទំនិញពីប្រទេសដទៃ នៅមានកម្រិត ក៏មិនបានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសដទៃឡើយ។
សូមបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មអន្តរជាតិកមម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់សរុបជាង ២៣ពាន់លានដុល្លារថយចុះ១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ក្នុងនោះ កម្ពុជា បាននាំចេញក្នុងទំហំទឹកប្រាក់ជាង១១ពាន់លានដុល្លារ ខណៈការនាំចូលមានទំហំទឹកប្រាក់ជាង១២ពាន់លានដុល្លារ។ ទំនិញសំខាន់ៗ ដែលកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន ផលិតផលសម្លៀកបំពាក់ ស្បែកជើង វាយនភណ្ឌ សម្ភារ និងគ្រឿងអេឡិចត្រូនិក និងផលិតផលកសិកម្ម ជាដើម។ ដោយឡែក ទំនិញសំខាន់ៗដែលកម្ពុជា បាននាំចូលពីខាងក្រៅវិញ មានដូចជា ម៉ាស៊ីន និងឧបករណ៍អគ្គិសនី សម្ភារសំណង់ ជី-ថ្នាំកសិកម្មជាដើម៕