(ភ្នំពេញ)៖ ជាទូទៅផលិតផលធ្យូងតែងបានមកពីការកាប់ឈើព្រៃធម្មជាតិយកមកដុតស្របពេលដែលនិន្នាការនៃការប្រើធ្យូងនៅតែមានតម្រូវការសម្រាប់ពលរដ្ឋខ្មែរមួយចំនួន។ ប៉ុន្តែមានសហគ្រាស ១ នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញបានយកត្រឡោកដូងមកកែច្នៃជាធ្យូងបរិស្ថានហើយបានជួយផ្តល់ការងារដល់អតីតអ្នករើសសំរាមជាង ៤០ នាក់ និងអ្នកញៀនថ្នាំទៀតផង។
គំនរសម្បកបាវចាស់ៗត្រូវបានគេដាក់គរតម្រៀបគ្នាជាជួរៗ រីឯទិដ្ឋភាពនៅក្នុងបរិវេណសហគ្រាសនោះក៏មិនស្អាតប្រណីតអីដែរ។ ប៉ុន្តែជាទីកន្លែងផ្តល់ផាសុកភាពផ្លូវចិត្តសម្រាប់បុរសអតីតអ្នកញៀនគ្រឿងញៀនម្នាក់ក្នុងចំណោមអតីតអ្នករើសសំរាមជាង ៤០ នាក់ទៀតដែលកំពុងធ្វើការក្នុងសហគ្រាស Khmer Green Charcoal–KGC ជាកន្លែងកែច្នៃធ្យូងអនាម័យចេញពីត្រឡោកដូង។
អ្នកស្រី ជុំ សុភា ម្ចាស់សហគ្រាស Khmer Green Charcoal–KGC បានឱ្យដឹងថា នៅមុនឆ្នាំ ២០១២ កាលពីមិនទាន់កកើតជាសហគ្រាស[KGC] គឺអ្នកស្រីអនុវត្តគម្រោងមួយពាក់ព័ន្ធនឹងការកែច្នៃកាកសំណល់ដែលមានអ្នកជំនាញពីប្រទេសអ៊ីតាលី។ការផ្តួចផ្តើមគំនិតក្នុងការកែច្នៃកាកសំណល់នេះក៏ដោយសារអ្នកស្រីយល់ថា នៅកម្ពុជាមានសំណល់ជាច្រើនត្រូវគេបោះចោល ហើយបង្កជាបញ្ហាដល់បរិស្ថាន។ម្យ៉ាងអ្នកស្រីមើលឃើញថា កាកសំណល់ទាំងនោះក៏នៅអាចទាញយកផលប្រយោជន៍ពីវាបាន។
អ្នកស្រីបានបន្តថា ការកែច្នៃពីកាកសំណល់សំរាមឱ្យកើតទៅជារបស់មានប្រយោជន៍គឺជារឿងសំខាន់ ជាពិសេសបានជួយដល់បរិស្ថានតែម្តង។ បន្ទាប់មកនៅអំឡុងឆ្នាំ ២០១២ អ្នកស្រីបានចាប់ផ្តើមកែច្នៃធ្យូងអនាម័យពីត្រឡោកដូងជំនួសឱ្យការផលិតធ្យូងដែលបានពីការកាប់ព្រៃឈើវិញ ព្រោះថា ការដុតចម្អិនអាហារដោយប្រើធ្យូងបានមកពីការកាប់ព្រៃឈើធម្មជាតិគឺជាទម្លាប់ប្រពៃណីរបស់ប្រជាជនខ្មែរទៅហើយ។
មួយវិញទៀត អ្នកស្រីបានគិតថា ប្រសិនបើប្រជាជនខ្មែរមួយចំនួននៅតែបន្តប្រើធ្យូងតាមបែបប្រពៃណីគឺអាចដល់ជំនាន់កូនក្រោយៗនឹងត្រូវបាត់បង់ព្រៃឈើអស់ ដោយសារមិនអាចបំពេញតាមតម្រូវការប្រើប្រាស់ប្រចាំថ្ងៃបានតទៅទៀត។
អ្នកស្រីថ្លែងថា៖ «ខាងស្ថាប័នពាក់ព័ន្ធរដ្ឋគឺមានតែជួយលើកទឹកចិត្តឱ្យខ្ញុំបន្តផលិតបន្ថែមទៀត។បញ្ជ្រាបព័ត៌មានទៅកាន់អ្នកប្រើប្រាស់ឱ្យគាត់ប្តូរផ្នត់គំនិតបែបប្រពៃណីដុតធ្យូងព្រៃធម្មជាតិមកប្រើប្រាស់ធ្យូងកែច្នៃពីត្រឡោកដូងនេះវិញ»។
អ្នកស្រីបន្តទៀតថា៖ «ព្រោះដោយសារវាចំណេញហើយជួយបានមួយផ្នែកក្នុងការចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ហើយណាមួយជួយដល់បរិស្ថានយើងផង អ្វីដែលយើងអាចជួយបាន គឺយើងមានមោទនភាពដែលយើងមានឱកាសជួយ»។
បើតាមអ្នកស្រី សុភា ចំពោះវត្ថុធាតុដើមត្រឡោកដូងវិញគឺសហគ្រាសរបស់អ្នកស្រីប្រមូលឬទទួលទិញមិនថា នៅក្នុងរាជធានីភ្នំពេញឬនៅតាមបណ្តាខេត្តទេហើយអ្នកដែលមានត្រឡោកដូងលក់អាចដឹកយកមកឱ្យអ្នកស្រីដល់ទីតាំងផ្ទាល់ ក៏បានឬក៏ឱ្យក្រុមការងាររបស់អ្នកស្រីទៅដឹកដល់កន្លែងអ្នកលក់ត្រឡោកដូងក៏បានដែរ។
ទាក់ទងនឹងគុណភាពធ្យូងអនាម័យវិញ អ្នកស្រីបានអះអាងថា បានយកទៅធ្វើពិសោធនៅប្រទេសអាល្លឺម៉ង់ ដែលមានវិញ្ញាបនបត្របញ្ជាក់ទៀតផង។ ចំពោះស្ថាប័នក្នុងប្រទេសក៏មិនមានបញ្ហាអ្វីដែរផ្ទុយទៅវិញមានតែជួយលើកទឹកចិត្តដល់អ្នកស្រីឱ្យបន្តផលិតទៀតផង។
អ្នកស្រីបានឱ្យដឹងថា បច្ចុប្បន្នអតិថិជនប្រើប្រាស់ធ្យូងត្រឡោកដូងរបស់អ្នកស្រីភាគច្រើននៅរាជធានីភ្នំពេញហើយធ្យូងអ្នកស្រីមានកែច្នៃពីត្រឡោកដូងសុទ្ធ (ធ្យូងលេខ ១) និងពីកាកសំណល់កម្ទេចឈើ កម្ទេចធ្យូង កាកអំពៅដែលប្រើប្រាស់រួច (ធ្យូងលេខ២)។ចំពោះធ្យូងលេខ ១ ដុតប្រើបានរយៈពេល ៥ ទៅ ៦ ម៉ោងដែលយូរលើសពីធ្យូងផលិតពីឈើព្រៃពី ៤ ទៅ ៥ ដង ឯធ្យូងលេខ ២ ដុតបាន ៣ ម៉ោង។ ចំណែកការផលិតវិញគឺសហគ្រាសអាចផលិតធ្យូងបានចន្លោះពី ៩០ ទៅ ១២០ តោនក្នុង ១ ខែ។
អ្នកស្រី សុភា បានបន្ថែមថា ផលិតផលធ្យូងរបស់អ្នកស្រីត្រូវបានអតិថិជនទទួលស្គាល់ច្រើនតាមរយៈការតាំងបង្ហាញនៅក្នុងកម្មវិធីតាំងពិព័រណ៍ផ្សេងៗពិសេសនៅតាមស្ថានទូតអាមេរិក ស្ថានទូតបារាំងប្រចាំកម្ពុជា ឬតាមរយៈស្ថាប័នអង្គការមួយចំនួនក៏បានជួយផ្សព្វផ្សាយឱ្យអ្នកស្រីផងដែរ។
ដោយឡែកចំពោះកម្លាំងពលកម្មវិញ អ្នកស្រីបានឱ្យដឹងថា បុគ្គលិកដែលកំពុងបម្រើការងារនៅក្នុងសហគ្រាសធ្យូងអនាម័យរបស់អ្នកស្រីសរុបមានជាង៤០នាក់ដោយជ្រើសរើសចេញពីអ្នករើសសំរាមនិងអ្នកញៀនគ្រឿងញៀន។ ចំពោះបុគ្គលិកជាអតីតអ្នកញៀនគ្រឿងញៀន គឺអ្នកស្រីបានជួយអប់រំណែនាំឱ្យបានយល់ដឹងពីគ្រោះថ្នាក់គ្រឿងញៀនរហូតអាចផ្ដាច់និងអាចបម្រើការងារក្នុងសហគ្រាសបាន។ ក្រៅពីនេះអ្នកស្រីបានសហការជាមួយអង្គការភាពញញឹមជួយដល់ក្មេងៗដែលជាកូនបុគ្គលិកនិងក្មេងនៅខាងក្រៅឱ្យបានចូលរៀនក្នុងអង្គការនេះ សរុបបានប្រមាណជា ១២០ នាក់ផងដែរ។
អ្នកស្រី ជុំ សុភា ប្រាប់ទៀតថា ធ្យូងអនាម័យនេះ ពេលដុតមិនផ្ទុះបែកផ្កាភ្លើង មិនមានផ្សែងនិងមិនធ្វើឱ្យខ្មៅជញ្ជាំងឡើយ។ រីឯការលក់វិញគិតជាមធ្យមគឺក្នុង ១ ខែអ្នកស្រីអាចលក់បានចន្លោះពី ៨០ ទៅ ១០០ តោនឬខែខ្លះលក់បានជាង ១២០ តោនដោយសារអតិថិជនមានតម្រូវការច្រើនជាពិសេសនៅផ្សារទំនើបម៉ាក្រូនិងនៅតាមសណ្ឋាគារ តាមភោជនីយដ្ឋាន និងនៅតាមហាងលក់សាច់អាំងក្នុងរាជធានីភ្នំពេញមានតម្រូវការច្រើនជាងគេ។ក្រៅពីនេះក៏មានដឹកទៅលក់នៅប្រទេសចិនតៃវ៉ាន់ ជប៉ុន និងប្រទេសអាល្លឺម៉ង់ផងដែរ។ប្រទេសទាំង ៣ នេះយកទៅប្រើប្រាស់ជាលក្ខណៈដុតអាំងសាច់ទូទៅ និងជាលក្ខណៈគ្រួសារ។
បើតាមអ្នកស្រី សុភា សម្រាប់ធ្យូងកែច្នៃពីត្រឡោកដូងគឺលក់ក្នុង ១ គីឡូក្រាមថ្លៃ ៤ ពាន់រៀល ឬ ១ តោនថ្លៃ ១ ពាន់ដុល្លារដោយតម្លៃនៅក្នុងប្រទេសក៏ដូចលក់ចេញក្រៅប្រទេសដែរ។ រីឯធ្យូងលេខ ២ លក់ ១ គីឡូក្រាមលក់ថ្លៃ ១ ៦០០ រៀលបើអតិថិជនទិញចាប់ពី ៣០០ គីឡូក្រាមឡើងទៅ [គិតទាំងថ្លៃដឹក] តែបើអតិថិជនមកដល់ទីតាំងផ្ទាល់លក់ថ្លៃ ១ ៥០០ រៀល ក៏ប៉ុន្តែបើអតិថិជនទិញចាប់ពី ៣០០ គីឡូក្រាមចុះគឺលក់ថ្លៃ ១ ៩០០ រៀលក្នុង ១ គីឡូក្រាមដោយសហគ្រាសជាអ្នកដឹកជូន។
អ្នកស្រី សុភា បានបញ្ជាក់ថា៖ «ខ្ញុំចង់ឱ្យអ្នកប្រើធ្យូងប្តូរផ្នត់គំនិតពីការប្រើធ្យូងឈើព្រៃមកប្រើធ្យូងបរិស្ថានវិញ។ ទី ១ ចំណេញមិនកាប់បំផ្លាញ និងជួយរក្សាព្រៃឈើដែលជាជម្រកសត្វព្រៃហើយគាត់ក៏ជួយគាំទ្រដល់បរិស្ថាន។ បើគាត់គាំទ្រដល់ធ្យូងខ្ញុំក៏ដូចជាគាំទ្រដល់បងប្អូនរើសសំរាម និងអ្នកញៀនគ្រឿងញៀនដែរ ព្រោះសព្វថ្ងៃពួកខ្ញុំក៏ជាជំហរសម្រាប់ក្រុមការងារទាំងអស់ដែរ»។
ជុំវិញការចូលបម្រើការនៅក្នុងសហគ្រាសនេះវិញ លោកដុក ខាក់ អាយុ ២៩ ឆ្នាំ ជាបុគ្គលិកម្នាក់ដែលកំពុងធ្វើការក្នុងសហគ្រាសខាងលើបានឱ្យដឹងថា លោករស់នៅជាមួយឪពុកម្តាយក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តែលោករៀនមិនបានចប់ថ្នាក់ ១២ទេ។ កាលពីនៅអាយុ ២០ ឆ្នាំ លោកត្រូវបានមិត្តភក្តិអូសទាញឱ្យសេពគ្រឿងញៀនរហូតក្លាយជាអ្នកញៀនថ្នាំញៀន។
លោកបានបន្តថា កាលពីពេលដែលលោកកំពុងញៀនថ្នាំញៀនខ្លាំងលោកបានដើរសុំការងារគេធ្វើនៅតាមក្រុមហ៊ុនឬនៅតាមរោងចក្រសហគ្រាសដើម្បីបានលុយយកមកទិញថ្នាំញៀនជក់ តែម្ចាស់ក្រុមហ៊ុនឬម្ចាស់រោងចក្របដិសេធទទួលលោកជាបុគ្គលិករបស់គេ។ ក្នុងពេលនោះវិបត្តិក្នុងខ្លួនរបស់លោកពី ១ ខែទៅ ១ ខែ ចេះតែរួមរឹតចិត្តខ្លាំងឡើងដោយសារបញ្ហាញៀនថ្នាំ តែលោកក៏មិនចង់សុំលុយម្តាយមកចាយដែរ ព្រោះគាត់គ្រាន់តែជាអ្នកដាំស្លឱ្យអង្គការមួយដែលទទួលបានប្រាក់ខែមិនដល់ ១ លានរៀលប៉ុណ្ណោះ។
លោកបាននិយាយថា៖ «ពេលនោះខ្ញុំដើរសុំការងារគេធ្វើមិនដែលបានទេ ព្រោះនៅអំឡុងពេលនោះខ្ញុំកំពុងញៀនថ្នាំខ្លាំង។ ខ្ញុំបានត្រឹមតែធ្វើការជាមួយបងប្អូនដូចជា លក់បាយឆាអ៊ីចឹងទៅ ហើយបានតែបងប្អូនដែលធ្លាប់ស្គាល់គ្នាប៉ុណ្ណោះ ដែលគេឱ្យនៅជាមួយ តែរស់នៅបានត្រឹមមួយរយៈគេក៏ដេញខ្ញុំចេញវិញ»។
លោកបន្តថា នៅថ្ងៃមួយលោកអស់ជម្រើសរកកន្លែងនៅគ្មាន ក៏ត្រឡប់មករស់នៅជាមួយឪពុកម្តាយនៅក្នុងភូមិឫស្សីវិញ។ ចៃដន្យពេលនោះមានពូសន្តិសុខម្នាក់ដែលយាមនៅសហគ្រាសផលិតធ្យូងកែច្នៃពីត្រឡោកដូងបានណែនាំឱ្យបានចូលធ្វើការនៅក្នុងសហគ្រាស។
នៅពេលនោះទោះបីជាម្ចាស់សហគ្រាស គឺអ្នកស្រី ជុំ សុភា បានដឹងថាលោកជាមនុស្សញៀនថ្នាំក្តី តែអ្នកស្រីបានអប់រំលោកឱ្យរៀនអានសៀវភៅ ហើយឧស្សាហ៍អប់រំលោកពីផលប៉ះពាល់នៃការប្រើប្រាសគ្រឿងញៀនផងដែរ។ លោកធ្វើការនៅក្នុងសហគ្រាសផលិតធ្យូងរយៈពេល ៨ ឆ្នាំមកហើយ ហើយរហូត មកទល់ ពេលនេះលោកក៏ផ្តាច់គ្រឿងញៀនបានទាំងស្រុងហើយដែរ។
លោកបញ្ជាក់ថា៖ «ខ្ញុំអរគុណដល់មេខ្ញុំបើទោះជាគាត់មិនអាចបង្ខំខ្ញុំឱ្យឈប់ប្រើថ្នាំញៀនបានភ្លាមៗក្តីតែគាត់ចេះតែណែនាំខ្ញុំនិងអប់រំផ្លូវចិត្តដល់ខ្ញុំពីការប្រើថ្នាំញៀន។ គ្មានម្ចាស់ក្រុមហ៊ុនណាផ្តល់ការងារឱ្យធ្វើហើយអប់រំយើងឱ្យឈប់ជក់ថ្នាំញៀនដូចគាត់ទេ»៕