ភ្នំពេញៈ សមាគមវារីវប្បករកម្ពុជាបានឱ្យដឹងថា ប្រភេទត្រីប្រា ត្រីពោ ត្រីឆ្ដោ និងត្រីមួយចំនួនទៀត នាពេលបច្ចុប្បន្ន ចាប់ផ្តើមមានតម្លៃល្អឡើងវិញនៅលើទីផ្សារក្នុងស្រុក បើធៀបនឹងអំឡុងមានការរាតត្បាតជំងឺកូវីដ១៩ ប៉ុន្តែសមាគមមានការបារម្ភចំពោះការផ្អាកចិញ្ចឹមរបស់វារីវប្បករមួយចំនួន ដោយសារកន្លងមកវិស័យនេះ បានជួបបញ្ហាប្រឈមខ្លាំងក្នុងខ្សែចង្វាក់ផលិតកម្ម។
លោក ឡែមផូរ វរិទ្ធិ មន្ត្រីអភិវឌ្ឍន៍សមាគម និងជាអ្នកនាំពាក្យសមាគមវារីវប្បករកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៣ ខែកក្កដា ថា ទីផ្សារត្រីក្នុងស្រុកមួយចំនួនចាប់ផ្ដើមប្រសើរឡើងវិញ ក្រោយបានរងការរង្គោះរង្គើខ្លាំងក្នុងអំឡុងវិបត្តិកូវីដ១៩ កន្លងមក។ ជាក់ស្ដែងទីផ្សារត្រីប្រា ត្រីពោ និងត្រីឆ្ដោ បច្ចុប្បន្ន សុទ្ធតែមានការកើនឡើងបើធៀបនឹងអំឡុងមានការរាតត្បាតជំងឺកូវីដ១៩។
ក៏ប៉ុន្ដែទោះជាទីផ្សារតម្លៃមានភាពល្អប្រសើរក្ដី តែលោក វរិទ្ធិ បានបង្ហាញការបារម្ភជាខ្លាំងចំពោះស្ថានភាពនៃវិស័យវារីវប្បកម្មនៅកម្ពុជា ដែលអាចប្រឈមនឹងការបន្តធ្លាក់ចុះ ខណៈនៅឆ្នាំនេះ វិស័យវារីវប្បកម្មនៅមិនទាន់មានសញ្ញាណវិជ្ជមាននៅឡើយ ស្របពេលក្រុមអ្នកចិញ្ចឹមត្រីក្នុងស្រុកមួយចំនួនបានផ្អាកការចិញ្ចឹមដោយសារជួបបញ្ហាខ្សែចង្វាក់ផលិតកម្ម។
លោក វរិទ្ធិ បានបញ្ជាក់ថា ៖ «អំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩ វិស័យវារីវប្បកម្មរបស់កម្ពុជាបានរងការរង្គោះរង្គើយ៉ាងខ្លាំងដែលធ្វើឱ្យកសិករមួយចំនួនបានសម្រេចចិត្តផ្អាក និងបោះបង់ការចិញ្ចឹមត្រី ព្រោះតែបញ្ហាប្រឈមក្នុងខ្សែចង្វាក់ផលិតកម្ម ជាពិសេសពាក់ព័ន្ធចំណីត្រីឡើងថ្លៃ ខណៈត្រីលក់បានថោក»។
លោកបានបន្តថា៖ «បច្ចុប្បន្នវិស័យវារីវប្បកម្មនៅកម្ពុជាទាំងមូលហាក់មិនទាន់មានសញ្ញាណវិជ្ជមាននៅឡើយទេ បើទោះបីតម្លៃត្រីក្នុងស្រុកមួយចំនួន ដូចជា ត្រីប្រា ត្រីពោ និងត្រីឆ្ដោហាក់មានទីផ្សារល្អប្រសើរ បើធៀបនឹងអំឡុងពេលមានរាតត្បាតជំងឺកូវីដ១៩ក៏ដោយ»។
លោកបានបន្ថែមថា សព្វថ្ងៃ ត្រីប្រា មានតម្លៃចាប់ពី ៥ ០០០ រៀលទៅ ៥ ៥០០ រៀលក្នុង ១ គីឡូក្រាម ដែលខុសពីពេលមុនអាចលក់បានតែត្រឹមតម្លៃ ៤ ពាន់រៀល ក្នុង ១ គីឡូក្រាម។ ចំណែកឯត្រីពោ កាលពីមុនមានតម្លៃ ៦ ០០០ រៀលក្នុង ១ គីឡូក្រាម តែបច្ចុប្បន្នមានតម្លៃពី ៧៥ ០០០ រៀលទៅ ៨ ០០០ រៀលក្នុង ១ គីឡូក្រាម។ ដោយឡែក សម្រាប់ត្រីឆ្ដោបានកើនឡើងពីតម្លៃ ១ ម៉ឺនរៀល ទៅ ១២ ០០០ រៀល ក្នុង ១ គីឡូក្រាម។
អ្នកនាំពាក្យដដែលបានសង្កត់ធ្ងន់ថា៖ «កត្តាដែលធ្វើឱ្យតម្លៃត្រីមួយចំនួនខាងលើកើនឡើង ដោយសារកសិករមួយចំនួនបោះបង់ការចិញ្ចឹម ដែលជំរុញឱ្យមានតម្រូវការត្រីក្នុងស្រុក ហើយកត្តាដែលធ្វើឱ្យការចិញ្ចឹមថយចុះនាពេលកន្លងមក គឺដោយសារតែការចំណាយថ្លៃដើមលើការចិញ្ចឹមពិសេសចំណីត្រីមានតម្លៃខ្ពស់ ហើយត្រីក៏មិនសូវមានទីផ្សារ និងតម្លៃទាបដែលធ្វើឱ្យកសិករពុំសូវទទួលបានផលចំណេញច្រើន និងអាចឈានដល់ការខាតដើមទុនផងដែរ»។
ជាមួយគ្នាលោកក៏បានបង្ហាញក្ដីបារម្ភផងដែរ ចំពោះការធ្លាក់ចុះនៃវិស័យវារីវប្បកម្មនៅកម្ពុជា ដែលអាចនឹងធ្វើឱ្យកម្ពុជាប្រឈមការខ្វះខាតត្រីសម្រាប់ផ្គត់ផ្គង់ទីផ្សារនាពេលខាងមុខ។ បើតាមលោក ឡែមផូរ វរិទ្ធិ ជាទូទៅចាប់ពីអំឡុងខែវិច្ឆិកា គឺជារដូវប្រមូលផលត្រីចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក តែបច្ចុប្បន្ន អ្នកចិញ្ចឹមត្រីនៅសល់ប្រមាណ៤០ភាគរយប៉ុណ្ណោះ ដូច្នេះធ្វើឱ្យលោកបារម្ភថា ការផ្គត់ផ្គង់ត្រីក្នុងស្រុកសម្រាប់ចុងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់អាចនឹងប្រឈមការខ្វះខាត។
លោក យន់ សុវណ្ណារិទ្ធ ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីគ្រប់ប្រភេទ ១ កន្លែង នៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានថ្លែងថា តាមការសង្កេតកសិករចិញ្ចឹមត្រីខ្នាតតូច និងអ្នកទើបចិញ្ចឹមត្រីថ្មីថ្មោង បានដកខ្លួនទៅវិញពោល
គឺបានបោះបង់របរដោយសារតែបញ្ហាវិបត្តិនានាដែលកើតមាននាពេលកន្លងទៅ។ រីឯបច្ចុប្បន្ននៅសល់តែអ្នកដែលមានបទពិសោធន៍លើវិស័យវារីវប្បកម្មនេះយូរឆ្នាំប៉ុណ្ណោះ។
លោកបញ្ជាក់ដូច្នេះថា៖ «នៅពេលដែលកសិករតូចៗទាំងនោះបានឈប់ និងផ្អាកអាជីវកម្មចិញ្ចឹមត្រីរបស់ពួកគេ យើងបានមើលឃើញសញ្ញាណមួយគឺត្រីចាប់ផ្តើមឡើងថ្លៃ ជាពិសេសត្រី ដែលនាំចូលពីប្រទេសជិតខាងគឺគេឡើងថ្លៃមុនយើងទៀត ដោយសារតម្លៃផលិតរបស់គេឡើងថ្លៃដែរ ដូចជាចំណីជាដើម ហើយក្នុងស្រុកយើង ត្រីពោ និងត្រីប្រា ចាប់ផ្តើមមានតម្លៃល្អឡើងវិញ ក្រោយការផលិតធ្លាក់ចុះ ៥០ ភាគរយ»។
កាលពីថ្មីៗនេះ សមាគមវារីវប្បករកម្ពុជាក៏បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនចិន ដ៏ធំមួយដើម្បីជំរុញការនាំចេញផលិតផលវារីវប្បកម្មកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។ ជុំវិញជំនួបនោះក៏ដើម្បីនាំចេញផលិតផលវារីវប្បកម្មមួយចំនួនទៅទីផ្សារចិន ប៉ុន្តែមិនទាន់មានលទ្ធផលអ្វីគួរឱ្យកត់សម្គាល់ទេ ព្រោះភាគីចិនមានតម្រូវការលើផលិតផលវារីវប្បកម្មមួយចំនួនដូចជា អន្ទង់ ក្ដាម ខ្យង ខ្ចៅ និងបង្កងដែលមានស្ដង់ដា និងគុណភាពជាដើម៕