រាល់សកម្មភាពសេដ្ឋកិច្ច និងសង្គមនៅភាគខាងត្បូងតៃវ៉ាន់ បានបិទទាំងស្រុងនៅថ្ងៃព្រហស្បតិ៍ ដោយសារឥទ្ធិពលព្យុះទីហ្វុង Doksuri ដែលបានវាយប្រហារប្រទេសហ្វីលីពីនកាលពីថ្ងៃពុធ បណ្តាលឱ្យមានអ្នកស្លាប់ ខូចខាតហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ។
តាមទីភ្នាក់ងាសារព័ត៌មានរ៉យទ័រ អាជីវកម្មនិងសាលារៀន បានបិទទាំងស្រុង ខណៈដែលក្រុមហ៊ុនអាកាសចរណ៍បានលុបចោលជើងហោះហើរក្នុងស្រុករាប់រយជើង។
អាជ្ញាធរតៃវ៉ាន់កាលពីថ្ងៃអង្គារកន្លងទៅបានលុបចោលការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួនដោយសារក្តីព្រួយបារម្ភអំពីឥទ្ធិពលព្យុះទីហ្វុង Doksuri ដែលគេបានបរិយាយពីវាថា ជាព្យុះខ្លាំងបំផុតទី២ដោយការិយាល័យអាកាសធាតុរបស់តៃវ៉ាន់ ហើយវានឹងបង្កមហន្តរាយធ្ងន់ធ្ងរ ដូចជាទឹកជំនន់ បាក់ដី។
ផ្អែតតាមការចុះផ្សាយរបស់រ៉យទ័រនៅមុននេះ ផ្នែកសេវាកម្មផ្លូវដែករវាងភាគខាងត្បូង និងភាគខាងកើតតៃវ៉ាន់ត្រូវបានបិទ ហើយ មនុស្សជាង ៤០០០នាក់ត្រូវបានជម្លៀសចេញជាការប្រុងប្រយ័ត្ន ដែលភាគច្រើននៅតំបន់ភ្នំភាគខាងត្បូង និងភាគខាងកើតនៃកោះតៃវ៉ាន់ ដែលមានភ្លៀងធ្លាក់ជិត ០.៧ម៉ែត្រ ត្រូវបានកត់ត្រានៅក្នុងតំបន់ខ្លះ និងតាមការព្យាករណ៍ ភ្លៀងនឹងធ្លាក់រហូតដល់ កម្ពស់១ម៉ែត្រ។
ពេលនេះព្យុះដ៏កំណាចនេះ ជាមួយនឹងកម្លាំងខ្យល់អតិបរមា១៩១គីឡូម៉ែត្រក្នុងមួយម៉ោង កំពុងធ្វើដំណើរទៅកាន់ប្រទេសចិន ដែលជាកន្លែងដែលវានឹងធ្វើឱ្យមានការបាក់ដីនៅចុងសប្តាហ៍នេះ។
យោងតាមទីភ្នាក់ងារព័ត៌មានបារាំង AFP អាជ្ញាធរចិននៅខេត្តមួយចំនួនក្នុងភាគខាងកើតប្រទេសចិន នៅថ្ងៃទី២៦ខែកក្កដានេះបានចេញនៅចរាចរណ៍ណែនាំឱ្យមានការប្រុងប្រយ័ត្នកម្រិតខ្ពស់ចំពោះព្យុះទីហ្វុង Doksuri នេះ ដោយអំពាវនាវឱ្យបញ្ឈប់ចរាចរណ៍រថភ្លើង និងមិនឱ្យចេញទៅនេសាទ៕