ក្រុមអាជីវករលក់ដូរនៅតាមផ្សារមួយចំនួន បានប្រាប់អំពីចំណូលធ្លាក់ចុះនាពេលបច្ចុប្បន្ននេះ ដែលពួកគាត់យល់ឃើញថា ដោយសារតែបញ្ហាសេដ្ឋកិច្ចមានការធ្លាក់ចុះ ហើយប្រជាពលរដ្ឋមិនសូវមានលុយចាយច្រើនដូចពេលមុន។
អ្នកស្រី ស៊ាន យាង អាជីវករនៅផ្សារទួលសង្កែតូច បានសារព័ត៌មានកម្ពុជាថ្មីថា មុខរបរលក់បន្លែរបស់អ្នកស្រី ដើមឡើយអាចរកប្រាក់ចំណូលបានច្រើនគួរសម ដោយសារតែមានភ្ញៀវ ឬអ្នកទិញច្រើនកុះករ។ អ្នកស្រីបន្ថែមថា ក្នុងមួយថ្ងៃ អ្នកស្រីអាចរកប្រាក់ចំណូលចន្លោះពី ១៥ម៉ឺនរៀល ទៅ ២៥ម៉ឺនរៀល ដោយបានទូទាត់ថ្លៃដើមឲ្យគេរួចរាល់។ ប៉ុន្តែសម្រាប់បច្ចុប្បន្ននេះ មុខរបរមួយនេះបានធ្លាក់ចុះចំណូលប្រហែល ៤០ភាគរយ បើប្រៀបធៀបនាពេលកន្លងមក។មូលហេតុនៃការធ្លាក់ចុះនេះ អ្នកស្រីយល់ឃើញថា បណ្ដាលមកពីសេដ្ឋកិច្ចធ្លាក់ចុះ ហើយប្រជាពលរដ្ឋមិនសូវសម្បូរ លុយចាយវាយដូចមុន រីឯអ្នកធ្វើការងារនៅតាមរោងចក្រមួយចំនួន ក៏ត្រូវបានផ្លាស់ប្តូរការងារទៅតាមបណ្ដាខេត្តខ្លះផងដែរ។អ្នកស្រី ស៊ាន យាង បានស្នើសុំទៅរាជរដ្ឋាភិបាលអាណត្តិថ្មី ជួយគិតគូរដល់ប្រជាពលរដ្ឋឲ្យមានការងារធ្វើគ្រប់ៗគ្នា និង ជួយសម្រួលដល់ការប្រកបអាជីវកម្មរបស់អ្នកស្រី ក៏ដូចជាអាជីវករដទៃៗទៀតឲ្យបានងាយស្រួលជាងពេលបច្ចុប្បន្ននេះ។
កញ្ញា លីម ស្រីតូច អ្នកលក់ស្បែកជើងផ្សារបឹងកេងកង បានឲ្យដឹងដែរថា មុខរបរលក់ស្បែកជើងបុរសនារីរបស់គាត់ ពីមុនទទួលបានប្រាក់ចំណូលច្រើនគួរសមដែរ។ កាលពីមុន ការលក់ស្បែកជើងនេះ កញ្ញា អាចលក់បានចន្លោះពីចំនួន ១៥គូ ទៅ ២៥គូ ក្នុងមួយថ្ងៃ។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ការលក់ស្បែកជើងរបស់គាត់ត្រូវថយចុះវិញ មកនៅត្រឹមតែចំនួន ៥គូ ទៅ ១០គូប៉ុណ្ណោះ ដោយសារតែមិនសូវមានភ្ញៀវដើរផ្សារ និងមិនសូវមានអ្នកទិញទៀតផង។
កញ្ញា លីម ស្រីតូច ក៏បានស្នើសុំទៅរាជរដ្ឋាភិបាលអាណត្តិថ្មី ជួយគិតគូរស្វែងរកទីផ្សារការងារជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា។ កញ្ញា យល់ថា ការលក់ដូររបស់កញ្ញា ក៏ត្រូវពឹងលើចំណូលរបស់កម្មករ កម្មការិនី សិស្ស និស្សិត និងអ្នកដទៃទៀត ដើម្បីជួយទិញទំនិញរបស់កញ្ញាផងដែរ៕