(វ៉ាស៊ីនតោន)៖ ទិន្នន័យរបស់រដ្ឋាភិបាលអាមេរិកបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចអាមេរិកបានកើនឡើងនៅក្នុងត្រីមាសទីពីរ ដែលគាំទ្រដោយការវិនិយោគរបស់ក្រុមហ៊ុនអាជីវកម្ម និងការចំណាយរបស់អ្នកប្រើប្រាស់ដែលមានភាពធន់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មអាមេរិកថា កំណើនផលិតផលក្នុងស្រុកសរុបក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះមានអត្រាប្រចាំឆ្នាំ ២,៤ភាគរយសម្រាប់រយៈពេលគិតចាប់ពីខែមេសាដល់ខែមិថុនា បើទោះជាអ្នកវិភាគរំពឹងថានឹងមានអត្រាយឺតជាងនេះក៏ដោយ។នេះក៏ជាការកើនឡើងពីអត្រា ២ភាគរយក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២៣។
ទោះបីជាក្រុមសេដ្ឋវិទូបានព្រមានពីការធ្លាក់ចុះកំណើនដែលអាចកើតមាននៅពេលដែលធនាគារកណ្តាលអាមេរិកបានដំឡើងអត្រាការប្រាក់យ៉ាងឆាប់រហ័សនៅក្នុងឆ្នាំមុនដើម្បីកាត់បន្ថយតម្រូវការ និងអតិផរណាទាបក៏ដោយ ក៏សេដ្ឋកិច្ចបានបង្ហាញឱ្យឃើញពីភាពធន់ជាងការរំពឹងទុក។
នៅក្នុងត្រីមាសទី១ ឆ្នាំនេះ កំណើនផលិតផលក្នុងស្រុកសរុបត្រូវបានកែតម្រូវដំឡើងដល់ ២ ភាគរយពីការប៉ាន់ស្មានបឋម ១,១ភាគរយ ដែលត្រូវបានជំរុញដោយការចំណាយរបស់អ្នកប្រើប្រាស់ខ្លាំងជាងការរំពឹងទុក។
នាយកដ្ឋានពាណិជ្ជកម្មអាមេរិកបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការកើនឡើងផលិតផលក្នុងស្រុកសរុបនេះ «បានឆ្លុះបញ្ចាំងពីការកើនឡើងការចំណាយរបស់អ្នកប្រើប្រាស់ ការវិនិយោគថេរមិនមែនលំនៅដ្ឋាន ការចំណាយរបស់រដ្ឋាភិបាលក្នុងតំបន់» និងវិស័យផ្សេងៗទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕