ភ្នំពេញ៖ វិស័យឧស្សាហកម្ម រួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) រំពឹងកើនឡើង ក្នុងឆ្នាំ២០២៣នេះ ដោយគាំទ្រដោយការហូរចូលនៃគម្រោងវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើន។
ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ច្បាប់វិនិយោគថ្មី កិច្ចព្រមព្រៀង FTA និងកិច្ចព្រមព្រៀង RCEP នឹងជួយកម្ពុជាទាក់ទាញវិនិយោគពីបរទេសកាន់តែច្រើន ដែលនឹងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ដែលវិស័យឧស្សាហកម្មរួមចំណែក ក្នុង GDP ឆ្នាំ២០២៣នេះ។
ឯកឧត្តម ថ្លែងថា៖ “បន្ទាប់ពីងើបឡើងពីវិបត្តិជំងឺកូវីដ១៩ ជាសកល យើងឃើញថា កំណើនវិនិយោគបានកើនឡើងជាបន្តបន្ទាប់ ហើយក្នុងឆ្នាំ២០២៣នេះ យើងគិតថា កំណើននៃវិស័យឧស្សាហកម្មរបស់យើង អាចកើនឡើងរហូតដល់ ៣៩ភាគរយ ចូលរួមចំណែកទៅលើ GDP”។
ឯកឧត្តម បញ្ជាក់ថា កំណើននៃលំហូរចូលនៃវិនិយោគគឺដោយសាររាជរដ្ឋាភិបាល បានបង្កើតនូវលិខិតបទដ្ឋានគតិយុទ្ធជាបន្តបន្ទាប់ ដើម្បីជំរុញ និងលើកកម្ពស់ធុរកិច្ចនៅកម្ពុជា ជាពិសេសការទាក់ទាញនូវការវិនិយោគិនឱ្យបានកាន់តែល្អប្រសើរ។
សូមបញ្ជាក់ថា ក្នុងរយៈពេលឆមាសទី១ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកការវិនិយោគ ចំនួន ១១៣គម្រោង មានដើមទុនសរុប ប្រមាណ ១,១ ពាន់លានដុល្លារ។
ប្រទេសចិនឈរលើកំពូងតារាងវិនិយោគផ្ទាល់ពីរប្រទេសនៅកម្ពុជាដោយមានគម្រោងវិនិយោគមានតម្លៃទុនសុបជាង៧០០លានដុល្លារ តាមពីក្រោយដោយវិនិយោគមកពីប្រទេសវៀតណាម ថៃ កូរ៉េខាងត្បូងជាដើម៕ អត្ថបទ៖ វណ្ណៈ