ការប្រកាសរបស់ប្រទេសចិនដើម្បីបង្កើនការត្រួតពិនិត្យលើការនាំចូលអាហារពីប្រទេសជប៉ុន ជុំវិញការព្រួយបារម្ភអំពីសារធាតុវិទ្យុសកម្មបានឈានចូលសប្តាហ៍ទី៣ បានធ្វើឱ្យម្ចាស់ភោជនីយដ្ឋាន និងអ្នកផ្គត់ផ្គង់គ្រឿងសមុទ្រនៅទីក្រុងប៉េកាំងមានការភ័យខ្លាចចំពោះអនាគតមុខរបរដែលពឹងផ្អែកលើទំនិញជប៉ុនរបស់ពួកគេ។
ភោជនីយដ្ឋានអាហារជប៉ុនជាច្រើននៅក្នុងប្រទេសចិន បានរងផលប៉ះពាល់ពីការរឹតបណ្តឹងក្នុងអំលុងជំងឺរាតត្បាតកូវីដ១៩ ដែលទើបតែចាប់ផ្តើមបន្ធូរបន្ថយកាលពីចុងឆ្នាំមុន។ ឥឡូវនេះ ពួកគេកំពុងប្រឈមមុខនឹងកង្វះខាតទាំងអតិថិជន និងអាហារសមុទ្រ នៅមុនផែនការរបស់ប្រទេសជប៉ុន ក្នុងការបង្ហូរទឹកចម្រោះរួចពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា (Fukushima) ចូលទៅក្នុងសមុទ្រ។ ម្ចាស់ហាងមួយចំនួនបានបាត់បង់អតិថិជនមួយភាគធំ និងព្រួយបារម្ភថានឹងត្រូវបិទទ្វារដោយសារអសមត្ថភាពក្នុងការនាំចូលគ្រឿងផ្សំអាហារ ខណៈខ្លះទៀតបាននិយាយថា ពួកគេកំពុងទិញមុខម្ហូប និងប្រភពគ្រឿងផ្សំពីកន្លែងផ្សេងទៀតដើម្បីបន្តជីវិតអាជីវកម្មរបស់ខ្លួន។ចិនជាប្រទេសនាំចូលគ្រឿងសមុទ្រធំបំផុតរបស់ជប៉ុន។
ភ្លាមៗបន្ទាប់ពីរលកយក្សស៊ូណាមិ និងការរញ្ជួយដីឆ្នាំ២០១១ បានបំផ្លាញរោងចក្រនុយក្លេអ៊ែរ Fukushima ប្រទេសនេះបានហាមឃាត់ការនាំចូលអាហារ និងផលិតផលកសិកម្មពីខេត្តចំនួន៥របស់ប្រទេសជប៉ុន។ ក្រោយមក ប្រទេសចិនបានពង្រីកការហាមឃាត់របស់ខ្លួនរហូតដល់១០ខេត្ត ក្នុងចំណោមខេត្តសរុបរបស់ជប៉ុនទាំង ៤៧។ ការរឹតបន្តឹងការនាំចូលចុងក្រោយបំផុតត្រូវបានដាក់ក្នុងខែនេះ បន្ទាប់ពីអ្នកឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបានអនុម័តផែនការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកដែលត្រូវបានចម្រោះ។ប្រទេសចិនបានរិះគន់យ៉ាងខ្លាំងចំពោះចំណាត់ការនេះ ដោយលើកឡើងថា ការបង្ហូរចេញនេះបង្កគ្រោះថ្នាក់ដល់ជីវិតសត្វសមុទ្រ និងសុខភាពមនុស្ស។ទន្ទឹមគ្នានោះ អ្នកផ្គត់ផ្គង់គ្រឿងសមុទ្រក៏ជួបការលំបាកដែរ។ អ្នកនាំពាក្យរបស់ពាណិជ្ជករគ្រឿងសមុទ្រដ៏ធំបានឱ្យដឹងថា ពេលវេលារង់ចាំនៅកំពង់ផែចិនបានកើនឡើងពីចន្លោះពី ២ ទៅ ៧ថ្ងៃ ទៅប្រហែល៣សប្តាហ៍ដើម្បីអាចចែកចាយបាន ដោយបន្ថែមថា ក្រុមហ៊ុនគ្រោងនឹងទទួលយកការរឹតបន្តឹងទាំងនេះដោយបង្វែរការដឹកជញ្ជូនទៅកាន់ប្រទេសទីបី។ មន្ត្រីជប៉ុនបានអំពាវនាវដល់សមភាគីចិន ជាពិសេសនៅក្នុងទីផ្សារធំទីពីររបស់ពួកគេក្នុងទីក្រុងហុងកុង ឱ្យជៀសវាងការហាមឃាត់ ខណៈអ្នកទទួលទានអាហារចិនជាច្រើនបានអះអាងថា ពួកគេគាំទ្រឱ្យមានការត្រួតពិនិត្យដ៏តឹងរ៉ឹងបន្ថែមទៀត៕