Alynana Media Cambodia
Icon Collap
clinic narit

ប្រជាជនថៃឱ្យមានបំណុ.លគ្រួសារខ្ពស់បំផុត ក្នុងរយៈពេល១៥ ឆ្នាំព្រោះ មូលហេតុធំ៣នេះ

Media LNN | Aug 01, 2023
ប្រជាជនថៃឱ្យមានបំណុ.លគ្រួសារខ្ពស់បំផុត ក្នុងរយៈពេល១៥ ឆ្នាំព្រោះ មូលហេតុធំ៣នេះ
Clinic narith

ការស្ទង់មតិមួយបានបង្ហាញឱ្យឃើញថា បំណុលគ្រួសាររបស់ប្រជាជនថៃគិតជាមធ្យមពេលនេះគឺឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១៥ឆ្នាំចុងក្រោយ។ ហើយមូលហេតុធំ៣ នៃកំណើនអវិជ្ជមានបែបនេះរួមមាន សេដ្ឋកិច្ចស្ទុះងើបឡើងវិញយឺតជាងការរំពឹងទុក តម្លៃរស់នៅខ្ពស់ (ចំណូលទាបជាងចំណាយ) និង ភាពមិនច្បាស់លាស់លើការបង្កើតរដ្ឋាភិបាលថ្មីបន្ទាប់ពីការបោះឆ្នោតខែឧសភា។

ប្រភពពី Bangkok Post បានឱ្យដឹងថា តាមការស្ទង់មតិដោយសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) បង្ហាញថា ក្នុងឆ្នាំ២០២៣ បំណុលគ្រួសារថៃជាមធ្យមមានចំនួន ៥៥៩,៤០៩បាត​ (ប្រហែល ១៦,៣០០ដុល្លារ)។ ខណៈតួលេខនេះ បញ្ជាក់ថាវាកើនឡើងដល់ទៅ ១១.៥% លើសពីឆ្នាំមុន។ប្រហែលមួយភាគបីនៃប្រជាជននៅក្នុងប្រទេសថៃមានបំណុលជាមួយនឹងអ្នកផ្ដល់កម្ចីផ្លូវការសរុបចំនួន ១៥.៩៦ពាន់ពាន់លានបាត (ប្រហែល ៤៦៥.៥៦លានដុល្លារ) និងការប៉ាន់ប្រមាណចំនួន ១ពាន់ពាន់លានបាត (ប្រហែល ២៩.១៧លានដុល្លារ) ផ្សេងទៀតជាកម្ចីឯកជនក្រៅប្រព័ន្ធធនាគារ។

ស្របជាមួយបញ្ហាទាំងអស់នោះ លោក Thanavath Phonvichai ប្រធានសាកលវិទ្យាល័យ បានលើកឡើងថា «កម្រិតបំណុលអាចនឹងឈានដល់កម្រិតខ្ពស់បំផុតនៅក្នុងឆ្នាំ២០២៤ខាងមុខនេះ»។ លោកបន្តថា ថ្វីត្បិតតែមានការបោះឆ្នោតក៏ដោយ ក៏ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនៅតែមិនទាន់មានភាពច្បាស់លាស់។ មានន័យថាប្រជាជនថៃនៅតែប្រឈមនឹងបញ្ហាសេដ្ឋកិច្ចជាមួយនឹងតម្លៃរស់នៅខ្ពស់ និងប្រាក់ចំណូលទាបរហូតដល់ដើមឆ្នាំក្រោយ។

គិតត្រឹមខែមីនា ឆ្នាំ២០២៣ បំណុលគ្រួសាររបស់ប្រជាជនថៃសរុបមានចំនួន ៩០.៦% បើធៀបទៅនឹងផលិតផលក្នុងស្រុកសរុប។ តួលេខនេះបានធ្វើឱ្យអ្នកបង្កើតគោលនយោបាយសម្ដែងនូវការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាបំណុលខ្ពស់ ជាពិសេសបារម្ភដល់ប្រជាជនដែលកំពុងមានចំណូលទាប។

បើទោះបីជាយ៉ាងណាក៏ដោយ ក៏ធនាគារកណ្ដាលថៃ បានបង្ហាញពីការតាំងចិត្តយ៉ាងមុតមាំថា «យើងត្រូវតែបន្តតាមដានសមត្ថភាពសេវាបំណុលរបស់ក្រុមដែលងាយរងគ្រោះ បន្ទាប់ពីសញ្ញានៃការចុះគុណភាពឥណទាន ជាពិសេសអ្នកដែលមានប្រាក់ចំណូលទាប»។

ធនាគារកណ្ដាលបានគូសបញ្ជាក់ពីវិធានការជាបន្តបន្ទាប់ ដែលខ្លួនសង្ឃឹមថានឹងធ្វើយ៉ាងណាឱ្យ សមាមាត្រនៃបំណុលគ្រួសាររបស់ប្រជាជនថៃធ្លាក់ចុះមកសល់ត្រឹមតែ ៨០%នៃផលិតផលក្នុងស្រុកសរុប៕