យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងលំនៅឋានថា ប្រទេសចិនត្រូវការវិធានការអនុវត្តប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ដូចជាអត្រាកម្ចីទិញផ្ទះទាប និងអនុបាតការទូទាត់ទាប សម្រាប់អ្នកទិញផ្ទះលើកដំបូង ដើម្បីជួយជំរុញការទិញផ្ទះ។
លោក Ni Hong រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការបំពេញតម្រូវការលំនៅដ្ឋានសំខាន់ៗរបស់អ្នកស្រុក និងតម្រូវការរបស់ពួកគេ សម្រាប់ជីវភាពរស់នៅកាន់តែប្រសើរឡើង អំឡុងពេលថ្លែងក្នុងសន្និសីទនាពេលថ្មីៗនេះ ជាមួយអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងក្រុមហ៊ុនសំណង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Xinhua។
បន្ថែមពីនោះ រដ្ឋមន្ត្រីក្រសួងលំនៅឋានបានសន្យាថា នឹងប្រឹងប្រែងធានាឲ្យបាននូវការប្រគល់ផ្ទះដល់អ្នកទិញមុនៗ ខណៈការខ្ចីប្រាក់ទិញផ្ទះបន្ថែម នឹងត្រូវសិក្សាលើចំនួនផ្ទះរបស់បុគ្គលដែលមានបំណងខ្ចីប្រាក់ ដោយមិនមើលទៅលើបំណុលពីមុនៗឡើយ។
លោក Ni ក៏បានសង្កត់ធ្ងន់ថា ការធ្វើបែបនេះគឺដើម្បីបង្កើនសកម្មភាពឲ្យកាន់តែច្រើន លើវិស័យអចលនទ្រព្យ ក៏ដូចជាពង្រឹងការងើបឡើងវិញនៃវិស័យដែលកំពុងមានបញ្ហាមួយនេះផងដែរ៕