ព្យុះរហូតដល់ទៅ៣ ត្រូវបានព្យាករថា នឹងបោកបក់នៅសមុទ្រវៀតណាមខាងកើត ក្នុងខែនេះ ដែលធ្វើឲ្យប៉ះពាល់ដល់តំបន់ភាគខាងជើង និងកណ្តាល។ហេតុនេះហើយ មជ្ឈមណ្ឌលអាកាសធាតុជាតិវៀតណាម បានចេញសេចក្តីណែនាំឲ្យប្រជានេសាទ ធ្វើការដោយប្រុងប្រយ័ត្ននិងតាមដានព័ត៌មានអាកាសធាតុ ទាន់ហេតុការណ៍។ព្យុះមួយដែលគេស្គាល់ថា Khanun កំពុងវាយប្រហារដែនទឹក នៅភាគខាងកើតកោះតៃវ៉ាន់ ខណៈទីភ្នាក់ងារឧតុនិយមជប៉ុនបានឲ្យដឹងថា ព្យុះនេះ កំពុងបង្កើនកម្លាំង ជាមួយនឹងខ្យល់បក់ខ្លាំងល្បឿន ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់កន្ត្រាក់ ២៥២គីឡូម៉ែត្រក្នុងមួយម៉ោង។ទោះបីជាយ៉ាងណាក៏ដោយ ក្នុងខែនេះ តំបន់ភាគខាងជើងប្រទេសវៀតណាម ក៏នឹងទទួលរងនូវរលកកម្តៅ និងភ្លៀងធ្លាក់ខ្លាំងផងដែរ ខណៈតំបន់កណ្តាល ត្រូវបានព្យាករថា នឹងជួបប្រទះអាកាសធាតុក្តៅ រហូតដល់ពាក់កណ្តាលខែសីហា។
សីតុណ្ហភាពជាមធ្យមប្រចាំខែសីហា នៅក្នុងតំបន់ទាំងពីរ អាចនឹងខ្ពស់ជាងកម្រិតមធ្យមនៃឆ្នាំមុនពី ០.៥ ទៅ ១ អង្សាសេ។លើសពីនេះ ភ្លៀងធ្លាក់នៅភាគខាងជើងប្រទេសវៀតណាមក្នុងខែសីហា ត្រូវបានគេព្យាករថាមានកម្រិតទាបជាងមធ្យមពី ១០ទៅ២៥%។ស្របពេលជាមួយគ្នានោះ មជ្ឈមណ្ឌលអាកាសធាតុជាតិ បានព្យាករថា តំបន់ភាគខាងជើងនឹងប្រឈមភ្លៀងធ្លាក់កម្រិត១៧០មិល្លីម៉ែត្រ ចាប់ពីពេលនេះ រហូតដល់ថ្ងៃព្រហស្បតិ៍៕