អតិផរណានៅឆមាសទី២ អាចប្រឈមនឹងភាពមិនច្បាស់លាស់ ដោយសារស្ថានភាព សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងស្ថានភាពសេដ្ឋកិច្ចពិភពលោក។ ទោះជាយ៉ាងនេះក្ដី អតិផរណាក្នុងឆមាសទី២ ឆ្នាំ២០២៣ ត្រូវបានព្យាករថា មានកម្រិតជាមធ្យមប្រមាណ ២,៧% (១,២% នៅឆមាសទី១) ហើយអតិរណាសម្រាប់ឆ្នាំ ២០២៣ អាចមានកម្រិតជាមធ្យមប្រមាណ ២%។ នេះបើយោងតាមបង្ហាញរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC) កាលពីខែកក្កដា។
បើតាមធនាគារជាតិ ការព្យាករនេះ ដោយហេតុផល ការថយថ្លៃក្រុមទំនិញ សេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ និងរំពឹងពីការថមថយកំណើនសេដ្ឋកិច្ចពិភពលោក ដែលធ្វើឱ្យតម្រូវការប្រេងថយចុះ។ បើទោះជាថ្លៃប្រេងឆៅពិភពលោកត្រូវបានព្យាករថា នឹងកើនឡើងជាបន្តបន្ទាប់ចាប់ពីខែ កក្កដា ដល់ ខែកញ្ញា មុននឹងថមថយមកវិញចាប់ពីខែ តុលា ក្នុងបរិការណ៍ដែល OPEC (Organization of the Petroleum Exporting Countries) និងបណ្ដាប្រទេសដៃគូ (OPEC+) បានប្រកាសកាត់បន្ថយការផលិតប្រេងឆៅចំនួន ១,២ លានបារ៉ែលក្នុងមួយថ្ងៃ នៅដើមខែ មេសា រហូតដល់ចុងឆ្នាំ ២០២៣។
លើសពីនេះទៀត កំណើនថ្លៃម្ហូបអាហារបន្តមានកម្រិតទាប ប៉ុន្តែកើនមកវិញបន្តិច ៣,២% (២,៦% នៅឆមាសទី១) ដោយសារភាពប្រសើរឡើងនៃវិស័យកសិកម្ម គួបផ្សំនឹងមូលដ្ឋានខ្ពស់ស្រាប់កាលពីគ្រាដូចគ្នាឆ្នាំមុន។
សូមបញ្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាបន្តមានវឌ្ឍនភាពល្អ ដែលគាំទ្រជាចម្បង ដោយកំណើនខ្ពស់នៃវិស័យទេសចរណ៍ និងវឌ្ឍនភាពល្អនៃវិស័យកសិកម្ម ស្របពេលដែលវិស័យសំណង់ ហាក់បានបង្ហាញពីសញ្ញាងើបឡើងវិញ ខណៈដែលការនាំចេញក្នុងវិស័យកាត់ដេរស្បែកជើង និងផលិតផលធ្វើដំណើរទៅកាន់ប្រទេសដៃគូសំខាន់ៗបានធ្លាក់ចុះ ដោយសារតែសេដ្ឋកិច្ចប្រទេសទាំងនោះ ទទួលរងផលប៉ះពាល់ពីការអូសបន្លាយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងឥទ្ធិពលអវិជ្ជមាន នៃការដំឡើងអត្រាការប្រាក់គោលដើម្បីទប់ទល់នឹងកំណើនអតិផរណា៕