ធនាគារដែលគ្រប់គ្រងដោយរដ្ឋចំនួនបីរបស់វៀតណាមគឺ Vietcombank, BIDV, Vietinbank បានរាយការណ៍ពីទិន្នន័យនៃប្រាក់ចំណេញខ្ពស់បំផុតរបស់ខ្លួន ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៣នេះ។
នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន VNExpress ។ក្នុងនោះ ធនាគារ Vietcombank នៅតែឈរលើចំណាត់ថ្នាក់លេខមួយ ជាមួយនឹងការចំណេញប្រាក់ប្រមាណ ២០,៥ពាន់ពាន់លានដុង ឬប្រមាណ ៨៦៨,៦លានដុល្លារអាមេរិក ដោយចំនួននេះកើនឡើង ១៨% បន្ថែមទៀតបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ខណៈធនាគារ BIDV បានកើនឡើងប្រាក់ចំណេញប្រមាណ ១៣,៨៦ពាន់ពាន់លានដុងឯណោះ ដែលទិន្នន័យនេះកើនឡើងរហូតដល់ទៅ ២៦% បើធៀបនឹងឆ្នាំ ២០២២កន្លងទៅ។
មិនត្រឹមតែប៉ុណ្ណោះ ធនាគាររដ្ឋ Vietinbank និងធនាគារគ្រប់គ្រងដោយយោធា MB ឈរនៅចំណាត់ថ្នាក់លេខ ៣ ដោយរកបានប្រាក់ចំណេញប្រហាក់ប្រហែលគ្នាផងដែរ គឺប្រមាណជាជាង ១២,៥ពាន់ពាន់លានដុងឯណោះ។ជាមួយគ្នានោះ ធនាគារឯកជនដូចជា ACB, SHB, VIB និង HDBank ក៏បានកើនឡើងប្រាក់ចំណេញរបស់ខ្លួនរហូតដល់ ១០%ផងដែរ។ដោយឡែក ធនាគារ Techcombank ដែលធ្លាប់ជាធនាគារឈរលើចំណាត់ថ្នាក់លំដាប់ទីពីរ ក្នុងការរកប្រាក់ចំណេញបានច្រើនជាងគេ បានធ្លាក់ចុះស្ថិតមកនៅត្រឹមចំណាត់ថ្នាក់ទីប្រាំវិញ ដោយសារតែប្រាក់ចំណូលរបស់ខ្លួនបានធ្លាក់ចុះ ២០% ឬប្រមាណ ១១,៣ពាន់ពាន់លានដុង។ មូលហេតុនៃការធ្លាក់ចុះប្រាក់ចំណូលនេះក៏ដោយសារតែប្រភពចំណូលទាំងពីររបស់ខ្លួន គឺប្រាក់កម្ចីអចលនទ្រព្យ និងការវិនិយោគលើមូលបត្របំណុលសាជីវកម្ម បាននឹងកំពុងជួបនូវវិបត្តិអវិជ្ជមាន។