មន្ត្រីស៊ើបអង្កេត ក.ប.ប ចុះត្រួតពិនិត្យស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ១៦ ទីតាំង រកឃើញ ១ ទីតាំង បន្លំលីត្រប្រេងសាំង ប្រេងម៉ាស៊ូត និង ២ ទីតាំងទៀត ពុំមានអនុលោមភាពផ្នែកបរិមាណ នៅខេត្តចំនួន ៥។
កាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៣ នេះ ដោយសង្កេតឃើញមានភាពមិនប្រក្រតីលើដេប៉ូប្រេងឥន្ធនៈ ១ កន្លែង នៅតាមបណ្ដាញសង្គមហ្វេសប៊ុក លោកប្រធានសាខា ក.ប.ប ខេត្តកណ្ដាល បានដឹកនាំកម្លាំងមន្ត្រីជំនាញចុះទៅដល់ទីតាំងដេប៉ូប្រេងឥន្ធនៈ ១ កន្លែង ស្ថិតក្នុងភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ដោយធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់តាមរយៈការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យប្រេងឥន្ធនៈ (Pumpwatch)។
ជាលទ្ធផល មន្ត្រីជំនាញ បានរកឃើញថា ដេប៉ូខាងលើមានលម្អៀងផ្នែកបរិមាណ (បន្លំលីត្រ) ទាំងប្រេងសាំងធម្មតា (លម្អៀង ៤.៨ ល/១០០ ល) និងប្រេងម៉ាស៊ូត (លម្អៀង ៣.១ ល/១០០ ល)។ ជាមួយនោះ មន្ត្រីជំនាញ ក៏បានអនុវត្តវិធានការតាមច្បាប់ ស្ដីពី កិច្ចការពារអ្នកប្រើប្រាស់ជាធរមាន និងបានឲ្យម្ចាស់ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវជាដាច់ខាត។នៅថ្ងៃខែឆ្នាំដដែល ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កណ្ដាល កំពត ស្វាយរៀង និងខេត្តកំពង់ធំ មន្ត្រី ក.ប.ប បានបន្តត្រួតពិនិត្យអនុលោមភាពលើស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ សរុបចំនួន ១៥ ទីតាំង ដោយរកឃើញមានដេប៉ូប្រេងឥន្ធនៈ ២ ទីតាំង ពុំមានអនុលោមភាពផ្នែកបរិមាណ និងបានទទួលរងនូវការពិន័យអន្តរការណ៍ពីមន្ត្រីជំនាញ ក៏ដូចជាធ្វើកិច្ចសន្យាកែតម្រូវផងដែរ។ដោយឡែកភូមិសាស្ត្ររាជធានីភ្នំពេញ មន្ត្រីជំនាញ ចុះអង្កេត និងតាមដានតម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូ បានចំនួន ៦ ទីតាំង ក្នុងខណ្ឌទួលគោក និងខណ្ឌមានជ័យ ដែលពុំមានស្ថានីយ និងដេប៉ូណា ដាក់លក់លើសតម្លៃកំណត់ដោយក្រសួងពាណិជ្ជកម្មនោះទេ៕