តាំងពីប្រទេសឥណ្ឌា ប្រកាសផ្អាកការនាំចេញអង្កររបស់ខ្លួន ប្រទេសវៀតណាម ទទួលបានផលប្រយោជន៍ជាច្រើនពីរឿងមួយនេះ ដ្បិតវៀតណាមគឺជាប្រទេសនាំចេញអង្ករធំបំផុតទី ៣ បន្ទាប់ពីឥណ្ឌា និងថៃ។
តួយ៉ាង របាយការណ៍ផ្ដល់ឲ្យដោយក្រសួងកសិកម្ម និងអភិវឌ្ឍន៍តំបន់ជនបទវៀតណាម បានបង្ហាញថា ការនាំចេញអង្ករក្នុងរយៈពេល ៧ខែតំបូងនាឆ្នាំ ២០២៣នេះ មានការកើនឡើងប្រមាណ ២៩,៦% បើធៀបនឹងឆ្នាំទៅ ពោលគឺកើនឡើងដល់ ៤,៨៤លានតោន។
ការនាំចេញអង្ករបានជិត ៥លានតោនរបស់វៀតណាម ក៏បានធ្វើឲ្យប្រទេសនៅអាស៊ានមួយនេះ កើបលុយបានក្រាស់ក្រែល ប្រមាណ ២,៦ពាន់លានដុល្លារផងដែរ ខណៈប្រទេសដែលនាំចូលអង្ករច្រើនបំផុតពីវៀតណាមគឺ ប្រទេសចិន ហ្វីលីពីន និងឥណ្ឌូណេស៊ី។
សូមជម្រាបបន្ថែមថា ក្រោយទិន្ន័យនាំចេញអង្ករឆមាសទីមួយមានភាពប្រសើរ រដ្ឋាភិបាលវៀតណាមរំពឹងថា ទិន្នផលអង្ករប្រចាំឆ្នាំអាចកើនពី ៤៣,២ ដល់ ៤៣,៤លានតោន ខណៈពួកគេក៏សង្ឃឹមដែរថា ការប្រើប្រាស់អង្ករក្នុងស្រុកក៏នឹងអាចកើនពី ៧ ដល់ ៧,៥លានតោនផងដែរ៕