Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋាភិបាលប្រកាសផ្ដល់ប្រាក់រង្វាន់ជាង២ម៉ឺនដុល្លារដល់អ្នកដែលផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងអំពើពុករលួយក្នុងវិស័យគ្រាប់ធញ្ញាជាតិ

Media LNN | Aug 03, 2023
រដ្ឋាភិបាលប្រកាសផ្ដល់ប្រាក់រង្វាន់ជាង២ម៉ឺនដុល្លារដល់អ្នកដែលផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងអំពើពុករលួយក្នុងវិស័យគ្រាប់ធញ្ញាជាតិ
Clinic narith

រដ្ឋាភិបាលចិនបានឆ្អែតចិត្តនឹងអំពើពុករលួយនៅក្នុងវិស័យគ្រាប់ធញ្ញជាតិរបស់ខ្លួន ហើយបានដាក់ចេញនូវគំនិតផ្ដួចផ្ដើមមួយដោយផ្ដល់ប្រាក់រង្វាន់ជាង២ម៉ឺនដុល្លារដល់អ្នកណាដែលបានលួចផ្ដល់ព័ត៌មានដែលបង្ហាញពីអំពើពុករលួយនៅក្នុងវិស័យគ្រាប់ធញ្ញជាតិរបស់ខ្លួន។ ការផ្ដល់ប្រាក់រង្វាន់នេះគឺមានបំណងទប់ស្កាត់អំពើពុករលួយក៏ដូចជាពង្រឹងសន្តិសុខស្បៀងរបស់ចិនផងដែរ។

នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានចិនគឺសៅឆាយណាម័រនីងប៉ុស្តិ៍។រដ្ឋាភិបាលចិនបានចេញការណែនាំមួយដែលបានចេញផ្សាយកាលពីសប្តាហ៍មុនថា អ្នកផ្តល់តម្រុយដ៏មានតម្លៃដែលលាតត្រដាងពីការអនុវត្តខុសច្បាប់ក្នុងការទិញនិងលក់គ្រាប់ធញ្ញជាតិសម្រាប់ទុកបម្រុងថ្នាក់ជាតិនឹងទទួលបានរង្វាន់ជាសាច់ប្រាក់រហូតដល់២ម៉ឺន១ពាន់ដុល្លារអាមេរិកខណៈដែលយុទ្ធនាការប្រឆាំងអំពើពុករលួយនៅក្នុងឧស្សាហកម្មគ្រាប់ធញ្ញជាតិមានសភាពកាន់តែស៊ីជម្រៅ។

ការផ្តល់រង្វាន់នេះគឺមានបំណង«ទាក់ទាញសាធារណជន»ឱ្យស្វែងយល់ពីប្រព័ន្ធបម្រុងគ្រាប់ធញ្ញជាតិដ៏សំខាន់បំផុតដែលទីក្រុងប៉េកាំងចាត់ទុកថាជា«ថ្មដ៏រឹងមាំ»នៃសន្តិសុខស្បៀង។ នេះបើយោងតាមការណែនាំដែលចេញរួមគ្នាដោយរដ្ឋបាលទុនបម្រុងអាហារជាយុទ្ធសាស្ត្រថ្នាក់ជាតិនិងក្រសួងហិរញ្ញវត្ថុ។

ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសចិនបាននិងកំពុងផ្ដោតកាន់តែខ្លាំងឡើងពីការចាំបាច់ត្រូវរក្សាភាពគ្រប់គ្រាន់ដោយខ្លួនឯងដើម្បីចិញ្ចឹមពលរដ្ឋចិនជាង១ពាន់លាននាក់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ចំពេលមានការកើនឡើងនៃបញ្ហាប្រឈមនឹងការប្រែប្រួលអាកាសធាតុ និងភាពមិនច្បាស់លាស់នៃទីផ្សារពិភពលោកដោយសារទំនាក់ទំនងដ៏ជូរចត់ជាមួយបស្ចិមលោក និងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

ចំណាត់ការចុងក្រោយនេះក៏ជាផ្នែកមួយនៃការបង្រ្កាបអំពើពុករលួយនៅទូទាំងប្រទេសលើវិស័យគ្រាប់ធញ្ញជាតិតាំងពីឆ្នាំ២០២១ ហើយមកដល់ពេលនេះចិនបានដកតំណែងមន្ត្រីរាប់សិបនាក់នៅថ្នាក់រដ្ឋ និងខេត្តរួមទាំងអតីតប្រធានរដ្ឋបាលបក្សលោក ចាង វូហ្វឹង (Zhang Wufeng) ផងដែរ។

វិស័យគ្រាប់ធញ្ញជាតិនៅតែជាផ្នែកមួយដែលត្រូវបានបង្រ្កាបយ៉ាងខ្លាំងបំផុតនៅក្នុងឆ្នាំនេះ។ នេះបើយោងតាមសេចក្តីប្រកាសពីកិច្ចប្រជុំកាលពីខែមករារបស់ស្ថាប័នប្រឆាំងអំពើពុករលួយកំពូលរបស់ប្រទេសចិនដែលជាគណៈកម្មការកណ្តាលសម្រាប់អធិការកិច្ចវិន័យ។

នៅក្នុងករណីអំពើមួយដែលបង្ហាញដោយខេត្តអាន់ហួយ (Anhui) កាលពីខែមេសាបានបង្ហាញថា មេដឹកនាំចំនួន៣នាក់នៃក្រុមគ្រប់គ្រងគ្រាប់ធញ្ញជាតិរបស់រដ្ឋប្រចាំខេត្តនេះត្រូវបានចោទថាបានស៊ីសំណូកជាង១លានដុល្លារ ហើយអំពើពុករលួយរបស់ពួកគេនេះបាននាំឱ្យមានការកឹបកេងថវិកាចំនួនជាង៣២លានដុល្លារសម្រាប់ពាណិជ្ជកម្មម្ហូបអាហារ៕