![ម្ទេសដៃនាងមានតម្រូវការទីផ្សារក្រៅស្រុកខ្ពស់ អាចនាំចេញជាង៤០តោន ក្នុងមួយខែ](https://www.alynana.com/storage/11-42e16d0bafill-960x540-57.jpg)
ម្ទេសដៃនាង ជាដំណាំមួយអាចយកទៅកែច្នៃបានច្រើនប្រភេទ ដោយអាចប្រើការតាំងពីពេលនៅខ្ចី រហូតដល់ទុំ ខុសពីម្ទេសអាចម៌សត្វដែលអាចហូបតែម្យ៉ាង ហើយដំណាំម្ទេសដៃនាង ដាំរយៈពេលតែ៣ខែ អាចទទួលបានផលដល់រយៈពេល៦ទៅ៧ខែ ផងដែរ។ជាមួយគ្នានេះ តម្លៃម្ទេសដៃនាង មានតម្រូវការទីផ្សារក្រៅស្រុកខ្ពស់ អាចនាំចេញជាង៤០តោន ក្នុងមួយខែ។នេះបើតាមការឱ្យដឹងពីម្ចាស់ចំការម្ទេសដៃនាងមួយរូប នៅខេត្តសៀមរាប។លោក គឹម ចាំង ម្ចាស់ចំការក្តោបក្តាប់ម្ទេសដៃនាង ប្រមាណជាង៥ហិកតា និងជាឈ្មួញកណ្តាលនាំចេញម្ទេសពីខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តកំពង់ចាម បានឱ្យឧកញ៉ាញូស៍ដឹងថា ឆ្នាំនេះតម្លៃម្ទេសដៃនាងមានតម្លៃខ្ពស់ជាងឆ្នាំមុន ដោយតម្លៃក្នុងស្រុកបច្ចុប្បន្នបោះដុំបានចន្លោះពី៥០០០រៀល ទៅ៥៥០០រៀលក្នុងមួយគីឡូក្រាម ជួនកាលអាចដល់៦០០០រៀល។ចំណែកតម្លៃដោះដុំទៅក្រៅស្រុកមានតម្លៃ៥០០០រៀល ស្តើង។
លោក បន្តថា តម្លៃម្ទេសដៃនាងក្នុងស្រុកខ្ពស់ជាងខាងក្រៅស្រុក ប៉ុន្តែអត្រាការនាំចេញខាងក្រៅស្រុកមានតម្រូវការច្រើនជាង ពោលចន្លោះពី៤៨តោន ទៅ៧២តោន ក្នុងមួយខែ ទៅកាន់ប្រទេសម៉ាឡេស៊ី និងប្រទេសកូរ៉េ។ហើយលោក ក៏កំពុងសិក្សាទីផ្សារនាំចេញទៅកាន់ប្រទេសថៃ និងប៉ែកអឺរ៉ុបបន្ថែមទៀតផងដែរ។
![](https://www.oknha.news/wp-content/uploads/2023/08/image-44-1024x768.png)
ម្ចាស់ចំការខាងលើ បានបន្ថែមទៀតថា ម្ទេសមានតម្រូវការទីផ្សារខ្ពស់ ទូលាយ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា អ្នកដែលដឹងពីតម្រូវការទីផ្សារមានអត្រាតិច វាធ្វើឱ្យប្រជាជនភាគច្រើនដាំដំណាំផ្សេងៗ តាមគ្នា ប៉ុន្តែសម្រាប់ដំណាំម្ទេស ដាំតែ៣ខែ អាចទទួលបានផលដល់រយៈពេល៦ទៅ៧ខែ ទើបអស់អាយុរបស់វា។
បើតាមលោក គឹម ចាំង តម្លៃម្ទេសដៃនាងទាបបំផុតមានតម្លៃ២០០០រៀល ទៅ២៥០០រៀល ក្នុងមួយគីឡូក្រាម ហើយតម្លៃខ្ពស់អាចឡើងដល់៦០០០រៀល ក្នុងមួយគីឡូក្រាម សម្រាប់តម្លៃបោះដុំ។
ម្ចាស់ចំការដៃម្ទេសនាងខាងលើ បានគូសបញ្ជាក់ថា ខាងក្រុមឈ្មួញកណ្តាលនាំចេញម្ទេសដៃនាងរបស់លោក ត្រូវការក្រុមផលិតឲ្យបានច្រើនបន្ថែមទៀត ដើម្បីធានាឲ្យបាននូវនិរន្តនភាពការផ្គត់ផ្គង់ឲ្យបានស្ថេរភាពទីផ្សារ។
គួរឱ្យដឹងផងដែរថា បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ ម្ទេសស្រស់មានតម្លៃប្រែប្រួលចន្លោះពី៤០០០រៀល ទៅ៩០០០រៀល ក្នុងមួយគីឡូក្រាម៕
![](https://www.oknha.news/wp-content/uploads/2023/08/image-45-1024x576.png)
![](https://www.oknha.news/wp-content/uploads/2023/08/image-46-1024x768.png)