យោងតាមរបាយការណ៍របស់ធានាគារជាតិនៃកម្ពុជាបានឲ្យដឹងថា កម្ពុជានាំចេញឧបករណ៍អគ្គិសនី និងគ្រឿងអេឡិចត្រូនិចបានទឹកប្រាក់ ១,៤ ពាន់លានដុល្លារក្នុងរយៈពេលមួយឆមាសឆ្នាំ ២០២៣នេះ ។ការនាំចេញផលិតផលកម្ពុជាមានដូចជា សំលឿកបំពាក់ និង ផលិតផលមិនមែនសំលៀកបំពាក់ថយចុះឆ្នាំដោយសារការធ្លាក់ចុះតម្រូវការទីផ្សារធំរបស់កម្ពុជារួមទាំង សហរដ្ឋអាមេរិក អឺរ៉ុង និង អង់គ្លេស។របាយការណ៍សរសេរថា៖ «ខណៈការនាំចេញសំលៀកបំពាក់ កង់ និង កៅស៊ូថយចុះ ការនាំចេញឧបករណ៍អគ្គិសនី និងគ្រឿងអេឡិចត្រូនិចមានការកើនឡើង១,៣ ដងពីមួយឆ្នាំទៅមួយឆ្នាំ»។
រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហេង សុខគង់ មានប្រសាសន៍ថា ការនាំចេញផលិតផលមិនមែនសំលៀកបំពាក់គឺមានសញ្ញាកើនឡើងក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ លើសពីកំណើននៃការនាំចេញផលិតផលកាត់ដេរ។
លោកមានប្រសាសន៍ថា៖ « គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ បានជំរុញការវិនិយោគនៅក្នុងសង្វាក់ផលិតកម្មបច្ចេកវិទ្យា ហើយពួកយើងបានមើលឃើញមានកំណើនផលិតផលមិនមែនសំលៀកបំពាក់កាត់ដេរផងដែរ»។
លោកមានប្រសាសន៍បន្តថា វាមានសន្ទុះដ៏ល្អក្នុងការអភិវឌ្ឍឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្មទៅជាជំនាញ ឬឧស្សាហកម្មផ្អែកលើបច្ចេកវិទ្យា។
ឧស្សាហកម្មអេឡិចត្រូនិក និងអគ្គិសនីសកលបានរីកចម្រើនយ៉ាងខ្លាំងដើម្បីក្លាយជាវិស័យសំខាន់ដែលបង្កើតប្រាក់ចំណូល និងការងារនាំចេញយ៉ាងច្រើន ព្រមទាំងជាធាតុជំនួយដ៏សំខាន់នៅក្នុងវិស័យសេដ្ឋកិច្ចផ្សេងទៀត រួមមានការទំនាក់ទំនង ការអប់រំ ហិរញ្ញវត្ថុ និងរដ្ឋាភិបាល។
កំណើនឧស្សាហកម្មអេឡិចត្រូនិក និងបណ្តាលផលិតផលអគ្គិសនី គឺជាការអភិវឌ្ឍដ៏ជោគជ័យមួយសម្រាប់ប្រទេសកម្ពុជា ដូចដែលបានបង្ហាញនៅក្នុងការដាក់បញ្ចូលឧស្សាហកម្មអេឡិចត្រូនិក និងអគ្គិសនីនៅក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម
(IDP) របស់កម្ពុជា ២០១៥-២០២៥។ ហើយរដ្ឋាភិបាលខិតខំផ្លាស់ប្តូររចនាសម្ព័ន្ធឧស្សាហកម្មរបស់ប្រទេស តាមរយៈការតភ្ជាប់កាន់តែប្រសើរជាមួយខ្សែសង្វាក់តម្លៃក្នុងតំបន់ និងពិភពលោកផងដែរ៕