Alynana Media Cambodia
Icon Collap
clinic narit

អាស៊ានកំពុងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយចក្រភពអង់គ្លេស និងប្រទេសរុស្ស៊ី

Media LNN | Aug 04, 2023
អាស៊ានកំពុងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយចក្រភពអង់គ្លេស និងប្រទេសរុស្ស៊ី
Clinic narith

(បាងកក)៖ អាស៊ានកំពុងបង្កើនកិច្ចពិភាក្សាជាមួយចក្រភពអង់គ្លេស និងប្រទេសរុស្ស៊ី ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍នៅសប្តាហ៍នេះ។

លោកស្រី Auramon Supthaweethum អគ្គនាយកនៃនាយកដ្ឋានចរចាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មថៃ បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា លោក Duangarthit Nidhi-u-tai អគ្គនាយករងនៃនាយកដ្ឋានរបស់លោក ត្រូវបានចាត់តាំងឱ្យចូលរួមក្នុងកិច្ចប្រជុំមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់អាស៊ាន-អង់គ្លេស លើកទី៤ (SEOM) កិច្ចប្រជុំមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់អាស៊ាន-រុស្ស៊ីលើកទី១៥ និងកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មអាស៊ាន-អឺរ៉ុបលើកទី៣១ ដែលធ្វើឡើងក្នុងអំឡុងថ្ងៃទី១៤-១៦ ខែកក្កដា នៅទីក្រុងស៊ុរ៉ាបាយ៉ា ប្រទេសឥណ្ឌូនេស៊ី។

គោលបំណង គឺដើម្បីពិភាក្សា និងតាមដានវឌ្ឍនភាពនៃផែនការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាការរៀបចំខ្លួនសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេស អាស៊ាន-រុស្សី និងអាស៊ាន-អឺរ៉ុប នៅខែសីហានេះ។

លោក Duangarthit បានមានប្រសាសន៍ក្នុងអំឡុងកិច្ចប្រជុំអាស៊ាន-អង់គ្លេសថា ភាគីទាំងពីរបានពិនិត្យមើលវឌ្ឍនភាពនៃផែនការសហប្រតិបត្តិការរវាងឆ្នាំ២០២២-២៣ ដោយផ្តោតលើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈកិច្ចសហប្រតិបត្តិការចំនួន ១១ រួមទាំងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់អាស៊ាន-ចក្រភពអង់គ្លេស ការបើកទីផ្សារ នវានុវត្តន៍ឌីជីថល និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (MSMEs)។

លើសពីនេះទៀត ភាគីទាំងពីរបានពិភាក្សាអំពីគម្រោងនានាដែលមានគោលបំណងលើកកម្ពស់ភាពជាដៃគូសាធារណៈ និងឯកជន សេវាកម្មហិរញ្ញវត្ថុ និងកំណើនប្រកបដោយចីរភាព។ លទ្ធផលនៃការពិភាក្សាទាំងនេះ នឹងត្រូវបង្ហាញជូនរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-អង់គ្លេស ដើម្បីពិចារណាក្នុងខែសីហានេះ។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ទៀតថា ទាក់ទងនឹងកិច្ចប្រជុំអាស៊ាន-រុស្ស៊ី ភាគីទាំងពីរបានពិភាក្សាអំពីផែនការកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន និងរុស្ស៊ី និងផែនការសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ាស៊ី។

សកម្មភាពសំខាន់ៗរួមមានការរៀបចំរបាយការណ៍ស្តីពីការប្រែក្លាយ MSMEs ទៅជាសហគ្រាសឌីជីថល និងរៀបចំកិច្ចប្រជុំតុមូលស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងខែនេះ។ ការសន្ទនាអំពីគោលនយោបាយកម្រិតខ្ពស់ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ និងសិក្ខាសាលាស្តីពីការផ្លាស់ប្តូរឌីជីថលក៏ត្រូវបានប្រារព្ធធ្វើឡើងក្នុងឆ្នាំកន្លងទៅផងដែរ។

វឌ្ឍនភាពនៃផែនការកិច្ចសហប្រតិបត្តិការអាស៊ាន-រុស្ស៊ីនឹងត្រូវរាយការណ៍នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-រុស្ស៊ីនៅខែនេះ៕