ការផ្សព្វផ្សាយអាចចាត់ទុកជាវិធីសាស្ត្រដ៏សំខាន់មួយក្នុងការទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាឲ្យពិភពលោកស្គាល់ពីគោលដៅរបស់កម្ពុជា។ កត្តានេះហើយបានជំរុញឲ្យរាជរដ្ឋាភិបាលរបស់ប្រទេសជាច្រើនលើពិភពលោករួមទាំងកម្ពុជាត្រូវចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងជួយក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍របស់ខ្លួន។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានចាត់ទុកការផ្សព្វផ្សាយគោលដៅទេសចរណ៍ជាការងារអាទិភាពមួយ ដែលទាមទារឲ្យក្រសួងស្ថាប័នពាក់ព័ន្ធនានាត្រូវយកចិត្តទុក ដ្បិតវាជាផ្នែកមួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាធ្វើឲ្យពិភពលោកស្គាល់ពីវិស័យទេសចរណ៍របស់កម្ពុជា។ យ៉ាងណាមិញអ្នកជំនាញរូបនេះសង្កត់ធ្ងន់ថា ការងារផ្សព្វផ្សាយពីគោលដៅទេសចរណ៍នៅកម្ពុជាមិនមែនតួនាទីរបស់រាជរដ្ឋាភិបាល ឬក្រុមហ៊ុនប្រតិបត្តិកររកស៊ីក្នុងវិស័យទេសចរណ៍តែមួយនោះទេ តែជាតូនាទីរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា ដែលជាអ្នកស្គាល់ និងបានដើរលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នានានៅកម្ពុជា។ តែយ៉ាងណាការផ្សព្វផ្សាយនេះ ក៏វាទាមទារឲ្យអ្នកផ្សព្វផ្សាយទាំងនោះត្រូវមានចំណេះជំនាញ និងទេពកោសល្យផងដែរ។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជារូបនេះអះអាងថា ការផ្សព្វផ្សាយពីគោលដៅទេសចរណ៍របស់កម្ពុជានៅកម្រិតនៅឡើយ បើធៀបបើធៀបនឹងប្រទេសក្នុងតំបន់ដូចជាថៃ វៀតណាម និងសិង្ហបុរីជាដើម បើទោះបីក្រសួងទេសចរណ៍ និងសា្ថប័នពាក់ព័ន្ធមានការខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយកន្លងមកក៏ដោយ។ តែយ៉ាងណាលោកទទួលស្គាល់ថា ការផ្សព្វផ្សាយពីគោលដៅទេសចរណ៍វាមិនមែនជារឿងងាយស្រួលនោះទេ ពោលគឺវាទាមទារកញ្ចប់ចំណាយច្រើននិងគោលនយោបាយជាក់លាក់ និងមានប្រសិទ្ធភាព។ ពាក់ព័ន្ធបញ្ហានេះអ្នកជំនាញរូបនេះស្នើឲ្យរាជរដ្ឋាភិបាលថ្មី ដែលនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ គួរពិចារបង្កើនកញ្ចប់ចំណាយលើការផ្សព្វផ្សាយ និងរៀបចំគោលនយោបាយផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាព និងចំគោលដៅបន្ថែមទៀត។
អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា បើទោះបីចំនួនភ្ញៀវទេសចរបរទេសចូលកម្ពុជាមានកំណើនឡើងវិញក៏ពិតមែន តែចំនួនភ្ញៀវទេសចរចូលមកកម្ពុជាជាលក្ខណៈកញ្ចប់មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ការធ្លាក់ចុះចំនួនភ្ញៀវទេសចរបរទេសជាកញ្ចប់នេះ ត្រូវបានអ្នកជំនាញរូបនេះវាយតម្លៃថា គឺដោយសារកម្ពុជាខ្វះការតភ្ជាប់ជើងហោះហើរជាបណ្តាប្រទេសផ្សេងៗ គួបផ្សំការផ្សព្វផ្សាយពីគោលសៅទេសចរណ៍របស់កម្ពុជានៅមានកម្រិតបើធៀបនឹងប្រទេសជិតខាង និងតំបន់។ តម្លៃសេវាកម្ម និងផលិតផលទេសចរណ៍ថ្លៃក៏ជាកត្តារួមចំណែកមួយផងដែរ។
គួរបញ្ជាក់ថា នៅឆមាសទី១ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២លាន៥សែននាក់កើនឡើង៤០៩% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ ក្នុងនោះភ្ញៀវចូលតាមផ្លូវអាកាសមានចំនួន៩១ម៉ឺននាក់ កើនឡើង២៧៩% ផ្លូវគោកជាង១លាន៦សែននាក់ កើនឡើង៥២៦% និងផ្លូវទឹកប្រមាណ៣ម៉ឺននាក់កើនឡើង ៥៨៦%។ ភ្ញៀវទេសចរអន្តរជាតិទាំងនេះភាគច្រើនមកពីថៃ វៀតណាម ចិន ឡាវ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី បារាំង ចក្រភពអង់គ្លេស ម៉ាឡេស៊ី និងអូស្រ្ដាលីដើម។ កម្ពុជារំពឹងថា នៅឆ្នាំនេះនឹងអាចទទួលបានទេសចរអន្តរជាតិប្រមាណ៥លាននាក់ ដែលមានការកើនឡើង១២០% បើធៀបនឹងឆ្នាំ២០២២៕