ហេតុអ្វីបានជាប្រទេសឥណ្ឌាចង់បានដៃគូផលិតបន្ទះឈីបថ្មីថែមទៀតក្រៅពីប្រទេសជប៉ុន និងសហរដ្ឋអាមេរិកនោះ?រដ្ឋមន្ត្រីក្រសួងព័ត៌មានវិទ្យា និង អេឡិចត្រូនិក របស់ប្រទេសឥណ្ឌាបានប្រាប់សារព័ត៌មានជប៉ុននីកេ នៅក្នុងបទសម្ភាសមួយថា ប្រទេសឥណ្ឌាកំពុងតែព្យាយាមស្វែងរកកិច្ចព្រមព្រៀងទ្វេភាគីបន្ថែមទៀតដើម្បីអភិវឌ្ឍឧស្សាហកម្មផលិតបន្ទះឈីបរបស់ខ្លួនឲ្យកាន់ទូលំទូលាយ បន្ទាប់ពីមានភាពទាក់ទាញពីដៃគូជាមួយនឹងប្រទេសជប៉ុន និង សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
លោក អាសវីនី វ៉ៃស្នាវ (Ashwini Vaishnaw) រដ្ឋមន្ត្រីក្រសួងអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មានបាននិយាយនៅក្នុងទីក្រុងហ្គានធីណាហ្គា (Gandhinagar) បានអះអាងថា មានប្រទេសជាច្រើនដែលចាប់អារម្មណ៍ចង់ធ្វើជាដៃគូផលិតបន្ទះឈីប ជាមួយប្រទេសឥណ្ឌា ដូចសហរដ្ឋអាមេរិក និងជប៉ុន អ៊ីចឹងដែរ។
លោករដ្ឋមន្ត្រីព័ត៌មានវិទ្យារូបនេះមិនបានបញ្ជាក់ពីឈ្មោះប្រទេសជាដៃគូដ៏មានសក្តានុពលថែមទៀតនោះទេ ដោយគ្រាន់តែនិយាយថា ទីក្រុងញូវដែលីកំពុងស្វែងរកកិច្ចព្រមព្រៀងខ្សែ សង្វាក់ផ្គត់ផ្គង់បន្ថែមទៀតឱ្យដូចកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក និង ជប៉ុន។
តៃវ៉ាន់ដែលជាអ្នកផលិតបន្ទះឈីបឈានមុខគេមួយនៅក្នុងពិភពលោកនោះអាចជាដៃគូមួយទៀតរបស់ឥណ្ឌា ហើយប្រទេសអូស្ត្រាលីដែលជាសមាជិកក្រុមសន្តិសុខក្វាដ (Quad) រួមមានឥណ្ឌា សហរដ្ឋអាមេរិក និងជប៉ុន ក៏អាចជាដៃគូអភិវឌ្ឍន៍មួយទៀតរបស់ឥណ្ឌាផងដែរ។
សូមរំលឹកថា កាលពីខែមុនប្រទេសឥណ្ឌា និងជប៉ុនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបរវាងក្រុមហ៊ុននានាក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌារបស់លោក យ៉ាស៊ូតូស៊ី នីស៊ីមូរ៉ា (Yasutoshi Nishimura) ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន។
លោក វ៉ៃស្នាវ បាននិយាយថា ឥណ្ឌា និងជប៉ុនមានកម្លាំងបំពេញឱ្យគ្នាគ្រប់គ្រាន់គឺជប៉ុនមានក្រុមហ៊ុនជាច្រើនដែលជាតួអង្គសំខាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ីបន្ទះឈីបចំណែកឯឥណ្ឌាវិញមានវិស្វករឌីហ្សាញជិត៥ម៉ឺននាក់ដែលបានរចនាក្រុមហ៊ុនជាច្រើននៅលើពិភពលោក។
កាលពីខែមីនា ប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ភាពជាដៃគូដែលគ្របដណ្ដប់លើការស្រាវជ្រាវនិងអភិវឌ្ឍន៍បន្ទះឈីបព្រមទាំងវិស័យផ្សេងៗទៀត។
ខណៈដែលក្រុមហ៊ុនផលិតបន្ទះឈីបកំពុងវាយតម្លៃឡើងវិញពីខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ ចំពេលមានភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិននោះ ប្រទេសឥណ្ឌាបានឆ្លៀតឱកាសនេះកំពុងព្យាយាមទាក់ទាញការវិនិយោគពាក់ព័ន្ធនឹងបន្ទះឈីបភ្លាមៗតែម្ដង។ រដ្ឋាភិបាលក្រុងញូវដែលីបានបង្កើតការផ្ដួចផ្ដើមមួយគឺ Make in India ដោយបានបង្កើនកញ្ចប់ថវិកាលើកទឹកចិត្តដល់វិនិយោគិនរហូតដល់ជាង៩ពាន់លានដុល្លារក្នុងឆ្នាំ២០២១ដើម្បីគាំទ្រដល់ការផលិតបន្ទះឈីបនៅក្នុងស្រុក និងផ្នែកផ្សេងទៀត៕