Alynana Media Cambodia
Icon Collap
clinic narit

លោក ចូ បៃដិន គ្រោងនឹងដាក់ចេញបទបញ្ជាទប់ស្កាត់ការវិនិយោគនៅប្រទេសចិននៅដើមសប្ដាហ៍នេះ

Media LNN | Aug 07, 2023
លោក ចូ បៃដិន គ្រោងនឹងដាក់ចេញបទបញ្ជាទប់ស្កាត់ការវិនិយោគនៅប្រទេសចិននៅដើមសប្ដាហ៍នេះ
Clinic narith

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ត្រូវបានគេរំពឹងថា នៅសប្ដាហ៍នេះ នឹងដាក់ចេញបញ្ជាមួយដែលគេបានទន្ទឹងរង់ចាំជាយូរមកហើយ ដើម្បីត្រួតពិនិត្យលើការវិនិយោគទៅកាន់ប្រទេសចិន ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាសំខាន់។ នេះបើយោងតាមប្រភពដែលដឹងពីបញ្ហានេះនិងបានចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ។

មន្ត្រី​នាំ​ពាក្យ​សេតវិមាន​ម្នាក់​បាន​និយាយ​ថា លោក បៃដិន គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​បទ​​បញ្ជា​អនុវត្តមួយ ​ដើម្បី​ទប់ស្កាត់​ការ​នាំ​ចេញ​គ្រឿង​បច្ចេក​វិទ្យា​ទំនើប​​ទៅកាន់​​ប្រទេស​ចិន​នៅដើម​សប្ដាហ៍​នេះ ​ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រូប​នេះ​​​មិន​បាន​ផ្ដល់​ព័ត៌​មាន​លម្អិត​នោះ​ទេ​។​

គោលដៅនៃការដាក់ចេញ​​នូវ​បទបញ្ជា​នេះ គឺដើម្បី​ទប់ស្កាត់​​មូល​ធន​ និងអ្នកជំនាញ​របស់​សហរដ្ឋអាមេរិក​មិន​ឱ្យ​ជួយ​ពន្លឿនការអភិវឌ្ឍ​បច្ចេកវិទ្យា ដែលនឹងគាំទ្រដល់ទំនើបកម្ម​យោធា​របស់​ប្រទេសចិន និងគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។

ប្រភពខ្លះបាននិយាយថា បទបញ្ជានេះត្រូវបានគេរំពឹងថា នឹងកំណត់គោលដៅលើភាគហ៊ុន​ឯកជន​របស់សហរដ្ឋអាមេរិក ដើម​ទុនបណ្តាក់ទុនរួម និងការវិនិយោគរួមគ្នា​នៅក្នុងប្រទេសចិន​នៅ​ក្នុងវិស័យ​បន្ទះឈីប​ គ្រឿង​កុំព្យូទ័រ​ និង​បញ្ញាសិប្បនិម្មិត។ ការវិនិយោគភាគច្រើនដែលកំណត់​នៅ​ក្នុង​បទបញ្ជា​នេះ​នឹងតម្រូវឲ្យជូនដំណឹងទៅកាន់​រដ្ឋាភិបាល​ស្ដីពីការ​វិនិយោគ​ទាំង​នោះ ហើយ​មានប្រតិបត្តិការមួយចំនួន​នឹងត្រូវបានហាមឃាត់​ផងដែរ។

លោក ខូដែល ហាល់ (Cordell Hull) អតីតមន្ត្រីក្រសួងពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​បាននិយាយថា បទ​បញ្ជា​នេះ​នឹង​បំពេញចន្លោះប្រហោង​​នៅក្នុង​ការគ្រប់គ្រង​ពាណិជ្ជកម្ម​ និងការវិនិយោគ​របស់អាមេរិក។

បទប្បញ្ញត្តិខ្លះត្រូវបានគេរំពឹងថា នឹងមិន​ទាន់​ចូលជាធរមានភ្លាមៗនោះទេ​ ហើយរដ្ឋបាល​របស់​លោក​ បៃដិន ​នឹងស្នើសុំការអត្ថាធិប្បាយលើសំណើរបស់ខ្លួនមួយចំនួន ​ខណៈដែល​រដ្ឋបាល​នេះ​​បាន​ជួប​​ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​​ និង​បាន​ពិភាក្សា​ជាមួយ​សម្ព័ន្ធមិត្ត​ហើយ​ផងដែរ​។

ចំណែក​ប្រទេស​ចិន​ក៏​នឹង​ចាត់វិធាន​ការ​ឆ្លើយ​តប​ចំពោះ​វិធាន​ការរបស់​សហរដ្ឋ​អាមេរិក​បែប​នេះ​ផងដែរ ​ដោយ​លោក លឺ​ ផេង​យូ (Liu Pengyu) មន្ត្រី​នាំពាក្យស្ថានទូតចិនប្រចាំ​ទីក្រុងវ៉ាស៊ីន​តោន​បាននិយាយថា សហរដ្ឋអាមេរិកតែងតែធ្វើនយោបាយលើបញ្ហាបច្ចេកវិទ្យា និងពាណិជ្ជកម្ម ហើយប្រើប្រាស់​វាធ្វើ​ជាឧបករណ៍ និងអាវុធក្នុងនាមសន្តិសុខជាតិ។

លោក លឺ បាននិយាយថា ប្រទេសចិនក៏នឹងអនុវត្តតាមព្រឹត្តិការណ៍វិវត្តចុង​ក្រោយ​របស់​អាមេរិក​ និងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍របស់ប្រទេសចិន​ផងដែរ​៕