Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនមួយគ្រោងទិញម្រេចពីកសិករ ១ពាន់តោនក្នុង១ឆ្នាំ ដើម្បីកែច្នៃ និងនាំចេញនៅឆ្នាំ២០២៥

Media LNN | Aug 08, 2023
ក្រុមហ៊ុនមួយគ្រោងទិញម្រេចពីកសិករ ១ពាន់តោនក្នុង១ឆ្នាំ ដើម្បីកែច្នៃ និងនាំចេញនៅឆ្នាំ២០២៥
Clinic narith

ក្រុមហ៊ុន Sela Pepper ជាក្រុមហ៊ុនក្នុងស្រុកមួយដែលផលិត និងកែច្នៃម្រេចសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិមានមហិច្ឆតាពង្រីកការបញ្ជាទិញកសិផលម្រេចពីប្រជាកសិកររហូតដល់១ពាន់តោនក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ២០២៥ ដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ចំនួននេះមានការកើងឡើង១០ដងបើធៀបនឹងការបញ្ជាទិញនាពេលកន្លងមក។

កញ្ញា ស៊ឹង សុផា នាយិកាក្រុមហ៊ុន Sela Pepper ដែលជាក្រុមហ៊ុនក្នុងស្រុកមួយកំពុងមាន​ឈ្មោះបោះសំឡេង​ក្នុងការនាំចេញម្រេច និងផលិតផលកសិកម្មផ្សេងទៀតផងនេះរំពឹងថា ក្រុមហ៊ុនខ្លួននឹងអាចពង្រីកការបញ្ជាទិញម្រេចពីកសិករឲ្យដល់១ពាន់តោនក្នុង១ឆ្នាំនៅត្រឹមឆ្នាំ២០២៥ សម្រាប់កែច្នៃផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ។ ការបង្ហាញក្តីរំពឹងបែបនេះ​ធ្វើឡើងក្រោយអ្នកជំនាញរូបនេះមើលឃើញពីសន្ទុះនៃការចាប់អារម្មណ៍ និងការគាំទ្រម្រេចរបស់ក្រុមហ៊ុន Sela Pepper ទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុកមានការកើនឡើងជា​លំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ម្យ៉ាងទៀត កញ្ញា សង្កេតឃើញថា ក្រៅពីម្រេចកំពតដែលជា​ផលិតផលម៉ាកសម្គាល់​ភូមិសាស្រ្តទំនិញនម្រេចកម្ពុជានៅតំបន់ផ្សេងៗដែលមានគុណភាពល្អ​ដូចគ្នាមិនទាន់មានការកែច្នៃឱ្យមានស្តង់ដារ និងគុណភាពសម្រាប់នាំចេញ​ទៅកាន់ទីផ្សារអន្តជាតិនោះទេ ដែលធ្វើឲ្យទីផ្សារម្រេចរបស់កម្ពុជានៅមានវិសាលភាពធំធេងបន្ថែមទៀត។

បើតាមការលើកឡើងរបស់នាយិកាក្រុមហ៊ុន Sela Pepper រូបនេះ បច្ចុប្បន្នក្រុមហ៊ុនរបស់ខ្លួនបាន​ប្រមូលទិញ​ម្រេចពីកសិករដើម្បីកែច្នៃសម្រាប់នាំចេញក្នុងបរិមាណប្រមាណ១០០តោនក្នុងមួយឆ្នាំៗ។ ប៉ុន្តែកញ្ញា ស៊ឹង សុផា យល់ឃើញថា ចំនួននេះហាក់នៅមានកម្រិតតិចតួចនៅឡើយទេ។

សម្រាប់កញ្ញាការប្រមូលទិញ និងកែច្នៃម្រេចរបស់ក្រុមហ៊ុនខ្លួន មិនត្រឹមតែជួយជំរុញការនាំចេញ​ម្រេចកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងជួយរក្សាស្ថិរភាព និងនិរន្តរភាពក្នុងការដាំដុះម្រេចរបស់កសិករផងដែរ តាមរយៈការចុះកិច្ចសន្យាទិញ-លក់ជាមួយប្រជាកសិករជាមួយការផ្តល់តម្លៃមួយសមរម្យដល់ពួកគេ។

សូមជម្រាបថា បច្ចុប្បន្នផលិតផលម្រេចរបស់ក្រុមហ៊ុន Sela Pepper មានដាក់លក់នៅលើទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិដូចជាប្រទេសជប៉ុន កូរ៉េ ប៉ូឡូញ និងថៃជាដើម និងមាននាំចេញនូវផលិតផលពាក់កណ្តាលសម្រេចទៅកាន់ប្រទេសអាល្លឺម៉ង់ តៃវ៉ាន់ និងអាមេរិក មិនតែប៉ុណ្ណោះផលិតផលម្រេចក្រុមហ៊ុន Sela Pepper ក៏មានធ្វើការដាក់លក់នៅទីផ្សារប្រទេសចិននៅលើវេបសាយ Alibaba ផងដែរ។បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ នៅឆមាសទី១ឆ្នាំនេះ ការនាំចេញម្រេចទូទៅកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានចំនួនជាង៤ពាន់៣រយតោន មានការធ្លាក់ចុះប្រមាណជាង ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕