(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា នៅក្នុងរយៈពេល ៧ ខែពោល គឺចាប់ពីខែមករាដល់ខែកក្កដាឆ្នាំ ២០២៣ កម្ពុជាបាននាំចេញអង្ករទៅក្រៅប្រទេសក្នុងបរិមាណ ៣៦២-៧៩៨ តោន ទៅកាន់ប្រទេសគោលដៅចំនួន ៥២ នៅលើពិភពលោកដោយបរិមាណនេះស្មើនឹង ៥២ ភាគរយនៃផែនការ ៧០ ម៉ឺនតោន។
របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ទៀតថា ក្នុងបរិមាណអង្ករចំនួន ៣៦២ ៧៩៨ តោននេះ គិតជាតម្លៃទឹកប្រាក់សរុប ២៥៣,៨៦ លានដុល្លារ។ នៅក្នុងនោះការនាំចេញទៅប្រទេសចិននិងតំបន់រដ្ឋបាលស្វយ័ត មានបរិមាណ ១៤១ ៩៥០ តោនគិតជាទឹកប្រាក់ ៩០,២៧ លានដុល្លារ។ ២៥ ប្រទេសនៅក្នុងទ្វីបអឺរ៉ុប មានចំនួន ១៤១ ៣៩៤ តោន គិតជាទឹកប្រាក់ ១០០,៣១ លានដុល្លារ។ ៤ ប្រទេសក្នុងតំបន់អាស៊ាន ៣០ ១៧១ តោន គិតជាទឹកប្រាក់ ២០,៥៤ លានដុល្លារ និងនាំចេញទៅ ២២ ប្រទេសផ្សេងទៀតក្នុងតំបន់អ្រាហ្វិកមជ្ឈិមបូព៌ាចំនួន ៤៩ ១៩៣ តោនគិតជាទឹកប្រាក់ ៤២,៧៤ លានដុល្លារ។
ដោយឡែកការនាំចេញស្រូវទៅកាន់ប្រទេសជិតខាងវិញសម្រេចបាន ២ ៤៩៨ ៥៨៦ តោន ស្មើនឹងទឹកប្រាក់ ៦៦៣,៥១ លានដុល្លារ ដោយក្នុងនោះការនាំចេញប្រមាណ ៦០ ភាគរយ បានឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារ នាំចេញពីអាជ្ញាធរមានសមត្ថកិច្ច។
ចំពោះស្ថានភាពនៃការនាំចេញអង្ករក្នុងរយៈពេល ៧ ខែនេះដែរ លោកយ៉ងសាំងកុមាររដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ៦ ខែសីហាថា កម្ពុជាជាប្រទេសមានអំណោយផលល្អ ដល់សន្តិសុខស្បៀង ទោះបីជាប្រទេសមួយចំនួនមានបញ្ហាសន្តិសុខស្បៀងក្រោយពីឥណ្ឌាផ្អាកការនាំអង្ករសចេញក៏ដោយ។
លោកបានបន្ថែមថា ក្រសួងកសិកម្មនិងសហព័ន្ធស្រូវអង្ករ បាននិងកំពុងខិតខំសហការគ្នាក្នុងការធ្វើការងារច្រើន ជាមួយកសិករនិងរោងម៉ាស៊ីនកិនស្រូវ ដើម្បីជំរុញការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោកតាមផែនការកំណត់ ដែលនឹងអនុញ្ញាតឱ្យអង្ករកម្ពុជារួមចំណែកបានកាន់តែច្រើនក្នុងវិស័យសន្តិសុខស្បៀងពិភពលោក។
លោកយ៉ង សាំងកុមារបានបញ្ជាក់ថា៖ «កត្តាសំខាន់ៗដែលអំណោយផលដល់សន្តិសុខស្បៀងនៅកម្ពុជាមានដូចជាទី១ កម្ពុជា ជាប្រទេសផលិតស្រូវដែលមានស្រូវលើស ៦ លានតោន ក្នុង ១ ឆ្នាំដែលចូលរួមចំណែកដល់សន្តិសុខស្បៀងពិភពលោកថែមទៀត។ ទី២ ការប្រមូលផលស្រូវនៅកម្ពុជាមាន ៣ រដូវក្នុង ១ ឆ្នាំនិងទី ៣ ប្រជាជនភាគច្រើនជាកសិករផលិតស្រូវ ហើយអ្នកផលិតស្រូវភាគច្រើនមានស្តុកស្រូវសម្រាប់បរិភោគ»។
លោកបានបន្ថែមថា តាមការសិក្សាមួយនៅស្រុកជើងព្រៃខេត្តកំពង់ចាមមានកសិករ ៦៥ ភាគរយ មានស្តុកស្រូវសម្រាប់បរិភោគពេញ ១ ឆ្នាំ, ២០ ភាគរយស្តុកទុកខ្លះ និង ១៥ ភាគរយ ទិញអង្ករបរិភោគ។ តែស្ថានភាពនេះអាចប្រែប្រួលតាមស្រុកនិងខេត្ត។
លោកបញ្ជាក់ថា៖ «យើងកំពុងធ្វើការសិក្សាបន្ថែមឱ្យបានច្រើនស្រុកនិងខេត្តទៀត ដើម្បីវាយតម្លៃលើស្ថានភាពសន្តិសុខស្បៀងតាមសហគមន៍ ដែលជាចំណែកមួយនៃការធានាសន្តិសុខស្បៀងជូនសង្គមជាតិទាំងមូល»។
ចំណែកលោកចាន់ សុឃាំងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងដែរថា កិច្ចសម្របសម្រួលយ៉ាងសស្រោកសស្រាំរបស់រាជដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងកសិកម្មនិងក្រសួងពាណិជ្ជកម្មបានផ្តល់កម្លាំងចិត្តនិងការប្តេជ្ញាចិត្តយ៉ាងមុតមាំដល់សហព័ន្ធ ក្នុងការរៀបចំយុទ្ធសាស្ត្រនានាជំរុញការនាំចេញអង្ករឱ្យសម្រេចបានតាមផែនការកំណត់ ជាពិសេសសម្រេចការនាំចេញអង្ករឱ្យបាន ១ លានតោននាអនាគតដ៏ខ្លីខាងមុខ។
លោក ចាន់ សុឃាំង បញ្ជាក់យ៉ាងដូច្នេះថា៖ «យើងឃើញថា ជាយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលដែរ ដែលលោកបានផ្សព្វផ្សាយអង្កររបស់កម្ពុជាយើង ទៅកាន់បណ្តាប្រទេសជុំវិញពិភពលោកទាំងអស់នៅពេលដែលមានអង្គប្រជុំធំៗ ព្រឹត្តិការណ៍ធំៗ គឺប្រមុខរាជរដ្ឋាភិបាល តែងតែលើកបញ្ហាស្រូវ និងអង្ករនេះ ឱ្យដៃគូសន្ទនាដៃគូចរចាបានដឹងអំពីសក្តានុពលស្រូវ អង្ករកម្ពុជាហើយពិចារណារកមើលចំណុចដែលអាចជួយគ្នាបាន។ ការណ៍នេះធ្វើឱ្យតម្រូវការស្រូវក៏ដូចជាតម្រូវការអង្ករនេះមានការកើនឡើងជាបន្តបន្ទាប់»។
លោកបានបន្ថែមថា តាមរយៈការជួយសម្របសម្រួលរបស់រាជរដ្ឋាភិបាល និងភាពរីកចម្រើននៃវិស័យឯកជនក្នុងការពង្រីកបន្ថែមនូវសមត្ថភាពសម្ងួតរបស់ក្រុមហ៊ុនក្នុងស្រុកបានធ្វើឱ្យតម្លៃស្រូវមួយចំនួនដូចជា IR និង OM នារយៈពេល ៣ ឆ្នាំចុងក្រោយនេះ មានតម្លៃល្អនៅគ្រាដែលតម្រូវការអង្ករសរបស់ទីផ្សារក៏មានកំណើនផងដែរ៕