ភ្នំពេញៈ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាលបានប្រកាសឱ្យដឹងថា ស្ថានភាពទឹកក្នុងស្ទឹងព្រែកត្នោតបានឡើងដល់កម្រិតដែលគួរឱ្យប្រុងប្រយ័ត្ន ហេតុដូច្នេះប្រជាពលរដ្ឋដែលរស់នៅតាមតំបន់បណ្ដោយសណ្តស្ទឹងព្រែកត្នោត និងព្រែកមួយចំនួនក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវមានការប្រុងប្រយ័ត្ន។
យោងសេចក្ដីប្រកាសរបស់មន្ទីរធនធានទឹកខេត្តកណ្តាល ចុះថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៣ ខណៈដែលក្រសួងធនធានទឹកបានប្រកាសថា ចាប់ពីថ្ងៃទី ៩ ដល់ទី ១៥ ខែសីហានេះ អាចមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានប្រាប់ឱ្យដឹងនៅថ្ងៃទី ៨ ខែសីហាថា អាជ្ញាធរខេត្តបានត្រៀមរៀបចំឆ្លើយតបទៅនឹងបញ្ហាការហក់ឡើងនៃកម្ពស់ទឹកនេះរួចរាល់ហើយ ដូចជាការត្រៀមកន្លែងដែលមានសុវត្ថិភាពសម្រាប់ជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់កុំឱ្យមានគ្រោះថ្នាក់។
លោកបន្តថា ក្រៅពីនេះទៀត លោកក៏បានណែនាំឱ្យអាជ្ញាធរស្រុកនៅមូលដ្ឋានដែលពាក់ព័ន្ធ នឹងសណ្ដស្ទឹងព្រែកត្នោត ត្រូវបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ចុះទៅផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន។
លោក នូវប៉េង ច័ន្ទតារា បញ្ជាក់ថា៖ «ជាធម្មតាក្នុងនាមយើងជាអាជ្ញាធរ គឺយើងតែងតែយកចិត្តទុកដាក់ពីគ្រោះធម្មជាតិនេះ ដើម្បីការពារបង្ការ កុំឱ្យប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ និងផ្ទះសំបែងជាដើម»។
លោកបន្ថែមទៀតថា បញ្ហាទឹកហក់ឡើងនៅតាមសណ្ដស្ទឹង និងព្រែកនេះ វាក៏មិនមានជាបញ្ហាអ្វីគួរឱ្យបារម្ភខ្លាំងនោះទេ ដោយសារខាងខេត្តកំពង់ស្ពឺបានបើកទឹកមក ហើយនៅពេលបិទវិញ នោះស្ថានភាពកម្ពស់ទឹកតាមសណ្ដស្ទឹង និងព្រែក គឺអាចនឹងស្រកចុះទៅវិញដែរ។
ប៉ុន្តែតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលចុះថ្ងៃទី ៨ ខែសីហាបានឱ្យដឹងថា ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣ នេះ អាចមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
សេចក្ដីប្រកាសដដែលបានឱ្យដឹងទៀតថា កម្ពុជាទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប។ បន្ទាប់មកចាប់ពីថ្ងៃទី ១២ ខែសីហា ទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ឡាវ និងប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតីមធ្យម។
សេចក្តីប្រកាសបានបន្តថា៖ «លក្ខណៈបែបនេះ នឹងធ្វើឱ្យតំបន់ទំនាបកណ្តាលអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កម្រិតខ្សោយ។ ចំពោះតំបន់ខ្ពង់រាបវិញ ក៏អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កម្រិតខ្សោយដូចគ្នា»។
ក្រសួងធនធានទឹកបន្ថែមថា ចំណែកតំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កម្រិតមធ្យម។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ក្នុងរយៈពេល ៧ ខែ គឺចាប់ពីខែមករា ដល់កក្កដា ឆ្នាំ ២០២៣ មានករណីខ្យល់កន្ត្រាក់ រន្ទះបាញ់ និងគ្រោះអគ្គិភ័យ ដែលបានបង្កឱ្យមានអ្នកស្លាប់ចំនួន ៩០ នាក់ និងរបួសចំនួន ២១៧ នាក់៕