អាមេរិក៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងយោធាអាមេរិកជាង ៣ ០០០ នាក់ បានធ្វើដំណើរទៅដល់សមុទ្រក្រហមតាមរយៈនាវាចម្បាំងពីរគ្រឿង ដើម្បីជាការឆ្លើយតបទៅនឹងការរឹបអូសនាវាដឹកប្រេងនានាពីសំណាក់អ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ការដាក់ពង្រាយទ័ពបែបនេះបន្ថែមលើការបង្កើនកម្លាំងយោធារបស់អាមេរិកនៅក្នុងផ្លូវទឹកឈូងសមុទ្រដ៏តានតឹង ដែលសំខាន់យ៉ាងខ្លាំងសម្រាប់ពាណិជ្ជកម្មប្រេងពិភពលោក។ ការណ៍នេះ ធ្វើឱ្យអ៊ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទដដែល ពីបទបង្កអស្ថិរភាពក្នុងតំបន់។
យោធាអាមេរិកបាននិយាយថា អ៊ីរ៉ង់បានរឹបអូស ឬប៉ុនប៉ងគ្រប់គ្រងនាវាជិត ២០ គ្រឿង ដែលមានទង់ជាតិបរទេសក្នុងតំបន់ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ កងនាវាទី ៥ របស់កងទ័ពជើងទឹកអាមេរិក បានឱ្យដឹងថា នាវិក និងកងម៉ារីនអាមេរិក បានចូលទៅដល់សមុទ្រក្រហមកាលពីថ្ងៃអាទិត្យ បន្ទាប់ពីឆ្លងកាត់ព្រែកជីកហ្ស៊ុយអេហ្ស តាមរយៈនាវាចម្បាំង USS Bataan និង USS Carter Hall ដោយផ្តល់នូវ «ភាពបត់បែន និងកងកម្លាំងដែនសមុទ្រកាន់តែច្រើនដល់កងនាវាទី ៥។
អ្នកនាំពាក្យកងនាវាទី ៥ លោក Tim Hawkins បានប្រាប់ AFP ថា ការដាក់ពង្រាយទ័ពរបស់អាមេរិក គឺជាកិច្ចខិតខំប្រឹងប្រែងបន្ថែម ដើម្បីទប់ស្កាត់សកម្មភាពអស្ថិរភាព និងកាត់បន្ថយភាពតានតឹងក្នុងតំបន់ ដែលបណ្តាលមកពីការយាយី និងការរឹបអូសនាវាជំនួញបរទេស របស់អ៊ីរ៉ង់។
គួរគូសបញ្ជាក់ថា នាវា USS Bataan មានសមត្ថភាពផ្ទុកយន្តហោះចម្បាំងផ្សេងៗ ខណៈនាវា USS Carter Hall ដឹកជញ្ជូនទាហានម៉ារីន សម្ភារៈទ័ព និងអាចចូលចតនៅច្រាំងបាន។
ឆ្លើយនឹងការវិវត្តន៍ចុងក្រោយរបស់អាមេរិកនេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanani បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ ថា ការដាក់ពង្រាយរបស់សហរដ្ឋអាមេរិក គឺបម្រើផលប្រយោជន៍ឱ្យតែទីក្រុងវ៉ាស៊ីនតោនតែប៉ុណ្ណោះ។
លោកបន្តថា៖ «វត្តមានយោធារបស់រដ្ឋាភិបាលអាមេរិកនៅក្នុងតំបន់នេះ មិនដែលបង្កើតសន្តិសុខទេ។ ផលប្រយោជន៍ក្នុងតំបន់ តែងតែបង្ខំឱ្យពួកគេបង្កអស្ថិរភាព និងអសន្តិសុខ»។ លោកបន្ថែមទៀតថា៖ «យើងជឿជាក់យ៉ាងខ្លាំងថា ប្រទេសនៅឈូងសមុទ្រពែរ្ស មានសមត្ថភាពធានាសន្តិសុខរបស់ខ្លួន»។
ចំណែកឯអ្នកនាំពាក្យកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Ramazan Sharif វិញ បានលើកឡើងថា អ៊ីរ៉ង់បានឈានដល់កម្រិតនៃកម្លាំង និងអំណាច ដែលអាចឆ្លើយតបទៅនឹង «ទង្វើដ៏អាក្រក់ណាមួយ» របស់អាមេរិក ដោយសឱ្យឃើញតាមរយៈការរឹបអូសនាវាដឹកប្រេងជាដើម។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA ៕