ភ្នំពេញ៖ ពោតប្រហែល១០៨ហិកតា នៅស្រុកចំនួន៣ក្នុងខេត្តត្បូងឃ្មុំ រងការខូចខាតដោយសារជំនន់ទន្លេមេគង្គ ដែលហក់ឡើងខ្ពស់ ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ៥ថ្ងៃចុងក្រោយនេះ ទឹកទន្លេមេគង្គបានហក់ឡើងខ្ពស់ និងបានហូរចូលតំបន់ទំនាបមួយចំនួន ក្នុងភូមិសាស្រ្ត ស្រុកក្រូចឆ្មា ត្បូងឃ្មុំ និងអូររាំងឪ។ ការណ៍នេះ បានធ្វើឱ្យប៉ះពាល់ដល់ដំណាំពោតរបស់កសិករ ប្រមាណ ៣៣៧ហិកតា ក្នុងនោះប្រហែល ១០៨ហិកតារងការខូចខាត។
តាមប៉ាន់ប្រមាណរបស់ លោក ពិសិទ្ធ កម្ពស់ទឹកទន្លេមេគង្គបានឡើងដល់៤ម៉ែត្រ និងបានហូរចូលចម្ការអ្នកស្រុកប្រហែល២ម៉ែត្រ ដែលធ្វើឱ្យពោតដួលរលំ ហើយខ្លះជាំទឹក និងស្ពោតគ្រាប់ ជាដើម។
មកទល់ពេលនេះ ទឹកបានស្រកបន្តិចហើយ ប៉ុន្តែ ពោត១០៨ហិកតា នឹងត្រូវរលួយក្នុងពេល២ទៅ៣ថ្ងៃទៀត ខណៈអាជ្ញាធរ ក៏មិនអាចជួយសង្រ្គោះបានដែរ ដោយសារពោតទាំងនេះនៅខ្ចី មិនអាចប្រមូលផលបាន។ នេះជាការបញ្ជាក់របស់លោក ហេង ពិសិទ្ធ ។
លោកបន្ថែមដូច្នេះថា៖«ពោតនេះ២ទៅ៣ថ្ងៃទៀត វានឹងរលួយងាប់ហើយ។ យើងមិនអាចសង្រ្គោះពោតនោះបានទេ ដោយសារពោតនៅខ្ចីៗពេក យើងកាច់លក់អត់ទាន់បានទេ ដូច្នេះ ១០៨ហិកតា ដឹងតែខូចហើយ។ សេសសល់ពីនោះ កសិករអាចកាច់ យកទៅលក់បាន»។
យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិម កាលពីថ្ងៃទី ៣១ ខែកក្កដា តំបន់ទំនាបមួយចំនួនអមទន្លេមេគង្គ អាចរងការជន់លិច ដោយសារការហក់ឡើងនៃកម្រិតទឹកភ្លៀងក្នុងអាងទន្លេមេគង្គ។ ការហក់ឡើងកម្រិតទឹកភ្លៀងនៅពេលនេះ បណ្ដាលមកពីឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ) ដែលធ្វើឲ្យតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គ ក្នុងភូមិសាស្រ្តប្រទេសថៃ ឡាវ និងកម្ពុជា មានភ្លៀងធ្លាក់ច្រើន៕